សម្រាប់​អ្នក​ពូកែ​ខាង​ចិត្ត​សាស្ត្រ​ ​នឹង​ជួយ​ឲ្យ​ជីវិតពួកគេ​ប្រសើរ​ជាង​មុន​​​តាមរយៈ​ចំណុច​សំខាន់​៤​យ៉ាង​នេះ​



មនុស្ស​យើង​ម្នាក់ៗ​តែងតែ​ព្យាយាម​ចំណាយ​ពេលវេលា កម្លាំងកាយ​និង​ចិត្ត​ស្វែងរក​ដំណោះស្រាយ​ពី​ខាងក្រៅ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ជីវិត​ទាំងឡាយ។ ពួក​យើង​តែងតែ​ចង់​ឲ្យ​ជីវិត​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​សម​ប្រកប​តាម​បំណង។ ចំណង់​នេះ​អាច​កើត​មាន​បាន ប្រសិន​បើ​អ្នក​យល់​ពី​ចិត្តសាស្ត្រ ឬ​ជា​វិធី​ធ្វើការ​របស់​ចិត្ត។

នៅ​ពេល​អ្នក​ដឹង​ថា ចិត្ត​គំនិត​របស់​អ្នក មាន​ឥទ្ធិពល​ទៅលើ​លទ្ធផល​គ្រប់​យ៉ាង​ដែល​អ្នក​ទទួល​បាន​ក្នុង​ជីវិត នោះ​អ្នក​នឹង​អាច​រក​ឃើញ​ពី​វិធី​គ្រប់គ្រង​ទៅលើ​លទ្ធផល​ទាំងនោះ​ដោយ​ចាប់ផ្ដើម​ចេញ​ពី​ការ​គ្រប់គ្រង​ចិត្ត​របស់​ខ្លួន។ ត្រង់​ចំណុច​នេះ តើ​ការ​យល់ដឹង​ពី​ចិត្តសាស្ត្រ​អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ជីវិត​អ្នក​បាន​តាម​របៀប​ណា​ខ្លះ ?

១) អភិវឌ្ឍ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អ្នក

អ្នក​អាច​ក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​បាន​ល្អ លុះ​ត្រា​ណា​តែ​អ្នក​អាច​យក​ចិត្ត​គេ​ដាក់​ចិត្ត​ខ្លួនឯង យល់​ពី​អារម្មណ៍​រាល់​បុគ្គល​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ថា​តើ​ពួកគេ​ចង់​បាន​អ្វី​យ៉ាង​ពិត​ប្រាកដ។ អ្នក​ត្រូវ​ផ្ដល់​នូវ​ការ​ត្រួសត្រាយ​ផ្លូវ​ដ៏​ជាក់លាក់​មួយ​ដល់​ពួកគេ រួច​ផ្ដល់​សេរីភាព​សម្រាប់​ការ​បញ្ចេញ​នូវ​យោបល់​ឬ​ការ​យល់​ឃើញ​របស់​ពួកគេ ដើម្បី​បើក​ឱកាស​ឲ្យ​មាន​ការ​បំផុស​នូវ​គំនិត​ច្នៃប្រឌិត​ឡើង។

២) បង្កើន​នូវ​សមត្ថភាព​ចងចាំ​របស់​អ្នក

ការ​យល់ដឹង​ពី​វិធី​ធ្វើការ​នៃ​ចិត្ត នឹង​ធ្វើឲ្យ​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ពិភព​របស់​ខ្លួន ស្វែង​យល់​ពី​ខួរក្បាល​របស់​ខ្លួន​ថា​តើ​តាម​របៀប​ណា​ទើប​វា​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ? ដោយ​ការ​ផ្ចង់​អារម្មណ៍​ទៅលើ​ព័ត៌មាន​តែ​មួយ​មុខ បញ្ចៀស​នូវ​ការ​រំខាន​ផ្សេងៗ រួម​ផ្សំ​នឹង​ការ​រំលឹក​ជា​ញឹកញាប់ នោះ​សមត្ថភាព​ចងចាំ​របស់​អ្នក​នឹង​អាច​បំពេញ​តម្រូវការ​របស់​អ្នក​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។

៣) ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន​ក្នុង​ការ​សិក្សា

តាម​ការ​សិក្សា​មួយ​បាន​ធ្វើការ​ពិសោធន៍​ទៅលើ​សិស្ស​មួយ​ក្រុម​ដែល​ប្រើប្រាស់​វិធីសាស្ត្រ​រៀន​តែ​ម្យ៉ាង​ដើម្បី​ចងចាំ​មេរៀន និង​សិស្ស​មួយ​ក្រុម​ទៀត​ដែល​ប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​តេស្ត​សាកល្បង​ដោយ​ខ្លួនឯង​ដដែលៗ​ដើម្បី​ចងចាំ​មេរៀន។ លទ្ធផល​ដែល​ទទួល​បាន​គឺ សិស្ស​ក្រុម​ទី១​ចងចាំ​បាន​ត្រឹមតែ​៤០ភាគរយ​នៃ​មេរៀន ស្រប​ពេល​ដែល​សិស្ស​ក្រុម​ទី២​ចងចាំ​បាន​រហូត​ដល់​ទៅ​៦១ភាគរយ​នៃ​មេរៀន។ តាមរយៈ​ការសិក្សា​នេះ អ្នក​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​តេស្ត​សាកល្បង​ខ្លួនឯង​ជា​ញឹកញាប់ ដើម្បី​ឲ្យ​អ្នក​អាច​ចងចាំ​មេរៀន​បាន​ល្អ​ប្រសើរ​ជាង​មុន នោះ​វា​ក៏​នឹង​មាន​លទ្ធផល​ល្អ​ចំពោះ​ការ​ប្រឡង​របស់​អ្នក​ដែរ។

៤) ​​ពូកែ​ខាង​លើក​ទឹកចិត្ត​ខ្លួន​ឯង​

ជា​ធម្មតា​ទេ​​ ​មនុស្ស​ណា​ក៏​ដោយ​ក៏​ត្រូវ​​ពើប​ប្រទះ​នឹង​បញ្ហា​ដែរ​ ​​​ហើយ​ក្នុង​កាលៈទេសៈ​នោះ ​​​តែង​តែ​មាន​ការ​បាក់ទឹកចិត្ត​​​នៅ​ពេល​ដែល​មិន​អាច​ដោះស្រាយ​​រឿង​ស្មុគស្មាញ​ទាំង​នោះ​បាន​។ ​ចំពោះ​មនុស្ស​ដែល​មិន​សូវ​មាន​ចំណេះដឹង​ផ្នែក​ចិត្តសាស្ត្រ​ គឺ​ងាយ​នឹង​បាក់​ទឹកចិត្ត​ខ្លាំង​ណាស់ ​ហើយ​ក៏​កម្រ​នឹង​ធូរស្បើយ​នោះ​ដែរ។ ​ផ្ទុយ​ទៅ​វិញ ​​សម្រាប់​មនុស្ស​ដែល​មាន​ចំណេះដឹង​ផ្នែក​ចិត្តសាស្ត្រ​ ពួក​គេ​អាច​នឹង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​រឿង​រ៉ាវ​ដែល​កើត​​ឡើង​​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​ពួកគេ​​ស្វែងរក​ចំណុច​សំខាន់ៗ​ដែល​ជួយ​ជំរុញ​​ និង ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ឡើង​វិញ ដើម្បី​មាន​​សង្ឃឹម​ដើរ​ទៅ​មុខ​ទៀត​៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.verywell.com

X
5s