​បើ​ព្រម​ទទួល​ស្គាល់​ការ​ពិត​​​ទាំង​៤​នេះ​ ​ ​​​​នឹង​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​បាន​



អ្នក​អាច​នឹង​ជា​បុគ្គល​ជោគជ័យ​មួយ​រូប ដែល​គ្រប់​គ្នា​កោតសរសើរ​និង​គោរព ប៉ុន្តែ​អ្នក​បែរ​ជា​យល់​ថា​ជីវិត​អ្នក​មាន​ចន្លោះ​ប្រហោង មិន​មាន​សេចក្ដី​សុខ​និង​សុភមង្គល​ពិត​ប្រាកដ​ទៅវិញ។ មាន​ភាព​ជោគជ័យ​ហើយ មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ហើយ តើ​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​គ្មាន​សេចក្ដី​សុខ​យ៉ាង​ដូច្នេះ ?  ទោះជា​មាន​មូលហេតុ​ផ្អែក​តាម​ស្ថានការណ៍​ផ្សេងៗ​ពី​គ្នា​បែប​ណា​ក៏​ដោយ ក៏​ឫសគល់​នៃ​មូលហេតុ​ទាំងនោះ​សុទ្ធ​តែ​កើត​ឡើង​ដោយសារ​ការ​មិន​បាន​សង្កេត​លើ​ជីវិត​ដែល​ចោត​ជា​សំណួរ​ឲ្យ​អ្នក​ឆ្លើយ ជាហេតុ​នាំ​ឲ្យ​អ្នក​រៀប​លំដាប់​ភាព​សំខាន់​នៅ​ក្នុង​ជីវិត​មិន​បាន​ត្រឹមត្រូវ។ តើ​ការ​ទទួល​ស្គាល់​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ពិត​អ្វី​ខ្លះ ដែល​អាច​នាំ​អ្នក​ទៅ​រក​ភាព​រុងរឿង និង​សុភមង្គល​ក្នុង​ជីវិត​បាន ?

១) ជ័យជម្នះ​ដ៏​អស្ចារ្យ​សុទ្ធ​តែ​មាន​ស្លាកស្នាម​នៃ​ភាព​បរាជ័យ៖ បើ​អ្នក​មាន​មន្ទិល​សង្ស័យ​ចំពោះ​បទពិសោធន៍​ដ៏​មាន​តម្លៃ​ពី​ភាព​បរាជ័យ​ដែល​ជា​អ្នក​បំផុស​អ្នក​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ជីវិត អ្នក​អាច​សាក​ពិចារណា​ពី​បុគ្គល​ដ៏​មហិមា​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​គ្រប់​ៗ​រូប​ទាំងនោះ​បាន ថា​តើ​ទម្រាំ​ទទួល​បាន​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​ពី​សមិទ្ធផល​របស់​ពួកគេ​ម្នាក់ៗ​ចូលរួម​ចំណែក​ផ្លាស់ប្ដូរ​ពិភពលោក​បាន ស្លាកស្នាម​នៃ​ភាព​បរាជ័យ​ដ៏​ជូរចត់​អ្វី​ខ្លះ​ដែល​ពួកគេ​បាន​ជួប​ប្រទះ​ក្នុង​ជីវិត។ បើ​អ្នក​មិន​ធ្លាប់​ទទួល​បាន​មេរៀន​អ្វី​ពី​បទពិសោធន៍​បរាជ័យ​ទេ​នោះ អ្នក​មុខ​ជា​មិន​អាច​ស្វែងរក​ច្រក​ចេញ​ទៅ​កាន់​គោលដៅ​បាន​នៅ​ពេល​អ្នក​ជួប​បញ្ហា​នោះ​ឡើយ។

២) ភាព​មមាញឹក​គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ប្រសិទ្ធភាព​នោះ​ទេ៖ តើ​អ្នក​ទុកចិត្ត​ភ្នែក​អ្នក​ទេ​ថា រាល់​មនុស្ស​រវល់​ទាំងអស់​សុទ្ធ​តែ​បំពេញ​ការងារ​របស់​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ ? បើ​អ្នក​យល់​បែប​នេះ នោះ​អ្នក​មិន​បាន​វាយ​តម្លៃ​ទៅលើ​បញ្ហា​ដោយ​សម្លឹង​មើល​ឲ្យ​សព្វ​គ្រប់​ជ្រុងជ្រោយ​នោះ​ឡើយ។ បុគ្គល​ដែល​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ពិត​ប្រាកដ គឺ​ជា​អ្នក​ដែល​ដឹង​យ៉ាង​ជាក់ច្បាស់​ថា​ការងារ​អ្វី​មាន​ភាព​សំខាន់​សម្រាប់​ពួកគេ​បំផុត និង​ចេះ​ប្រើប្រាស់​ពេលវេលា​ដែល​មាន​២៤​ម៉ោង​ដូច​គ្នា​នោះ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ និង​ផលិត​បាន​នូវ​ទិន្នផល​ខ្ពស់​ជាទី​គាប់ចិត្ត។

