រឿង៣យ៉ាងក្នុងជីវិត អ្នកមិនគួរចំណាយពេលឥតប្រយោជន៍ដើម្បីផ្លាស់ប្ដូរឡើយ
តើអ្នកធ្លាប់លួចឆ្ងល់ដែរឬទេថា ហេតុអ្វីបុគ្គលមួយចំនួនទោះជាមានរូបភាពជីវិតខាងក្រៅមិនគួរឲ្យចាប់អារម្មណ៍ ឬមិនសមថានឹងមានសេចក្ដីសុខនៅក្នុងជីវិត តែផ្ទុយទៅវិញ ពួកគេមិនត្រឹមតែមិនមានទុក្ខកង្វល់ វិប្បដិសារី និងការខ្វាយខ្វល់ដែលជាដើមហេតុបង្កជាការរំខានដល់ការក្រេបជញ្ជក់នូវរសជាតិពីរបស់តិចតួចដែលមានតម្លៃក្នុងជីវិតប៉ុណ្ណោះទេ តែពួកគេថែមទាំងជាមនុស្សដែលសម្រេចបាននូវភាពជោគជ័យសម្រាប់ខ្លួនឯង និងអ្នកជាទីស្រឡាញ់ និងសង្គមរបស់ពួកគេផងដែរ ? មកដល់ដំណាក់កាលនេះនៃជីវិត អ្នកត្រូវយល់ឲ្យបានច្បាស់ថា អ្វីដែលមានសារសំខាន់សម្រាប់អ្នកពិតប្រាកដ សម្រាប់ជីវិតមួយដែលគ្មានភាពអមត និងជីវិតមួយដែលមិនអាចទស្សន៍ទាយទុកជាមុនថានឹងត្រូវប្រឈមនឹងសេចក្ដីស្លាប់នៅពេលណា។ ដូច្នេះ រឿងរ៉ាវ៣យ៉ាងខាងក្រោមនេះ អ្នកមិនគួរព្យាយាមចំណាយពេលអត់ប្រយោជន៍ដើម្បីផ្លាស់ប្តូរ៖
១) មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តអ្នកនោះឡើយ៖ ដោយសារការចង់បានការទទួលស្គាល់ពីអ្នកនៅជុំវិញខ្លួននោះហើយ ទើបនាំឲ្យមនុស្សមួយចំនួនសម្រេចចិត្តលើរឿងជាច្រើននៅក្នុងជីវិតដោយតោងមកជាមួយនឹងកំហុសឆ្គង និងអារម្មណ៍នៃភាពគ្មានសេចក្ដីសុខ។ ការសម្រេចចិត្តខុសនោះ គឺនៅពេលអ្នកព្យាយាមពាក់មុខក្លែងក្លាយផ្សេងៗពីគ្នាទៅតាមស្ថានភាពរបស់អ្នក ដោយលាក់កំបាំងពីមុខមាត់ពិត ដែលជាធាតុពិត ខ្លឹមសារពិតនៃអត្ថន័យក្នុងជីវិតអ្នក។ យ៉ាងណាមិញ ដរាបណាអ្នកកាន់តែព្យាយាមពាក់មុខក្លែងក្លាយដើម្បីទទួលបានការទទួលស្គាល់ពីអ្នកដទៃប៉ុណ្ណា អ្នកនឹងកាន់តែលេចបាត់ចេញពីការចងចាំរបស់អ្នកដទៃប៉ុននោះ។ នៅពេលអ្នកចាប់ផ្ដើមងាកមកបង្ហាញពីមុខមាត់ពិតរបស់ខ្លួនប្រកបដោយភាពក្លាហាន និងជំនឿជឿជាក់ចំពោះទស្សនរបស់ខ្លួន អ្នកនឹងស្រូបយកមនុស្សត្រឹមត្រូវសាកសមនឹងអ្នកចូលមកក្នុងជីវិតជាមិនខាន។
