តើអ្នកប្រាកដទេថា កំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅរបស់ខ្លួនឯង?
«ចូរប្រុងប្រយ័ត្ននឹងភាពមិនអំណោយផលនៃជីវិតមមាញឹក»។ នេះជាសម្ដីរបស់សូក្រាត ទស្សនវិទូក្រិកបុរាណរបស់លោកខាងលិច។ តើអ្នកធ្លាប់ស្វ័យត្រួតពិនិត្យដោយសួរខ្លួនឯងជាមួយនឹងសំណួរថា តើអ្វីដែលអ្នកកំពុងបូជាទាំងកម្លាំងកាយចិត្ត និងពេលវេលារាល់ថ្ងៃនេះ គឺជារឿងដ៏សំខាន់បំផុតសម្រាប់ជីវិតអ្នកឫទេ ? ឬក៏វាសំខាន់ណាស់ដែរ តែសម្រាប់អ្នកដទៃ មិនមែនសម្រាប់ខ្លួនឯង ?
សិស្សជាច្រើននាក់មានទំនោរទៅតាមផ្នត់សង្គមដែលឲ្យតម្លៃទៅលើសមត្ថភាពរបស់មនុស្សម្នាក់ៗ ដោយផ្អែកទៅលើស្នាដៃរបស់ពួកគេនៅក្នុងសាលា តួយ៉ាងមានដូចជា និទ្ទេសA ឬពិន្ទុខ្ពស់ៗជាដើម។ ដោយសារតែមនុស្សម្នាក់ៗចង់បានការទទួលស្គាល់និងឲ្យតម្លៃពីមនុស្សក្នុងសង្គម និងគិតគូរពីមុខមាត់គ្រួសារ គោលដៅដ៏សំខាន់បំផុតដែលពួកគេចងភ្ជាប់ខ្លួនឯងយ៉ាងតឹងណែននោះគឺជាស្នាដៃអស្ចារ្យក្នុងសាលានោះឯង។ ឯគោលដៅនៃភាពជោគជ័យមួយនេះ គ្របដណ្ដប់ឥទ្ធិពលរបស់វាពេញមួយជីវិតសិក្សារបស់ពួកគេ ជាមូលហេតុដ៏ចម្បងជំរុញឲ្យពួកគេខិតខំរៀន និងភ្លេចថាតើអ្វីដែលបេះដូង និងដួងវិញ្ញាណរបស់ខ្លួនចង់បានពិតប្រាកដ ក៏ព្រោះតែពួកគេមមាញឹកនឹងបំពេញបំណងអ្នកដទៃ។
មិនខុសគ្នាដែរ អ្នកធ្វើការតាមស្ថាប័នក្រុមហ៊ុនផ្សេងៗ មិនថានៅក្នុងមុខតំណែងខ្ពស់ប៉ុណ្ណានោះទេ គោលដៅពួកគេគឺប្រឹងប្រែងងប់ងុលនឹងបំពេញការងារ ក៏ដើម្បីបំពេញចិត្តថ្នាក់លើ នឹងអាលឡើងតំណែង ប្រាក់ខែ និងមានកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម។ ពួកគេមមាញឹកជាប្រចាំ តែវាគ្រាន់តែជាការមមាញឹកនឹងជួយអ្នកដទៃសម្រេចគោលដៅរបស់ពួកគេ មិនមែនមមាញឹកនឹងអ្វីដែលសំខាន់ចំពោះខ្លួនពិតប្រាកដឡើយ។
ត្រង់នេះក៏នឹកឃើញទៅដល់ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg និយាយថា៖«មានសំណួរមួយដែលខ្ញុំស្ទើរតែសួរខ្លួនឯងជារៀងរាល់ថ្ងៃនោះគឺ តើខ្ញុំកំពុងតែធ្វើរឿងដ៏សំខាន់បំផុត ដែលខ្ញុំអាចធ្វើបានហើយឫនៅ ?»។ តើដល់ពេលឫនៅដែលអ្នកគួរចាប់ផ្ដើមបំពេញក្ដីសុបិនរបស់ខ្លួនឯងហើយនោះ ? ប្រាកដណាស់ថា ការលះបង់ចោលនូវការជួយអ្នកដទៃបំពេញគោលដៅពួកគេ ហើយងាកមកដើរតាមបេះដូងខ្លួនឯង សាងសមិទ្ធផលបង្កើតការផ្លាស់ប្ដូរដ៏វិជ្ជមាននិងអស្ចារ្យដល់មនុស្សជាតិ គឺជាការប្រថុយនឹងគ្រោះថ្នាក់ និងចៀសមិនផុតពីការរិះគន់ជាមួយនឹងគំនិតផ្ដួចផ្ដើមច្នៃប្រឌិតជារបស់ខ្លួននោះឡើយ។
ប៉ុន្តែអ្នកត្រូវចាំដល់គតិបណ្ឌិតរបស់ទស្សនវិទូចិន ខុងជឺផងដែរថា៖ «មនុស្សម្នាក់ដែលអាចរំកិលភ្នំបាន គឺពួកគេចាប់ផ្ដើមដោយការកាយចេញនូវដុំថ្មតូចៗជាមុនសិន»។ វិចិត្រករអាចសាងស្នាដៃជាមួយនឹងរូបគំនូរដ៏អស្ចារ្យបង្កប់នូវអត្ថន័យជ្រាលជ្រៅមួយបាន ទាល់តែពួកគេគូសវាសរូបភាពក្នុងចិត្តក្នុងទម្រង់ជាការស្រមើស្រមៃជាមុនសិន។ ឯអ្នកវិញក៏មិនខុសគ្នាដែរ ហើយជំនឿលើខ្លួនឯងថាអ្នកអាចធ្វើបានជានិច្ចរឹតតែមិនអាចខ្វះបានទៅទៀត៕
ប្រែសម្រួល៖ ស្រីពៅ