បែបបទនៃការគិតដ៏ឆោតល្ងង់ទាំង ៣យ៉ាងរបស់ធម្មជាតិនៃមនុស្ស​



តាម​ធម្មជាតិ​របស់​មនុស្ស ពួកគេ​បង្កើត​ការ​យល់ឃើញ​ទៅលើ​អ្វី​មួយ និង​និយាយ​វា​ចេញ​មក​ដោយ​ផ្អែក​ទៅលើ​បទពិសោធន៍​ជីវិត​របស់​ពួកគេ​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ។ តើ​អ្នក​មិន​ឆ្ងល់​ទេ​ឬ​ថា​ហេតុអ្វី​ទើប​បាន​ជា​ការ​សម្រេច​ចិត្ត​ជា​ផ្លូវ​ការ​ណាមួយ ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​មតិ​របស់​មនុស្ស​ច្រើន​នាក់ ជជែក​វែកញែក​ទៅលើ​ប្រធានបទ​ជាក់លាក់​ណាមួយ ? អ្នក​ឈរ​នៅ​ជ្រុង​ម្ខាង​សម្លឹង​មក​មើល​បញ្ហា​មួយ ឯ​អ្នក​ផ្សេង​ទៀត​ប្រាកដ​ជា​សម្លឹង​មក​មើល​បញ្ហា​ដូច​គ្នា​នោះ​ដោយ​ឈរ​នៅ​ជ្រុង​ម្ខាង​ទៀត​ផ្សេង​ពី​អ្នក​មិន​ខាន។

Thought, Idea, Innovation, Imagination, Inspiration

ទោះ​ជា​ដឹង​ខ្លួន​ឬ​មិន​ដឹង​ខ្លួន​ក៏​ដោយ ស្ទើរ​តែ​រៀងរាល់​ពេល ការ​យល់ឃើញ​របស់​អ្នក​គ្រាន់តែ​ជា​ភាព​លម្អៀង​នៃ​ការ​សន្និដ្ឋាន​របស់​អ្នក​តែ​ប៉ុណ្ណោះ។ បើ​អ្នក​ចងចាំ​ការ​ពិត​នេះ​ទុក​ក្នុង​ចិត្ត​រហូត​បាន​នោះ អ្នក​នឹង​បើក​ចិត្ត​ទូលាយ​ជាង​មុន​ដើម្បី​ទទួល​យក​គំនិត​អ្នកដទៃ​ដែល​ខុស​ពី​អ្នក រហូត​ទាល់តែ​សំយោគ​បាន​រូបភាព​រួម​ត្រឹមត្រូវ​មួយ​ទៅលើ​បញ្ហា​ណាមួយ។ ខាងក្រោម​នេះ​ដែរ​គឺជា បែបបទ​នៃ​ការ​គិត​៣យ៉ាង​របស់​មនុស្ស ដែល​ពួកគេ​តែង​មាន​ដែល​យល់​ថា​ត្រឹមត្រូវ​ដែល​តាម​ពិត​ជា​ភាព​ឆោត​ល្ងង់​របស់​ធម្មជាតិ​នៃ​មនុស្ស​តែ​ប៉ុណ្ណោះ។