២) វិប្បដិសារីនឹងមិនផ្លាស់ប្ដូរអ្វីឡើយ៖ បើអ្នកនៅតែមានចិត្តអោបក្រសោបចំពោះការចងចាំមិនល្អពីអតីតកាល នោះវាចង្អុលបង្ហាញយ៉ាងច្បាស់ក្រឡែតថាអ្នកកំពុងតែរស់នៅក្នុងអតីតកាលរបស់អ្នកហើយ។ ការអោបក្រសោបទទួលយករឿងអតីតកាលមកគិតនៅក្នុងជីវិត មិនបានផ្លាស់ប្ដូរអ្វីជាវិជ្ជមានដល់អ្នក ក្រៅតែពីបញ្ចៀសអ្នកពីការផ្ដោតការយកចិត្តទុកដាក់រស់នៅបច្ចុប្បន្នកាលរបស់អ្នកឲ្យពេញទំហឹង អស់ពីសមត្ថភាព អស់ពីចិត្តពីថ្លើមនោះឡើយ ហើយថែមទាំងរាំងស្ទះដល់ការរីកចម្រើនទៅមុខសម្រាប់ខ្លួនឯងទៀតផង។ អ្នកគ្មានអំណាចអ្វីមកផ្លាស់ប្ដូរអតីតកាលដែលកន្លងផុតហើយនោះបានទេ តែអ្វីដែលអ្នកមានអំណាចផ្លាស់ប្ដូរបាន និងជាការផ្លាស់ប្ដូរយ៉ាងវិជ្ជមានទៀតនោះ គឺជាការទទួលស្គាល់ពីកំហុស រៀនសូត្រពីវា និងកែប្រែបច្ចុប្បន្នភាពរបស់អ្នក ដើម្បីអនាគតដ៏រុងរឿងនាពេលខាងមុខ។
៣) ប្រកួតប្រជែងជាមួយខ្លួនឯង៖ មនុស្សជាច្រើនធ្លាក់ទៅក្នុងផ្នត់គំនិតប្រៀបធៀបដំណើរជីវិតខ្លួនទៅនឹងអ្នកនៅជុំវិញខ្លួនពួកគេ រួចការរិះគន់មកលើខ្លួនឯងក៏លេចឡើងមក បន្តជាកំណើតដល់អារម្មណ៍តូចចិត្ត និងភាពស្រពោនក្រៀមក្រំ ដែលមូលហេតុគឺមកពីខ្លួនឯងទាំងអស់។ មនុស្សម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសជារបស់ខ្លួនពួកគេរៀងៗខ្លួន រួមទាំងអ្នកផងដែរ។ មនុស្សពីរនាក់មានដំណើរជីវិតប្រព្រឹត្តទៅខុសគ្នា រីឯមនុស្សដែលអ្នកប្រៀបធៀបជាមួយទាំងប៉ុន្មាន រហូតដល់មនុស្សពេញមួយពិភពលោកក៏មិនដូចគ្នាដែរ។ អ្នកត្រូវយកពេលមកសិក្សាពីខ្លួនឯងឲ្យបានច្បាស់ ថាខ្លួនអ្នកជានរណាឲ្យពិតប្រាកដ កុំភ័យខ្លាចក្នុងការសាកល្បងអ្វីថ្មីដែលមានប្រយោជន៍សម្រាប់ការរីកចម្រើនរបស់ខ្លួន រួចត្រូវមានទម្លាប់ធ្វើការកែតម្រូវខ្លួនឯងជាប្រចាំ ឬជាការធ្វើស្វ័យរិះគន់ និងកែលម្អឡើងវិញ។ មានតែការប្រកួតប្រជែងជាមួយខ្លួនឯង និងខ្លួនអ្នកពីម្សិលមិញតែប៉ុណ្ណោះ ទើបធ្វើឲ្យអ្នកមានដំណើរជីវិតកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួចក៏ឈានដល់ការយកឈ្នះលើអ្នកដទៃបាន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack