ប្រយោជន៍ ៣យ៉ាងអំពីពីការភ្ញាក់ម៉ោង ៤ព្រលឹមសម្រាប់បង្កើនគុណភាពជីវិតដោយមិនចាំបាច់ខាតបង់ប្រាក់​



តើ​អ្នក​យល់​ឃើញ​បែប​ណា​ចំពោះ​ទម្លាប់​ភ្ញាក់​ម៉ោង​៤​ពី​ព្រលឹម? តើ​អ្នក​សម្លឹង​មើល​ឃើញ​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដែល​អ្នក​អាច​ទទួល​បាន​ពី​របស់​ដែល​មិន​ចាំបាច់​ឲ្យ​អ្នក​ត្រូវ​ខាតបង់​ប្រាក់កាស​ចំណាយ​ទៅលើ​វា ដើម្បី​ដោះដូរ​នឹង​ប្រយោជន៍​ដែល​ទទួល​បាន​នោះ? សម្រាប់​មនុស្ស​ធម្មតា ពួកគេ​នឹង​មើល​មិន​ឃើញ​ពី​ភាព​ខុស​ប្លែក​ធំធេង ដែល​ពួកគេ​អាច​ទទួល​បាន​ពី​ការ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ពេលវេលា​ភ្ញាក់​ពី​គេង​ជា​ប្រចាំ​របស់​ខ្លួន ទៅ​ជា​ភ្ញាក់​ម៉ោង​៤​ពី​ព្រលឹម​នោះ​ឡើយ ព្រោះ​ពួកគេ​មិន​មែន​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​កម្លាំង​ដុត​បញ្ឆេះ​ចេញ​ពី​ក្នុង​យ៉ាង​អស្ចារ្យ ដើម្បី​ជា​ថាមពល​សម្រាប់​ពួកគេ​ឲ្យ​ខិតខំ​ដាំដុះ ស្រោច​ទឹក និង​មើល​ថែទាំ​ផ្កា​ឲ្យ​លូតលាស់​ចេញ​ជា​ផ្កា​ដ៏​ស្រស់​បំព្រង​រីក​សាយភាយ​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់​នោះ​ឡើយ។ ហេតុផល​៣​យ៉ាង​ខាងក្រោម​នេះ នឹង​ធ្វើការ​បញ្ជាក់​ថា​ហេតុអ្វី​ការ​ភ្ញាក់​ម៉ោង​៤​ពី​ព្រលឹម គឺ​ជា​កត្តា​កំណត់​ភាព​ជោគជ័យ​ក្នុង​ជីវិត​អ្នក៖

Photo of a Woman Hugging a Blue Pillow

១) អ្នក​អាច​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​នីមួយៗ​របស់​អ្នក​ជាមួយ​នឹង​អ្វី​ដែល​អ្នក​ជក់ចិត្ត​ធ្វើ​បំផុត៖ ភាព​រវល់​នៅ​កន្លែង​ការងារ​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នក ពិត​ណាស់​ថា​វា​តែង​ជា​ដើម​ហេតុ​នៃ​ការ​ត្រឡប់​មក​ផ្ទះ ដោយ​ស្ពាយ​មក​វិញ​នូវ​ភាព​នឿយហត់ អស់​កម្លាំង​កំហែង និង​គ្មាន​ថាមពល​ទាំង​កាយ​និង​ចិត្ត។ ប្រសិន​បើ​អ្នក ផ្លាស់ប្ដូរ​ទម្លាប់​ភ្ញាក់​ពី​គេង​របស់​អ្នក​ទៅ​ម៉ោង​៤​ព្រឹក​ព្រលឹម​វិញ អ្នក​នឹង​អាច​ប្រើប្រាស់​ពេលវេលា​បន្ថែម​នោះ មក​បំពេញ​កិច្ចការ​អ្វី​ដែល​ជា​ការ​ជក់ចិត្ត​របស់​អ្នក​បំផុត ស្រប​ពេល​នឹង​ភាព​ស្រស់ស្រាយ និង​អារម្មណ៍​ជ្រះ​ស្រឡះ​ពី​ព្រលឹម​នាំ​មក​ឲ្យ​អ្នក​ផង​នោះ អ្នក​នឹង​ទទួល​បាន​នូវ​កម្លាំង​ជំរុញ​ចិត្ត ដែល​បាន​ពី​ការ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​ជំនក់​ចិត្ត​របស់​ខ្លួន​ពេញ​មួយ​ថ្ងៃ​យ៉ាង​មាន​ប្រសិទ្ធភាព។