១) ភាព​ប្រឆាំង​គ្នា​ក្នុង​ការ​គិត៖ តើ​អ្វី​ប្រឆាំង​នឹង​អ្វី​នៅ​ក្នុង​ការ​គិត​របស់​អ្នក ? វា​គឺជា​ការ​ប្រឆាំង​គ្នា​រវាង​ការ​ពិត​និង​ការ​គិត​របស់​អ្នក​ដែល​បង្កប់​នូវ​ចំណង់​ទៅលើ​អ្វី​មួយ។ អ្នក​ចង់​បំពេញ​នូវ​ចំណង់​របស់​អ្នក​ទៅលើ​អ្វី​មួយ ប៉ុន្តែ​ការ​ពិត​អំពី​ចំណុច​អវិជ្ជមាន​នៃ​ទង្វើ​មួយ​នោះ មាន​ការ​ប្រឆាំង​គ្នា​ទៅ​នឹង​ចំណង់​របស់​អ្នក បង្ក​នូវ​អារម្មណ៍​មិន​ល្អ​ដល់​អ្នក ជា​ហេតុ​នាំ​ឲ្យ​អ្នក​ចាប់ផ្ដើម​ស្វែងរក​អំណះអំណាង ឬ​ហេតុផល​ដ៏​សមរម្យ​មិន​អាច​ប្រកែក​បាន​ណាមួយ មក​គាំទ្រ​នឹង​ចំណង់​របស់​ខ្លួន ក៏​ព្រោះ​តែ​អ្នក​ភ័យខ្លាច​នូវ​ការ​ពិត​អំពី​វា និង​មិន​ចង់​ទទួល​ស្គាល់​វា។

២) ការ​ជះ​ត្រឡប់​នៃ​អារម្មណ៍៖ តើ​អ្នក​ធ្លាប់​រិះគន់​ឲ្យ​នរណា​ម្នាក់​ថា​ពួកគេ​ចង្អៀតចង្អល់​មក​លើ​អ្នក ទាំង​ដែល​តាម​ពិត​អ្នក​ខ្លួនឯង​នោះ​ទេ​ជា​អ្នក​ចង្អៀតចង្អល់​នោះ ? វា​កើតឡើង​នៅ​ពេល​អ្នក​មិន​អាច​ទទួល​ស្គាល់​ការ​ពិត​អំពី​អារម្មណ៍​របស់​ខ្លួន វា​មាន​ទម្ងន់​ធ្ងន់​រហូត​ដល់​អ្នក​មិន​អាច​ទទួល​យក​វា​បាន ហើយ​អ្នក​ក៏​ជះ​ឥទ្ធិពល​របស់​វា​ទៅលើ​អ្នកដទៃ​ទៅវិញ និង​សន្មត​ដោយ​ការ​យល់​ច្រឡំ​ថា​ អ្នកដទៃ​ជា​អ្នក​មាន​អារម្មណ៍​បែប​នោះ មិនមែន​អ្នក​នោះ​ទេ។ ចិត្តសាស្ត្រ​នេះ​ចង់​បង្ហាញ​ថា អ្វី​ដែល​អ្នក​យល់ឃើញ​ចំពោះ​អ្នកដទៃ គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​របស់​អ្នក​នោះ​ឯង។

៣) ទស្សន​មាន​ហេតុ​មាន​ផល៖ ទស្សន​មាន​ហេតុ​មាន​ផល​នៅ​ត្រង់​នេះ​ចង់​សំដៅ​ទៅលើ​បែបបទ​នៃ​ការ​គិត​របស់​បុគ្គល​ម្នាក់ ដែល​កាឡៃ​ការ​ពិត​ប្រកប​ដោយ​ភាព​សម​ហេតុ​សម​ផល ដើម្បី​ឲ្យ​សម្រប​ទៅ​នឹង​ចំណង់​នៃ​អារម្មណ៍​របស់​ខ្លួន​គេ​ផ្ទាល់។ ការ​បង្កើត​ការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង​ក្នុង​ទម្រង់​នេះ គឺជា​បែបបទ​នៃ​ការ​គិត​ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​មួយ ព្រោះ​ថា​វា​ភ្ជាប់​នូវ​ហេតុផល​គាំទ្រ​នូវ​ចំណង់​នៃ​អារម្មណ៍​របស់​បុគ្គល​នោះ។ យ៉ាងណាមិញ បើ​ទោះ​ជា​ការ​កាឡៃ​នោះ​មាន​ហេតុផល​ក៏​ដោយ ក៏​វា​គ្រាន់តែ​ដើម្បី​បំពេញ​នូវ​ចំណង់​នៃ​អារម្មណ៍​មិន​សម​ហេតុ​សម​ផល​របស់​ពួកគេ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ owlcation.com

X
5s