រឿងសំខាន់ៗ ៣យ៉ាងដែលអ្នកគួរដឹងពីច្បាប់ទំនាញ (Law of Attraction) ដើម្បីផ្លាស់ប្ដូរជីវិតឆ្ពោះទៅរកសេចក្ដីចម្រើន
តើអ្វីជាច្បាប់ស្រូបទាញ ? សូមងាកមកពិចារណាទៅលើពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធនោះអ្នកនឹងអាចយល់បានថាតើច្បាប់ស្រូបទាញមានអត្ថន័យយ៉ាងដូចម្ដេច៖ «អ្នកនឹងក្លាយទៅជាអ្វីដែលអ្នកគិត អ្នកនឹងស្រូបទាញនូវអ្វីដែលអ្នកមានអារម្មណ៍ ហើយអ្នកនឹងបង្កើតនូវអ្វីដែលអ្នកនឹកស្រមៃ»។ តើការយល់ដឹងពីច្បាប់ស្រូបទាញ និងការយកវាមកប្រើប្រាស់ក្នុងជីវិតជាក់ស្ដែង មានឥទ្ធិពលលើការផ្លាស់ប្ដូរយ៉ាងវិជ្ជមានដូចម្ដេចខ្លះ ?
នៅពេលអ្នកបានយល់ដឹងពីច្បាប់ស្រូបទាញ វានឹងជះឥទ្ធិពលវិជ្ជមានចំពោះជីវិតអ្នក តួយ៉ាងមានដូចជា ស្រូបទាញនូវទ្រព្យសម្បត្តិដ៏គ្មានដែនកំណត់ ស្វែងរកឃើញនូវគូជីវិតដ៏សក្ដិសមម្នាក់ សេចក្ដីស្ងប់សុខ សុភមង្គល ការសម្រាកពីភាពតានតឹង និងបញ្ហាស្មុគស្មាញក្នុងជីវិត និងស្រូបទាញនូវបទពិសោធន៍វិជ្ជមានទាំងឡាយចូលក្នុងជីវិតអ្នក។ យ៉ាងណាមិញ អ្នកអាចទទួលបាននូវការផ្លាស់ប្ដូរវិជ្ជមានអស់ទាំងនេះបាន លុះត្រាណាតែអ្នកបានប្រើប្រាស់វាត្រឹមត្រូវតែប៉ុណ្ណោះ។ តាមរបៀបណា ទើបអ្នកអាចប្រើប្រាស់វាត្រឹមត្រូវដែលនាំអ្នកទៅរកប្រយោជន៍ទាំងនោះក្នុងជីវិតបាន ?
១) ឥទ្ធិពលផ្លូវចិត្ត៖ បើកាលណាបណ្ដុះអ្វី អ្នកនឹងលូតលាស់ទទួលបានផ្លែផ្កាទៅតាមបែបនោះដោយសន្សឹមៗដូច្នោះដែរ។ ឥទ្ធិពលផ្លូវចិត្តចង់សំដៅទៅលើ ការគិតរបស់អ្នក និងអារម្មណ៍ដែលអ្នកកំពុងមាន។ ឥទ្ធិពលផ្លូវចិត្ត អាចមានភាពវិជ្ជមាន (អារម្មណ៍សប្បាយរីករាយ រំភើបត្រេកអរ) និងភាពអវិជ្ជមាន (អារម្មណ៍ភ័យខ្លាច ខ្វះទំនុកចិត្ត)។ អ្វីដែលអ្នកមានក្នុងចិត្ត គឺជាសញ្ញាដែលបញ្ជូនទៅកាន់ពិភពខាងក្រៅ។ អ្វីដែលអ្នកបណ្ដុះ អ្នកនឹងទទួលបានផលបែបនោះ។ អ្នកគិតបែបណា មានអារម្មណ៍បែបណាមកលើខ្លួនឯង ទាំងនេះនឹងជាសញ្ញាបញ្ជូនទៅកាន់ពិភពខាងក្រៅ ហើយជាលទ្ធផលវានឹងស្រូបទាញនូវអ្វីដូចដែលអ្នកមានអារម្មណ៍នោះចូលមកក្នុងជីវិតអ្នកដូចគ្នា ទាំងវិជ្ជមាន និងអវិជ្ជមាន។ ហេតុនេះ ការគិត និងអារម្មណ៍របស់អ្នកមានភាពសំខាន់បំផុត។
២) ផ្ដោតទៅលើអ្វីដែលអ្នកចង់បាន៖ អ្នកនឹងស្រូបទាញនូវអ្វីដែលអ្នកមានអារម្មណ៍ ដូច្នេះ បើអ្នកផ្ដោតតែទៅលើអ្វីដែលអ្នកមិនមាន ឬអ្វីដែលអ្នកមិនចង់បានចូលមកក្នុងជីវិត នោះអារម្មណ៍អ្នក ភាពរំញ័រដែលមានលក្ខណៈអវិជ្ជមាននេះ នឹងស្រូបទាញរឿងអវិជ្ជមាន ធ្វើឲ្យអ្នកនៅតែមិនទទួលបានអ្វីដែលខ្លួនចង់បាន និងនៅតែបានអ្វីដែលខ្លួនមិនចង់បានមិនខុសគ្នានោះឡើយ។ ហេតុនេះ បើអ្នកចង់បានអ្វី អ្នកត្រូវប្រើការគិតស្រមៃហាក់បីដូចជាកំពុងតែសោយសុខនឹងអ្វីដែលខ្លួនចង់បាននោះមែន នោះភាពរំញ័រនឹងស្រូបទាញរឿងទាំងនោះចូលក្នុងជីវិតអ្នកមិនខាន។
៣) ការអនុញ្ញាត៖ អ្វីក៏ដោយដែលកើតឡើងចំពោះជីវិតអ្នក គឺដោយសារទទួលបានសិទ្ធិអំណាចពីការអនុញ្ញាតរបស់អ្នកប៉ុណ្ណោះ។ អ្នកចង់បានភាពជោគជ័យក្នុងជីវិត ដរាបណាអ្នកមិនអនុញ្ញាតឲ្យភាពខ្វះទំនុកចិត្តលើខ្លួនឯងចូលមកគ្រប់គ្រងលើការសម្រេចគោលដៅអ្នកតែប៉ុណ្ណោះ។ វាអាស្រ័យលើអំណាចពីខាងក្នុងរបស់អ្នក មិនមែនដោយសារអំណាចពីខាងក្រៅជាអ្នកមានឥទ្ធិពលលើជីវិតអ្នកនោះឡើយ។ អនុញ្ញាតឲ្យខ្លួនឯងទទួលយកគំនិតវិជ្ជមានឲ្យបានកាន់តែច្រើនកាន់តែល្អ ដើម្បីឈានដល់ការស្វែងរកឃើញនូវភាពជោគជ័យ និងសេចក្ដីសុខពិតប្រាកដក្នុងជីវិត៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ vortex-success