បើអ្នកមានចំណុចទាំង៣នេះ មានន័យថាអ្នកអាចជាមនុស្សមានប្រាជ្ញាខ្ពស់ម្នាក់
បុគ្គលមានប្រាជ្ញាមិនសំដៅទៅលើបុគ្គលទាំងឡាយណា ដែលមិនធ្លាប់ជួបប្រទះនឹងបញ្ហាតូចតាច និងបញ្ហាធំដុំនៅក្នុងជីវិតពួកគេសោះនោះឡើយ។ ពួកគេក៏ដូចជាមនុស្សសាមញ្ញដទៃៗទៀតដូច្នោះដែរ ការជួបប្រទះនឹងបញ្ហាផ្ទាល់ខ្លួននៅក្នុងជីវិតពួកគេតែងលេចឡើងមកដោយមិនអាចប្រកែកបាន។ យ៉ាងណាមិញ បញ្ហារបស់បុគ្គលមានប្រាជ្ញា មានលក្ខណៈខុសគ្នាពីបញ្ហារបស់មនុស្សទូទៅតែងជួបប្រទះ។
ម្យ៉ាងទៀត ដោយសារអ្នកដទៃមើលមិនឃើញពីតម្លៃនៃប្រាជ្ញាដែលបង្កប់នៅជម្រៅខាងក្នុងរបស់ពួកគេ ការឆ្លើយតបរបស់មនុស្សផ្សេងទៀតមកលើបញ្ហារបស់ពួកគេដែលមានលក្ខណៈខុសប្លែកពីមនុស្សទូទៅនោះ តែងធ្វើឲ្យពួកគេយល់ច្រឡំថាខ្លួនមិនមានតម្លៃ ជាមនុស្សចម្លែក និងមិនមានភាពប្រក្រតីដូចអ្នកដទៃ។ ដូច្នេះ ការស្គាល់ពីតម្លៃខ្លួនឯងឲ្យបានច្បាស់ គឺជាចំណុចដ៏សំខាន់នៅក្នុងជីវិត ហើយអ្នកអាចធ្វើការសង្កេតលើខ្លួនឯងជាមួយនឹងបញ្ហាទាំង៣ខាងក្រោមនេះ ដើម្បីបញ្ជាក់ថាបញ្ហាដែលអ្នកតែងមានកន្លងមកជាបញ្ហារបស់មនុស្សមានប្រាជ្ញានោះទេ៖
១) អ្នកឆាប់មានអារម្មណ៍ធុញទ្រាន់ជាមួយការនិយាយគ្នាលេងធម្មតា៖ ថ្វីដ្បិតតែគោលបំណងនៃការនិយាយគ្នាលេងធម្មតា ត្រូវបានបង្កើតឡើងមកដើម្បីរឹតបន្តឹងចំណងទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលក៏ពិតមែន តែផ្ទុយទៅវិញ សម្រាប់អ្នកមានប្រាជ្ញា វាតែងជាបញ្ហាជាប្រចាំរបស់ពួកគេ។ ហេតុផលដ៏ចម្បងដែលបង្កឲ្យអ្នកមានបញ្ហានេះគឺ ការគិតរបស់អ្នកដក់អារម្មណ៍ជាប់ទៅនឹងប្រធានបទណាដែលគួរជាទីចាប់អារម្មណ៍ និងមានចំណេះដឹងកម្រិតខ្ពស់ ជាហេតុនាំឲ្យគ្រប់ពេលដែលអ្នកមានការសន្ទនានិយាយលេងជាមួយនរណាម្នាក់ អ្នកតែងយល់ថាវាជាការខាតបង់ពេលវេលា និងឆាប់ធុញទ្រាន់ទៅវិញ។
២) អ្នកតែងគិតច្រើនជាងនិយាយ៖ ស្ទើរតែរាល់លើក នៅពេលមនុស្សទូទៅទទួលនូវបទពិសោធន៍ជាមួយនឹងបញ្ហារបស់អ្នកមួយនេះ ពួកគេតែងធ្វើការទាញសេចក្ដីសន្និដ្ឋានថា អ្នកជាមនុស្សគួរឲ្យធុញទ្រាន់ មិនមានភាពទាក់ទាញ ឬមានភាពអៀនប្រៀនច្រើនជាដើម ស្របពេលដែលអ្នកមិនទាន់អាចកត់សម្គាល់បានថាតាមពិតនេះ គឺជាគុណតម្លៃរបស់អ្នកមានប្រាជ្ញាផងដែរនោះ វាធ្វើឲ្យអ្នកមានអារម្មណ៍តូចចិត្តនឹងលក្ខណៈខុសប្លែកពីអ្នកដទៃរបស់ខ្លួនឯង ដែលវាគួរតែត្រូវបានឲ្យតម្លៃ និងទាញយកប្រយោជន៍ពីវាមកប្រើប្រាស់។ អ្នកតែងមានទម្លាប់ត្រិះរិះពិចារណាទៅលើរាល់លទ្ធភាពដែលអាចទៅរួចដែលបង្កប់ក្នុងស្ថានភាពលំបាកស្មុគស្មាញទាំងឡាយ និងបើក្នុងករណីអ្នកនៅមានភាពស្រពិចស្រពិលចំពោះគំនិតរបស់ខ្លួន នោះអ្នកនឹងមិនលើកឡើងពីការយល់ឃើញរបស់ខ្លួនទៅកាន់អ្នកដទៃនោះឡើយ ដែលបែបនេះហើយទើបបានជាអ្នកត្រូវការពេលវេលាយូរជាងអ្នកដទៃ និងគិតច្រើនជាងនិយាយធៀបនឹងមនុស្សទូទៅ ព្រមទាំងមិនសូវប្រតិបត្តិស្ដែងចេញតាមទង្វើនោះទេ។
៣) អ្នកច្រើនតែត្រូវបានគេចាត់ទុកថាមានឥរិយាបថចម្លែកក្នុងការប្រាស្រ័យទាក់ទង៖ នៅក្នុងចំណោមមនុស្សជាច្រើនដែលមានឥរិយាបថដែលឆ្លុះបញ្ចាំងពីការយល់ឃើញស្រដៀងៗគ្នា បុគ្គលដែលមានឥរិយាបថខុសប្លែកពីក្រុមមនុស្សភាគច្រើន តែងត្រូវបានចាត់ទុកថាចម្លែក មិនប្រក្រតី ដូចដែលបានបង្ហាញតាមរយៈការមិនចូលចិត្តការនិយាយគ្នាលេងធម្មតា វិភាគត្រិះរិះសីុជម្រៅច្រើនជាងនិយាយ និងមិនសូវប្រតិបត្តិស្ដែងចេញជាទង្វើ។ ស្របពេលដែលមនុស្សទូទៅយល់ច្រឡំថាឥរិយាបថទាំងនេះ គឺជាឥរិយាបថចម្លែករបស់អ្នក តាមពិតនេះគឺជាភាពប្រុងប្រយ័ត្នរបស់អ្នកមុនបើកចំហប្រាស្រ័យទាក់ទងជាមួយបុគ្គលគួរឲ្យទុកចិត្តទៅវិញនោះ
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack