ហេតុអ្វីបានជាគេលើកឡើងថា ជនជាតិជ្វីហ្វមានប្រាជ្ញាឈ្លាសវៃខ្លាំងម្ល៉េះ?
ជ្វីហ្វ (Jews) ត្រូវបានគេទទួលស្គាល់ថា ជាជនជាតិដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតែធ្វើកិច្ចការជោគជ័យជាច្រើន។ មកដល់ចំណុចនេះ គេតែងលើកជាសំណួរថា ហេតុអ្វីបានជាជនជាតិជ្វីហ្វមានប្រាជ្ញាឈ្លាសវៃខ្លាំងម្ល៉េះ?
ដើម្បីឆ្លើយនឹងសំណួរដែលបង្កជាភាពងឿងឆ្ងល់យ៉ាងអនេកដល់អ្នកស្រាវជ្រាវទាំងឡាយរាប់ទសវត្សមកហើយនោះ ក៏មានការបកស្រាយពីសារព័ត៌មាន The Economist តាំងពីខែមករា ឆ្នាំ២០០៥ អំពីការស្រាវជ្រាវមួយទៅលើមនុស្សមួយក្រុម ដែលមានភាពវៃឆ្លាតជាងក្រុមមនុស្សដទៃៗទៀត និងបំណកស្រាយទៅលើដំណើរការណ៍ដែលនាំទៅរកលទ្ធផលនោះ របស់អ្នកវិទ្យាសាស្ត្រឈ្មោះលោក Gregory Cochran រួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រពីររូបផ្សេងទៀត មកពីសាកលវិទ្យាល័យមួយឈ្មោះថា University of Utah គឺលោក Jason Hardy និងលោក Henry Harpending ព្រមទាំងសហការគ្នាចេញផ្សាយនូវស្នាដៃអត្ថបទកែសម្រួលមួយដែលមានចំណងជើងថា The Journal of Biosocial Science។ ក្រុមមនុស្សដែលអ្នកវិទ្យាសាស្ត្រទាំងនេះ បានផ្ដោតគោលដៅលើគឺពួកជ្វីហ្វ Ashkenazi។
បើងាកមកផ្ដោតការយកចិត្តទុកដាក់សិក្សា ពីប្រវត្តិសាស្ត្រដ៏យូរលង់រាប់សម័យកាលរបស់ជាតិសាសន៍មួយនេះ ដែលបានជួបសោកនាដកម្មដោយសារសង្គ្រាមប្រល័យពូជសាសន៍ក្នុងប្រទេសអាល្លឺម៉ង់នាសម័យសង្រ្គាមលោកលើកទី២ ដែលកាលនោះជនជាតិជ្វីហ្វ៦លាននាក់ ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ។
ពួកជ្វីហ្វ Ashkenazi នេះ បានទាក់ទាញនូវការកត់សម្គាល់លើកម្រិតភាពឆ្លាតវៃ (IQ) ដ៏ខ្ពស់ និងតាមរយៈស្នាដៃសមិទ្ធផលរួមចំណែកដល់មនុស្សជាតិដ៏មហិមារបស់ពួកគេ ទាំងនោះបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រមនុស្សជាតិសម្រាប់ជាតិសាសន៍របស់ខ្លួន ពីពានរង្វាន់ណូបែលជាច្រើន ជាពិសេសក្នុងកំឡុងសតវត្សទី២០ តួយ៉ាងដូចមាន អ្នកវិទ្យាសាស្ត្រ អាល់ប៊ឺត អាញស្តាញ, ប្រព័ន្ធប្រសាទវិទូ និងជាអ្នកព្យាបាលជំងឺផ្លូវចិត្តតាមបែបចិត្តសាស្ត្រគឺលោក Sigmund Freud, អ្នកបង្កើតលទ្ធិកុម្មុយនិស្ត កាល ម៉ាក្ស, អ្នកច្នៃប្រឌិតវ៉ាក់សាំងការពារជំងឺស្វិតដៃជើង Dr's Jonas Salk និង លោកAlbert Sabin, អ្នកនាំមុខឲ្យមានការច្នៃប្រឌិតនូវគ្រាប់បែកអាតូមជាលើកដំបូងបង្អស់ ដោយមានការជំរុញពីទ្រឹស្ដីរបស់អាញស្តាញ មានលោក Felix Bloch, Niels Bohr, Otto Frisch, Robert Oppenheimer, Leo Szilard និង លោក Edward Teller។
យ៉ាងណាមិញ អ្វីដែលជាប្រការចម្លែកបំផុតចំពោះក្រុមមនុស្សជ្វីហ្វAshkenaziនេះ គឺជាជំងឺតពូជដ៏កម្រដែលជាប់ទាក់ទងនឹងហ្សែនបន្តពីមួយជំនាន់ទៅមួយជំនាន់ ដូចជាជំងឺSphingolipid-storage diseases, ជំងឺTay-Sachs, ជំងឺGaucher's និងជំងឺNiemann-Pick ដែលកើតមានតែចំពោះពពួកក្រុមជ្វីសនេះតែប៉ុណ្ណោះ។
ស្របពេលដែលការស្រាវជ្រាវជាច្រើនកន្លងមក បានបកស្រាយពីប្រាជ្ញារបស់ពួកជ្វីសAshkenaziនេះ ដោយផ្អែកលើឥទ្ធិពលសង្គមដូចជាវប្បធម៌នៃការឲ្យតម្លៃលើសៀវភៅរបស់ពួកគេ ឬអាចជាលទ្ធផលបណ្ដាលមកពីភាពកណ្ដោចកណ្ដែងក្នុងប្រវត្តិសាស្ត្រជាយូរលង់របស់ពួកគេ អ្នកវិទ្យាសាស្ត្រ Cochran បានអះអាងតាមជ្រុងទស្សនផ្សេងវិញដោយភ្ជាប់ជាមួយនឹងភស្តុតាងពីការសិក្សារបស់គាត់ដូចនេះថា ភាពវៃឆ្លាតដ៏ចម្លែករបស់ពួកជ្វីសAshkenaziនេះ មានទំនាក់ទំនងជាមួយនឹងជំងឺដ៏កម្រដែលបង្កឡើងដោយហ្សែនរបស់ពួកគេនោះឯង។ តើអ្វីទៅដែលនាំឲ្យជំងឺតពូជដ៏កម្រនេះកើតមានចំពោះតែក្រុមមនុស្សនេះដូច្នេះ ?