២) ចាប់ផ្ដើម​ដំណើរ​របស់​អ្នក​មុន​អ្នក​ដទៃ៖ ស្រប​ពេល​ដែល​អ្នក​ផ្សេង​ទៀត កំពុង​លង់លក់​ស្កប់ស្កល់​នៅ​ក្នុង​ដំណេក​របស់​ពួកគេ​នៅ​ឡើយ ការ​ភ្ញាក់​ពី​ព្រលឹម​នៅ​ម៉ោង​៤ បាន​ធ្វើ​ឲ្យ​អ្នក​ចាប់ផ្ដើម​បំពេញ​កិច្ច​ការងារ ដើម្បី​សម្រេច​ទៅដល់​គោលដៅ​នៅ​ខាង​មុខ​របស់​អ្នក​មុន​ពួកគេ​បាត់​ទៅ​ហើយ។ របស់​ដ៏​មាន​តម្លៃ​ដែល​មិន​ចាំបាច់​ឲ្យ​អ្នក​ត្រូវ​ចំណាយ​ប្រាក់កាស​ទៅលើ​វា​នេះ គឺ​ជា​ពេលវេលា​នៃ​ដំណើរការណ៍​តក់ៗ​ពេញ​បំពង់​នៃ​ការ​ដុស​ខាត់​ចំណេះ និង​ជំនាញ​ខ្លួនឯង ឲ្យ​កាន់តែ​មុត​ស្រួច​ជាង​មុន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​នាំ​មក​នូវ​ភាព​ជោគជ័យ​លេច​ឡើង​ខ្ពស់​ត្រដែត​ហួស​ពី​ដៃគូ​ប្រកួត​របស់​អ្នក​មិន​ខាន។

៣) វា​ជា​ពេលវេលា​ដ៏​ស្ងប់ស្ងាត់ គ្មាន​នរណា​ម្នាក់​មក​រំខាន​អ្នក​បាន​ទេ៖ ភាព​មមាញឹក​រញ៉េរញ៉ៃ​ឥត​សណ្ដាប់ធ្នាប់​នៃ​ពិភព​ខាងក្រៅ តែង​មាន​ឥទ្ធិពល​មក​លើ​អ្នក ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ចំពោះ​រឿង​សំខាន់​ទាំងឡាយ​នៅ​ក្នុង​ជីវិត និង​ជាទូទៅ​តែង​ជា​ការ​សម្រេច​ចិត្ត​បែប​ទាន់ហន់​ភ្លាមៗ និង​ជា​លទ្ធផល​នៃ​ដំណើរ​ជីវិត​មិន​រលូន​របស់​អ្នក។ ត្រឡប់​មក​ការ​ទាញ​យក​ប្រយោជន៍​ពី​ម៉ោង​៤​ព្រលឹម​វិញ នៅ​ក្នុង​បរិយាកាស​ដ៏​ស្ងប់ស្ងាត់ មិន​ទទួល​ការ​រំខាន​ពី​ពិភព​ខាងក្រៅ និង​ជា​ពេល​ដែល​អ្នក​ធ្វើការ​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ខ្លួន​អ្នក​ទៅ​នឹង​ពិភព​ខាងក្នុង​របស់​អ្នក អ្នក​នឹង​បាន​គិត​ពិចារណា​យ៉ាង​ស៊ីជម្រៅ ផ្ដោត​អារម្មណ៍​ស្មិងស្មាធិ៍​ទៅលើ​រឿង​សំខាន់​ទាំងឡាយ​ក្នុង​ជីវិត​អ្នក និង​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​សុភវិនិច្ឆ័យ​បាន​ត្រឹមត្រូវ​ជាង​មុន ព្រោះ​ការ​សម្រេច​ចិត្ត​នោះ​បាន​ឆ្លងកាត់​ការ​គិត​ពិចារណា​បាន​ល្អិតល្អន់ មិន​មែន​ផ្អែក​តាម​អារម្មណ៍ ទាន់ហន់​ដូច​កាល​ពី​មុន​នោះ​ឡើយ នៅ​ពេល​នោះ​ជីវិត​អ្នក​នឹង​ដើរ​តាម​គន្លង និង​មាន​ភាព​ស៊ីចង្វាក់​គ្នា​យ៉ាង​ល្អ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ addicted2success

X
5s