លោកអ្នកដឹងអ្វីខ្លះពីផ្កាយរណបទី១ដែលឡាវបាញ់បង្ហោះ ដោយជោគជ័យកាលពីចុងខែវិច្ឆិកា? (វីដេអូ)
ផ្កាយរណបដំបូងរបស់សាធារណរដ្ឋប្រជាមានិត្យឈ្មោះ Lao Sat-1 ត្រូវបានបាញ់បង្ហោះដោយជោគជ័យក្រោមជំនួយឧបត្ថម្ភបច្ចេកទេសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ។ ការបាញ់បង្ហោះនេះនឹងផ្លាស់ប្ដូរមុខមាត់វិស័យទូរគមនាគមន៍របស់ប្រទេសនេះមួយកម្រិតទៀត។
ត្រូវបានផលិត និងផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលចិនក្នុងគម្រោងទឹកប្រាក់ ២៥៨លានដុល្លារ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ខេត្ត Sichuan ប្រទេសចិន។
ផ្កាយរណបរបស់ឡាវទីមួយនេះ នឹងបម្រើឱ្យវិស័យទូរគមនាគមន៍សម្រាប់ការងាររដ្ឋាភិបាល ទូរទស្សន៍ និងប្រព័ន្ធទំនាក់ទំនងទូរស័ព្ទ។ ក្រៅពីនេះផ្កាយរណបនេះក៏បម្រើដល់វិស័យ អប់រំ សុខភាព ការពារជាតិ សុវត្ថិភាព និងវិស័យផ្សេងៗទៀត។
ផ្កាយរណបនេះ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងវៀងចន្ទន៍ និងក្រុមហ៊ុនចំនួនបីរបស់ចិនគឺ រដ្ឋាភិបាលចិនភាគហ៊ុន ៤៥%, ក្រុមហ៊ុនចិន APMT មានភាគហ៊ុន ៣៥% ក្រុមហ៊ុនចិន SSTC ភាគហ៊ុន ១៥% និងក្រុមហ៊ុន APST មានភាគហ៊ុន ៥%។
ប្រទេសឡាវ បានចាប់ផ្ដើមអនុវត្តគម្រោងបង្ហោះផ្កាយរណបនេះ តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ហើយនៅឆ្នាំ២០០៩ ប្រទេសនវបានរកឃើញចន្លោះគន្លងនៅប៉ែកបូព៌ា (East orbital slot) ក្នុងកម្រិត ១២៨.៥ដឺក្រេ ហើយរដ្ឋាភិបាលនេះក៏បានដាក់សំណុំឯកសារស្នើសុំប្រើចន្លោះគន្លងនេះតែម្ដង។ ដោយសារតែគ្មានថវិកា គាំទ្រគម្រោងនេះ ឡាវបានផ្អាកទៅវិញ ហើយរហូតដល់ឆ្នាំ២០១២ ទើបប្រទេសនេះ ទទួលបានកម្ចីហិរញ្ញប្បទានពីធនាគារនាំចេញនាំចូលចិនក្នុងទឹកប្រាក់ ២៩៥លានដុល្លារ។
យោងតាមទិន្នន័យកំណត់របាយការណ៍ផ្កាយរណបរបស់យោធាអាមេរិកបានឱ្យដឹងថា ផ្កាយរណបនេះត្រូវបានបាញ់ដោយប្រើរ៉ុកកែត Long March 3B ក្នុងរយៈកម្ពស់ ពី ១៩០ ទៅ ៤១៧៨៧គីឡូម៉ែត្រ និងមានកម្រិតល្អៀង ១៨.៤ដឺក្រ។
មន្ត្រីឡាវបានអះអាងថា ផ្កាយរណបនេះពិតជាមានសារសំខាន់សម្រាប់ប្រទេសឡាវ ដោយសារតែប្រទេសនេះសម្បូរទៅដោយភ្នំដែលធ្វើឱ្យលំបាកដល់វិស័យទូរគមនាគមន៍។ ផ្កាយរណបនេះនឹងផ្លាស់ប្ដូរមុខមាត់ឡាវមួយកម្រិតទៀត។
ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើង ក្នុងចំណោមប្រទេស ១៩៣ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ចំនួនពាក់កណ្ដាលមិនទាន់មានផ្កាយរណបជារបស់ខ្លួននៅឡើយទេ៕
ដោយ៖ រតនៈវិភូ