បើមានសញ្ញាទាំងនេះ អាចបញ្ជាក់ថាអ្នកនឹងគ្មានថ្ងៃអាចសម្រេចគោលដៅក្នុងជីវិតរបស់ខ្លួនបានឡើយ
មានការសិក្សាមួយពីសកលវិទ្យាល័យ Scarantonបានបង្ហាញឲ្យឃើញថាក្នុងចំណោមមនុស្ស១០០នាក់ មនុស្ស៩២នាក់ទៅហើយមិនសម្រេចគោលដៅដែលខ្លួនឯងបានកំណត់។ នោះមានន័យថាមនុស្សតិចតួចណាស់ដែលសម្រេចគោលបំណងខ្លួនឯងបាន។ ភារកិច្ចរបស់អ្នកគឺត្រូវក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចតួចនោះ។ ខាងក្រោមនេះជាចំណុចដែលអ្នកត្រូវប្រុងប្រយ័ត្ន៖
១)អ្នកចាប់ផ្តើមបាត់បង់នូវចំណង់៖ នេះជាហេតុផលធំមួយដែលមនុស្សជាច្រើនបរាជ័យ។ យើងទាំងអស់គ្នាដឹងហើយថាដើម្បីទទួលបានភាពជោគជ័យ វាមិនមែនរឿងងាយស្រួលនោះទេ។ វាទាមទារការខិតខំប្រឹងប្រែងប្រចាំថ្ងៃ។ នៅពេលដែលអ្នកខំប្រឹងហើយមិនទទួលបានលទ្ធផលភ្លាមៗ អ្នកចាប់ផ្តើមបាត់បង់នូវចំណង់។ ប្រសិនជាអ្នកបណ្ដោយវាឲ្យកើតឡើង អ្នកនឹងបាត់បង់នូវទំនុកចិត្ត ដែលជាចុងក្រោយ អ្នកនឹងបោះបង់គោលដៅរបស់ខ្លួនឯង។
២) មិនដឹងត្រូវធ្វើអ្វី៖ ជាធម្មតា មនុស្សមានចំណង់និងចាប់ផ្តើមសកម្មភាពដោយមានភាពស្វាហាប់នៅពេលចាប់ផ្តើម ហើយពួកគេមានមហិច្ឆតាធំណាស់។ ពួកគេដាក់ក្តីសុបិនដ៏ធំហើយមិនច្បាស់លាស់សម្រាប់ខ្លួនឯង ជាលទ្ធផល ពួកគេមិនដឹងត្រូវធ្វើដូចម្ដេច។ ប្រសិននេះជាករណីរបស់អ្នក អ្នកគួរតែបំបែកគោលដៅឲ្យតូចៗហើយចាប់ផ្តើមសកម្មភាព។
៣) មិនធ្វើអ្វីទាំងអស់៖ នៅពេលដែលអ្នកមិនធ្វើអ្វីសោះសម្រាប់ក្តីសុបិនរបស់អ្នក នេះជាសញ្ញាមួយដែលអ្នកនឹងបោះបង់ក្តីសុបិនរបស់អ្នកនាពេលឆាប់ៗនេះ។ នោះក៏ដោយសារតែប្រសិនជាអ្នកពិតជាគិតឬបារម្ភពីក្តីសុបិនរបស់អ្នក អ្នកនឹងមិនអង្គុយស្ងៀមនោះទេ។ ផ្ទុយទៅវិញ អ្នកនឹងធ្វើនូវអ្វីៗទាំងអស់ដើម្បីសម្រេចគោលបំណងរបស់អ្នក៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addictedd2success.com