តើអ្វីជា «ចិត្តក្នុងខ្លួន»?
តើអ្វីដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលបំផុតនៅពេលអ្នកដឹងថានៅក្នុងខ្លួនអ្នក មានបង្កប់នូវអនុសម្បជញ្ញៈ ឬជាចិត្តក្នុងខ្លួន ? អ្នកប្រហែលជាចង់ដឹងបន្តទៀតថា តើអ្វីទៅជាចិត្តក្នុងខ្លួន ?
ជាឧទាហរណ៍យ៉ាងសាមញ្ញ ស្រមៃថាអ្នកទើបនឹងរៀនបើកបរ ដំណាក់កាលដំបូងអ្នកនឹងផ្ចង់អារម្មណ៍យ៉ាងពេញទំហឹងទៅលើតែការបើកបរមួយមុខប៉ុណ្ណោះ។ នេះដោយសារតែអ្នកនៅប្រើប្រាស់សតិសម្បជញ្ញៈ ឬចិត្តក្រៅខ្លួនដើម្បីគ្រប់គ្រងការបើកបរនៅឡើយ។ ប៉ុន្តែ បន្ទាប់ពីប៉ុន្មានសប្ដាហ៍កន្លងផុតទៅ អ្នកអាចនិយាយទូរស័ព្ទ ព្រមគ្នាក្នុងពេលតែមួយជាមួយការបើកបររបស់អ្នក ក៏ព្រោះតែការបើកបរដែលអ្នកបានហ្វឹកហាត់ធ្វើដដែលច្រើនដងមក បានឆ្លងចូលទៅកាន់ដំណាក់កាលក្រោមការគ្រប់គ្រងរបស់ចិត្តក្នុងខ្លួន ហើយអនុញ្ញាតឲ្យចិត្តក្រៅខ្លួនអាចទទួលខុសត្រូវលើការនិយាយទូរស័ព្ទនោះឯង។
ស្របពេលដែលចិត្តក្រៅខ្លួន គ្រប់គ្រងលើការគិតមានហេតុផល ការគណនា និងគ្រប់សកម្មភាពទាំងឡាយណាដែលអ្នកធ្វើក្នុងពេលដឹងខ្លួន ចិត្តក្នុងខ្លួនឯណោះវិញ មាននាទីមើលការខុសត្រូវលើផ្នែកអារម្មណ៍ និងជំនឿដែលបង្កើតឡើងដោយការគិតរបស់អ្នក។ ម្យ៉ាងទៀត ដំណើរការណ៍តាមធម្មជាតិក្នុងរាងកាយរបស់អ្នក មិនថាជាការដកដង្ហើម និងចង្វាក់បេះដូងលោតនោះទេ ចិត្តក្នុងខ្លួនក៏ជាអ្នកគ្រប់គ្រងទៅលើផ្នែកទាំងនេះរបស់អ្នកដែរ។
កាលណាអ្នកអាចធ្វើឲ្យចិត្តក្នុងខ្លួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកបាន មិនថាតែឥរិយាបថ ទម្លាប់មិនល្អ ជំនឿខុសឆ្គង អារម្មណ៍អវិជ្ជមានដែលអ្នកតែងមាននោះទេ ពួកវានឹងស្ថិតនៅក្នុងអំណាចរបស់អ្នកទាំងអស់។ យ៉ាងណាមិញ ដើម្បីធ្វើជាម្ចាស់គ្រប់គ្រងទៅលើវាបាន ជាដំបូងអ្នកត្រូវយល់ពីវិធីនៃការធ្វើការរបស់ចិត្តក្នុងខ្លួនជាមុនសិន។ តើចិត្តក្នុងខ្លួនធ្វើការដោយរបៀបណា ?