ប្រវត្តិសាស្ត្ររបស់ពួកជ្វីហ្វAshkenazi ចាប់ផ្ដើមជាមួយនឹងការជម្លៀសខ្លួនចេញក្នុងអំឡុងសម័យកាលនៃការវាយលុករបស់ចក្រភពរ៉ូម៉ាំងទៅលើទឹកដីអ៊ីស្រាអែលក្នុងសតវត្សទី១នៃគ.ស ហើយពួកគេទាំងអស់ក៏ភៀសខ្លួនទៅរកជម្រកក្នុងតំបន់ផ្សេងៗពីគ្នា ចំណែកឯពួកជ្វីសមួយក្រុមដែលបានភៀសខ្លួនទៅនៅប៉ែកអឺរ៉ុប ក្រោយមកក៏បានក្លាយជាពួកជ្វីសAshkenazi។ ក្នុងមជ្ឈិមសម័យ ពួកនេះត្រូវបានទទួលរងនូវការរើសអើងពូជសាសន៍ដោយស្របច្បាប់ ហើយក៏ជាឥទ្ធិពលនេះដែរ ដែលនាំឲ្យពួកគេមានអាជីពការងារដែលទាមទារនូវជំនាញ និងភាពឆ្លាតវៃខ្ពស់ក្នុងតំបន់ដែលពួកគេតាំងទីលំនៅនោះដូចជា ការងារពាក់ព័ន្ធនឹងវិស័យធនាគារ ការប្រកបមុខជំនួញ និងធ្វើពាណិជ្ជកម្មជាដើម ហើយក៏ជាមូលហេតុមួយដែលឆ្លើយទៅនឹងសំណួរនៃការកកើតប្រាជ្ញាឈ្លាសវៃរបស់ពួកគេដែរ។
ហេតុផលមួយទៀតដែលគួរជាទីចាប់អារម្មណ៍ក្នុងការសិក្សាស្វែងយល់បន្ថែមអំពីកត្តាកំណត់ភាពឈ្លាសវៃរបស់ពួកជ្វីសAshkenazi គឺជាហ្សែន ដែលកំណត់លក្ខណៈពិសេសនេះមក។ ចម្ងល់ចោទឡើងជាបន្ត តើហ្សែនបែបនោះពិតជាកើតមានមែនដែរឬទេ? ចុះបើពិតជាមានមែន ថាតើជាហ្សែនអ្វីដែលមានឥទ្ធិពលទៅលើភាពវៃឆ្លាតរបស់ពួកគេ?
ពួកជ្វីសAshkenazi មានប្រវត្តិសាស្ត្រនៃការរៀបការជាមួយខ្សែស្រឡាយជាប់សាច់ឈាមគ្នាតៗរហូតមក សូម្បីមកដល់ពេលបច្ចុប្បន្ននេះហើយក៏ដោយ។ អ្នកវិទ្យាសាស្ត្រសញ្ជាតិអាមេរិកនេះ បានបកស្រាយចំពោះការសន្និដ្ឋានរបស់ខ្លួនថា ការបន្តពូជ បើទោះជាជាមួយខ្សែស្រឡាយដែលឆ្ងាយបំផុតរបស់ខ្លួនក៏ដោយ បើកាលណាវាត្រូវបានធ្វើឡើងបែបនេះជាបន្តបន្ទាប់រហូតមក ការប៉ះពាល់នឹងមានចំពោះការថយចុះនៃប្រភេទខុសប្លែកគ្នានៃហ្សែន។
លក្ខខណ្ឌបែបនេះ បានបង្ហាញឲ្យឃើញពីការបន្តពូជនៃហ្សែនដែលត្រូវបានរក្សាទុកតាមជម្រើសដោយធម្មជាតិ។ ទោះជាយ៉ាងណា ការលើកឡើងបែបនេះ នៅមិនទាន់បានឆ្លើយទៅនឹងសំណួរថាតើដំណើរការណ៍នៃការវិវត្តរបស់មនុស្សអាចបង្កឲ្យកើតមាននូវជំងឺតពូជជាប់ទាក់ទងនឹងហ្សែនតាមរបៀបណា ?
ការបកស្រាយជាបន្តរបស់លោកក៏បានបង្ហាញថា នៅក្នុងករណីខ្លះ ដំណើរការណ៍នៃការវិវត្តពិតជាអាចបង្កឲ្យកើតមានជំងឺតពូជជាប់ទាក់ទងនឹងហ្សែនបែបនោះមែន។ ជាឧទាហរណ៍ ពួកអាហ្វ្រិកខាងលិច ឬអ្នកបន្តពូជពង្សពីពូជអម្បូរអាហ្វ្រិកខាងលិច ក៏កើតមានជំងឺតពូជម្យ៉ាងហៅថា sickle-cell anaemia ឬ malaria។ មេរោគនៃជំងឺនេះ វិវត្តតែក្នុងខ្លួនបុគ្គលណាដែលកោសិកាឈាមក្រហមរបស់ពួកគេ មានផ្ទុកប្រភេទអេម៉ូក្លូប៊ីនមិនប្រក្រតីមួយដែលជាប្រូតេអ៊ីនមាននាទីដឹកនាំអុកស៊ីហ្សែន។
ជំងឺតពូជនេះទៀតសោត កើតមានតែចំពោះសន្ដានក្រោយណា ដែលមានការចម្លងចេញនៃហ្សែនពីរដែលជាហ្សែនបង្កឲ្យមានប្រភេទអេម៉ូក្លូប៊ីននេះចេញពីហ្សែននីមួយៗរបស់ឪពុកម្ដាយពួកគេតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើសន្ដានក្រោយដែលមានការចម្លងចេញនៃហ្សែនបែបនេះតែមួយ នោះពួកគេនឹងទទួលបានការការពារពីជំងឺប្រភេទនេះទៅវិញ។
ត្រឡប់មកពិចារណាឲ្យបានស៊ីជម្រៅទៅលើករណីជំងឺតពូជរបស់ពួកជ្វីសAshkenaziវិញ ជំងឺរបស់ពួកគេដូចជា Sphingolipid-storage diseases, Tay-Sachs, Gaucher's និង Niemann-Pickទាំងនេះ សុទ្ធតែមានជាប់ពាក់ព័ន្ធទៅនឹងការកើនឡើងនៃការហើមប៉ោងឡើងនៃផ្នែកណាមួយនៃរាងកាយដែលមាននាទីភ្ជាប់កោសិកាប្រសាទបញ្ចូលគ្នា។
កាលណាការកើនឡើងមានចំនួនច្រើនលើសលប់ពេក នឹងធ្វើឲ្យវាមិនអាចគ្រប់គ្រងបាន តួយ៉ាងដូចមាននៅក្នុងសន្ដានក្រោយដែលមានការចម្លងចេញនៃហ្សែនពីរ ដែលលក្ខខណ្ឌនេះនឹងបង្កឲ្យមានការភ្ជាប់គ្នារវាងកោសិកាប្រសាទខួរក្បាលបានកាន់តែប្រសើរជាងមុន ហើយក៏ប្រហែលជាមូលហេតុនេះដែរ ដែលនាំទៅរកភាពមានប្រាជ្ញាឈ្លាសវៃជាងមុន។ បើតាមការបកស្រាយរបស់អ្នកវិទ្យាសាស្ត្រវ័យ៦៤ឆ្នាំរូបនេះ យើងអាចទាញការសន្និដ្ឋានបានថា បុគ្គលដែលមានរោគសញ្ញានៃជំងឺទាំងនេះ មានប្រាជ្ញាឈ្លាសវៃជាងមនុស្សធម្មតា។
ទោះជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនេះ នៅតែមានភាពមិនច្បាស់លាស់ និងមានចន្លោះប្រហោង ដែលមិនអាចបញ្ជាក់នូវសំណួរថា ហេតុអ្វីបរាជ័យរបស់ប្រព័ន្ធជួសជុលDNA (DNA-repair system) គួរតែជាការបង្កើននូវភាពវៃឆ្លាតទៅវិញ បើទោះបីជាការបកស្រាយបានលើកឡើងជាការកើនឡើងនៃកោសិកាប្រសាទខួរក្បាលក៏ដោយ។ ម្យ៉ាងទៀត ប្រសិនបើការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ Cochranត្រឹមត្រូវពិតប្រាកដមែន ដូច្នេះវាជាតឹកតាងបញ្ជាក់ឲ្យឃើញពីឧទាហរណ៍នៃការពិសោធន៍ចៃដន្យនៃការជ្រើសរើសបង្កាត់ពូជតាមជម្រើសដោយធម្មជាតិរបស់ពួកជ្វីសAshkenaziនេះហើយ៕