៣) អ្នក​រស់នៅ​ជីវិត​ដែល​អ្នក​ខ្លួនឯង​ជា​អ្នក​បង្កើត៖ គ្មាន​នរណា​ម្នាក់​អាច​បំពាន​មក​លើ​ជីវិត​អ្នក ធ្វើ​ជា​អ្នក​កាច់​ចង្កូត​ជីវិត​អ្នក ឲ្យ​អ្នក​សម្រេច​ចិត្ត​ទៅលើ​រឿងរ៉ាវ​ទាំងឡាយ​ក្នុង​ជីវិត​ដោយ​ផ្ទុយ​ពី​បេះដូង និង​តម្លៃ​របស់​អ្នក​បាន​នោះ​ឡើយ លុះ​ត្រា​ណា​តែ​អ្នក​ប្រគល់​អំណាច​នោះ​ទៅ​ឲ្យ​ពួកគេ​ប៉ុណ្ណោះ។ អ្នក​យល់​ថា​ខ្លួន​អសមត្ថភាព​និង​គ្មាន​សេរីភាព​ក្នុង​ការ​ប្រឆាំង​នឹង​ការ​កំណត់​របស់​អ្នក​ដទៃ​មក​លើ​ជីវិត​អ្នក ដែល​តាម​ការ​ពិត​គឺ​អ្នក​ខ្លួនឯង​ទៅវិញ​ទេ ដែល​ខ្វះ​ភាព​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​ងើប​ឈរ​ប្រឆាំង និង​ដើរ​តាម​បេះដូង​របស់​ខ្លួន ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​នានា ដែល​ចាំបាច់​សម្រាប់​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ប៉ុណ្ណោះ។

៤) ការ​ផ្លាស់ប្ដូរ​គឺ​ជា​រឿង​មិន​អាច​ឃាត់ឃាំង​បាន និង​ត្រូវ​ទទួល​យក៖ ផ្នត់គំនិត​របស់​អ្នក​មាន​មក​លើ​ជីវិត​ពិត​ជា​រឿង​មួយ​សំខាន់​ណាស់។ កាលណា​អ្នក​មាន​ចិត្ត​ចង្អៀតចង្អល់​មិន​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ដែល​មាន​ឥទ្ធិពល​ក្នុង​ជីវិត ហើយ​បើ​អ្នក​នៅ​តែ​ចចេស​រឹងរូស​មិន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​អវិជ្ជមាន​ដែល​ចាក់​ឫស​យ៉ាង​ក្រាស់ក្រែល​ក្នុង​ជីវិត​អ្នក​ហើយ​នោះ​ទេ នោះ​អ្នក​នឹង​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ល្ងង់​ម្នាក់​ដែល​មិន​ផ្លាស់ប្ដូរ​ខ្លួនឯង តែ​បែរ​ជា​ព្រងើយកន្តើយ​នឹង​ការ​ផ្លាស់ប្ដូរ ក៏​ព្រោះ​តែ​រំពឹង​ឲ្យ​ការ​ផ្លាស់ប្ដូរ​នោះ​ផ្លាស់ប្ដូរ​ទៅវិញ។ ផ្ទុយទៅវិញ បើ​អ្នក​បើក​ចំហ​ចិត្ត​ទូលំទូលាយ​សម្រាប់​ទទួល​យក​ការ​ផ្លាស់ប្ដូរ នោះ​អ្នក​នឹង​ចាប់ផ្ដើម​កត់​សម្គាល់​ពី​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​ទាំងឡាយ​ចូល​ក្នុង​ជីវិត​អ្នក​ដោយ​សន្សឹមៗ​មិន​ខាន។ អ្នក​ត្រូវ​ចាំ​ថា នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ដែល​មិន​ផ្លាស់ប្ដូរ​នោះ​ទេ គឺ​មាន​តែ​ការ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ​ដែល​មិន​ចេះ​ផ្លាស់ប្ដូរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖​ cnbc

X
5s