១) វាមិនអាចបែងចែកពីភាពខុសគ្នារវាងការស្រមើស្រមៃ និងការពិតបានឡើយ
តើអ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីអ្នកភ័យខ្លាចនៅពេលទស្សនារឿងដ៏គួរឲ្យរន្ធត់ណាមួយ ទាំងដែលវាមិនមែនជាការពិតដែលអ្នកកំពុងតែជួបជាក់ស្ដែងផងនោះ ? នេះក៏ដោយសារតែ ចិត្តក្នុងខ្លួនរបស់អ្នកមិនអាចធ្វើការបែងចែកបានពីអ្វីដែលជាការស្រមៃ និងអ្វីដែលជាការពិត ធ្វើឲ្យវាយល់ច្រឡំថាទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅក្នុងសាច់រឿងនោះគឺជាការពិត ហើយបង្កអារម្មណ៍ភ័យខ្លាចកើតឡើង។
២) ចិត្តក្នុងខ្លួនតែងមានអារម្មណ៍ថាពេលវេលាកន្លងផុតទៅលឿន
អ្នកអាចយល់បានពីចំណុចនេះ ដោយសង្កេតក្នុងពេលកំពុងគេង។ នៅពេលអ្នកគេង ចិត្តក្រៅខ្លួនរបស់អ្នកក៏ដេកលក់ដែរ តែចិត្តក្នុងខ្លួនរបស់អ្នកនៅតែធ្វើការងាររបស់វាជានិច្ច មិនមានពេលឈប់នោះឡើយ។ ចិត្តក្នុងខ្លួនមិនមានអារម្មណ៍ដិតជាប់ទៅនឹងការដើរទៅមុខរបស់ពេលវេលាដូចចិត្តក្រៅខ្លួននោះឡើយ ហេតុនេះហើយទើបបានជាអ្នកមានអារម្មណ៍ថាពេលវេលាកន្លងផុតទៅយ៉ាងរហ័ស កំឡុងពេលអ្នកមិនដឹងខ្លួន។
៣) កាលណាអនុសម្បជញ្ញៈរបស់អ្នកកាន់តែជឿលើគំនិតអ្វីមួយយូរប៉ុណ្ណា វានឹងកាន់តែពិបាកប៉ុននោះក្នុងការលុបវាចេញ
ជំនឿដែលចាក់ឫសជាប់នៅក្នុងចិត្តក្នុងខ្លួនកាន់តែយូរ វានឹងកាន់តែពិបាកក្នុងការផ្លាស់ប្ដូរជាងជំនឿដែលបញ្ចូលមកថ្មីៗ រហូតទាល់តែជំនឿថ្មីមួយផ្សេងទៀតដែលមានអានុភាពជាងជំនឿចាស់ចូលមកជំនួសវិញ ទើបវាអាចផ្លាស់ប្ដូរ។
៤) រាល់ការគិតទាំងអស់សុទ្ធតែបង្កជាផលតបស្នងតាមរយៈរូបរាងកាយ
នៅពេលអ្នកគិត ឬបង្កើតជារូបភាពស្រមៃថាអ្នកនឹងធ្វើមិនបានល្អក្នុងបទបង្ហាញណាមួយ នោះលទ្ធផលតបស្នងនឹងធ្វើឲ្យបេះដូងអ្នកលោតញាប់ ត្រជាក់ចុងដៃចុងជើងជាក់ជាមិនខាន។
៥) អ្នកអាចដាក់ស្នើបញ្ចូលគំនិតថ្មីទៅក្នុងអនុសម្បជញ្ញៈរបស់អ្នកបាន
ត្រង់ចំណុចនេះ អ្នកអាចចាប់ផ្ដើមយល់បានថាហេតុអ្វីមានការណែនាំជាច្រើនឲ្យអ្នកតាំងសមាធិ។ នៅពេលអ្នកតាំងសមាធិ ចិត្តក្រៅខ្លួន ឬសម្បជញ្ញៈរបស់អ្នកនឹងដេកលក់ នៅពេលនោះអ្នកអាចគិតរឿងល្អៗ ជាអ្វីដែលអ្នកប្រាថ្នាចង់បានក្នុងជីវិត ស្នើបញ្ចូលទៅក្នុងអនុសម្បជញ្ញៈរបស់អ្នកបាន។ នៅពេលការគិតបែបនេះប្រព្រឹត្តទៅជាទម្លាប់ដដែលៗច្រើនដង រហូតដល់វាចាក់ឫសជ្រៅទៅក្នុងជំនឿរបស់អ្នក នោះវានឹងបង្កជាផលតបស្នងតាមរូបរាងកាយ ធ្វើឲ្យអ្នកទទួលបានវាពិតមែន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ 2KnowMySelf