ដំបូន្មានដ៏រំជួលចិត្តពីលោកតាវ័យ៩០ ដែលបាត់បង់មនុស្សជាទីស្រឡាញ់២នាក់ក្នុងជីវិត ក្នុងការបំបាត់ភាពឯកា
នៅពេលអ្នកមានវ័យកាន់តែចាស់ ភាពឯកោអាចបង្កឲ្យអ្នកគិតរវើរវាយរហូតដល់អ្នកភ័យខ្លាចទៅលើអ្វីមួយដែលស្ទើរតែមិនអាចកើតឡើងក្នុងសភាពពិតជាក់ស្ដែង។ អ្នកមិនមែនភ័យខ្លាចការពិតនោះទេ តែតាមពិតអ្នកគ្រាន់តែភ័យខ្លាចការគិតរវើរវាយរបស់ខ្លួនឯងតែប៉ុណ្ណោះ។ នៅពេលស្ថានភាពបែបនេះកើតឡើងដដែលៗម្ដងហើយម្ដងទៀត ភាពឯកោនឹងក្លាយជាឫសគល់ ដោយវិវត្តទៅរកបញ្ហាផ្លូវចិត្តដ៏ធ្ងន់ធ្ងររបស់អ្នកដោយឥតមានការសង្ស័យនោះឡើយ។
លោកតាវ័យ៩០ឆ្នាំម្នាក់ ឈ្មោះDerek Taylor រស់នៅទីក្រុងឡុងដុងនៃប្រទេសអង់គ្លេស បានប្រឈមមុខនឹងភាពឯកោនៅក្នុងជីវិតដ៏ចំណាស់របស់ខ្លួន បន្ទាប់ពីបានបាត់បង់ដៃគូជីវិតគាត់ រួមនឹងបងប្អូនស្រីបង្កើតរបស់គាត់។ យ៉ាងណាមិញ គាត់មិនបានឲ្យភាពឯកោនោះមកគ្របដណ្ដប់ឥទ្ធិពលអវិជ្ជមានលើជីវិតគាត់ឡើយ ដូច្នេះគាត់បានរិះរកដំណោះស្រាយមួយចំនួនដើម្បីកម្ចាត់វាចោល ហើយខាងក្រោមនេះគឺជាដំបូន្មានដ៏រំជួលអារម្មណ៍របស់លោកផ្ញើជូនចំពោះអ្នកមានអារម្មណ៍ឯកោនៅវ័យជរាទាំងឡាយ៖
១) ខិតខំបង្កើតមិត្តភ័ក្ដិ
២) ចូលរួមក្លឹបចំណង់ចំណូលចិត្តរបស់អ្នក
៣) ទៅសួរសុខទុក្ខអ្នកនៅសមាគមក្នុងតំបន់របស់អ្នក
៤) រៀនប្រើប្រាស់កុំព្យូទ័រនៅតាមបណ្ណាល័យក្នុងតំបន់របស់អ្នក
៥) គិតគូរពីការជួលកន្លែងស្នាក់នៅឲ្យនរណាម្នាក់គ្រាន់នឹងបានគ្នា
៦) ប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកសម្រាប់ការទំនាក់ទំនងឲ្យបានច្រើន ដោយមិនចាំបាច់ចាំឲ្យពួកគេទំនាក់ទំនងមកអ្នកមុនទេ
៧) ទាក់ទងទៅមិត្តភ័ក្ដិឬបងប្អូនដែលមិនបានទំនាក់ទំនងគ្នាក្នុងពេលថ្មីៗនេះ
៨) កសាងមិត្តភាពជាមួយអ្នកជិតខាងអ្នក
៩) ចូលរួមការងារស្ម័គ្រចិត្តបើអាចទៅរួច។
ដំបូន្មានរបស់លោកតា មិនត្រឹមតែអាចកម្ចាត់ភាពឯកោបានប៉ុណ្ណោះទេ សូម្បីអ្នកវិទ្យាសាស្ត្រក៏អះអាងថាការមានចិត្តសប្បុរសធម៌ពិតជាមានប្រយោជន៍ចំពោះសុខភាពរបស់អ្នក ហើយការសិក្សាមួយទៀតក្នុងឆ្នាំ២០១៣ក៏បានបញ្ជាក់ដូចគ្នាថា អ្នកដែលបានចូលរួមការងារសង្គមអាចធ្វើឲ្យពួកគេមានភាពសុខដុមរមនាជាងមុន និងភាពសប្បាយរីករាយជាងអ្នកដែលមិនបានចូលរួម។ ចំណែកឯការចេញទៅក្រៅជាមួយមិត្តភ័ក្ដិក៏បានជួយកាត់បន្ថយភាពស្មុគស្មាញបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ បើអ្នកនៅតែបណ្ដោយឲ្យភាពឯកោមានឥទ្ធិពលគ្របដណ្ដប់លើជីវិតអ្នក នោះវានឹងមានផលប៉ះពាល់ដល់ការកើនឡើងនូវហានិភ័យនៃបញ្ហារាងកាយ និងបញ្ហាចិត្តសាស្ត្រដែលក្នុងនោះរួមមានទាំងជំងឺបេះដូង និងជំងឺបាក់ទឹកចិត្តផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ thehuffingtonpost