ហេតុអ្វីទើបមាន «ការស្លាប់»?​



រូបភាព​មួយ​ផ្ទាំង​ដូច​គ្នា ប៉ុន្តែ​ការ​មើល​ឃើញ​មាន​ចំពោះ​វា​មាន​រូបភាព​ខុស​ពី​គ្នា​ជាច្រើន អាស្រ័យ​ទៅលើ​វិធី​ដែល​មនុស្ស​ម្នាក់ៗ​ជ្រើសរើស​មើល​ទៅលើ​វា។ ត្រង់​នេះ​ចង់​មានន័យ​ថា ចំពោះ​បញ្ហា​តែ​មួយ មនុស្ស​ម្នាក់ៗ​យល់​ឃើញ​ចំពោះ​វា និង​បកស្រាយ​ទៅលើ​វា​មិន​ដូច​គ្នា​នោះ​ទេ។ តួយ៉ាង ចំពោះ​សំណួរ​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​យើង​ស្លាប់ ? បញ្ហា​ចោទ​សួរ​តែ​មួយ​នេះ អ្នក​បកស្រាយ​តាម​បែប​ជំនឿ​សាសនា​នឹង​និយាយ​ទៅ​តាម​អ្វី​ដែល​អាទិទេព​បាន​ចារឹក​ទុក​នៅ​ក្នុង​គម្ពីរ ដោយ​ឡែក​អ្នក​បកស្រាយ​តាម​បែប​វិទ្យាសាស្ត្រ​នឹង​និយាយ​ទៅ​តាម​អ្វី​ដែល​ការ​ស្រាវជ្រាវ​របស់​ខ្លួន​បាន​រក​ឃើញ​តាមរយៈ​បទពិសោធន៍​របស់​មនុស្ស​យើង​ជាមួយ​នឹង​ការ​ផ្ដល់​នូវ​ហេតុផល​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។ ការ​បកស្រាយ​តាម​ជំនឿ​សាសនា​នោះ​ទៅ​ទៀត​ក៏​មិន​ដូច​គ្នា​ដែរ ក៏​ព្រោះ​តែ​នៅ​លើ​ពិភពលោក​មិនមែន​មាន​សាសនា​តែ​មួយ​ជា​អាទិភាព​របស់​មនុស្ស​នោះ​ឡើយ។ យ៉ាងណាមិញ បើ​យើង​សាក​ដក​ខ្លួន​ចេញ​ពី​ពិភព​នៃ​ជំនឿ​សាសនា ហើយ​ងាក​មក​ប្រកាន់​យក​ហេតុផល​សិក្សា​ពី​ធម្មជាតិ​នៃ​ការ​ស្លាប់​របស់​មនុស្ស តាម​ការ​បកស្រាយ​របស់​វិទ្យាសាស្ត្រ​វិញ តើ​វា​មាន​មូលហេតុ​មក​ពី​កត្តា​អ្វី​ខ្លះ ? តាម​ពិត​ទៅ កោសិកា​មួយ​ប្រភេទ​ឈ្មោះ​ថា germ cells ដែល​ជា​កោសិកា​បង្ក​កំណើត​ដូចជា មេ​ជីវិត​ញី​និង​ឈ្មោល គឺជា​កោសិកា​ដែល​មាន​ជីវិត​អមត និង​ធ្វើការ​បង្ក​កំណើត​ក្នុង​ទម្រង់​ជា​ការ​ចម្លង​ដដែលៗ​ជា​និរន្ត​ឥត​ឈប់ឈរ​តាំង​ពី​មាន​ជីវិត​រស់នៅ​កាល​ពី​៣​ពាន់​លាន​ឆ្នាំ​មុន។ ដូច្នេះ​វា​អាច​សន្និដ្ឋាន​បាន​ថា​មនុស្ស​យើង​គ្រប់​គ្នា​មាន​កោសិកា​ដែល​ចេញ​ពី​ដូនតា​តែ​មួយ គ្រាន់តែ​កោសិកា​នោះ​បែងចែក​ជា​ក្រុម​ផ្សេងៗ​ពី​គ្នា​ប៉ុណ្ណោះ និង​មាន​អ្នក​ខ្លះ​ឈាន​ទៅ​ដល់​ការ​សន្និដ្ឋាន​ថា​មនុស្ស​យើង​ក៏​មាន​កោសិកា​ចេញ​ពី​ដូនតា​តែ​មួយ​ដូច​សត្វ​ដែរ ក៏​ព្រោះ​តែ​ដំណើរការណ៍​នៃ​ការ​ផលិត​បង្ក​កំណើត​កោសិកា​ចម្លង​ដដែលៗ​នោះ​ទៀត​សោត​ក៏​មាន​លក្ខណៈ​ដូច​គ្នា​ដែរ។ យ៉ាងណាមិញ ដោយសារ​កោសិកា​បង្ក​កំណើត​នេះ​មាន​ជីវិត​អមត ហេតុនេះ​គឺជា​កោសិកា​មួយ​ប្រភេទ​ទៀត​ហៅ​ថា somatic cells ជា​កោសិកា​ដែល​បង្ក​បង្កើត​រូបរាង​កាយ​របស់​មនុស្ស​យើង​ឡើង​មក​នោះ​ទៅវិញ​ទេ​ដែល​ជា​មូលហេតុ​បង្ក​ការ​ស្លាប់​ដល់​មនុស្ស​យើង។ អាយុកាល​ជីវិត​ដែល​វា​អាច​រស់នៅ​បាន កំណត់​អាយុ​ជីវិត​រស់រាន​របស់​មនុស្ស​យើង​រួម​ទាំង​សត្វ​និង​រុក្ខជាតិ។ វា​ទទួល​រង​ឥទ្ធិពល​ពី​ពិភពលោក​ដ៏​អាក្រក់​ដែល​យើង​កំពុង​រស់នៅ​នេះ ដែល​មាន​ដូចជា​សត្វ​សាហាវ​ដែល​ចាំ​ឆ្មក់​សីុ​សត្វ​ទន់​ខ្សោយ​ជា​អាហារ មេរោគ​សាហាវ​រាតត្បាត និង​សារធាតុ​ផ្សេងៗ។ ដោយសារ​ហេតុផល​ដែល​ធ្វើឲ្យ​មនុស្ស​យើង​មិន​អាច​រស់នៅ​រហូត​បាន​នេះ​ហើយ ដំណើរការណ៍​នៃ​ការ​ផលិត​កោសិកា​ត្រូវ​បាន​ទាមទារ​ដើម្បី​រក្សា​សរីរាង្គ​ទាំងឡាយ​ឲ្យ​នៅ​ក្មេង ហើយ​ការ​បង្ក​កំណើត​កោសិកា​បន្ត​ទៀត​ក៏​បាត់បង់​ឱកាស​របស់​វា។ ហេតុផល​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ផ្សំ​ផ្គុំ​រវាង​ហ្សែន។ ឧទាហរណ៍​ទៅលើ​រុក្ខជាតិ ពួក​វា​ឆាប់​ផ្សំផ្គុំ​ហ្សែន​រវាង​គ្នា និង​បង្ក​ជា​កំណើត ដែល​ធម្មជាតិ​នេះ​បាន​ធ្វើឲ្យ​រុក្ខជាតិ​រស់នៅ​មិន​បាន​យូរ​នោះ​ឡើយ។ ដូច​មនុស្ស​យើង​ដែរ ពិត​ណាស់​ថា​ហ្សែន​របស់​កូន​ពួកគេ​ដែល​ទទួល​បាន​ពី​ការ​ផ្សំផ្គុំ​រវាង​ហ្សែន​ដែល​ឪពុក​ម្ដាយ​នៅ​មាន​អាយុ​តិច​នៅ​ឡើយ នឹង​បង្កើត​ជា​ហ្សែន​ល្អ​ដល់​សន្ដាន​ក្រោយ ប៉ុន្តែ​អ្នក​ផ្ដល់​កំណើត​នេះ​នឹង​រស់នៅ​មិន​បាន​យូរ​ឡើយ។ វា​ផ្ដល់​ផល​ល្អ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នឹង​ផ្ដល់​ផល​អាក្រក់​ក្នុង​រយៈពេល​វែង។ បញ្ហា​នៃ​ហ្សែន​មួយ​ទៀត​ក៏​ឆ្លើយ​នឹង​សំណួរ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​មនុស្ស​ដែរ គឺជា​ការ​ផ្លាស់ប្ដូរ​ទម្រង់​នៃ​ហ្សែន។ ឧទាហរណ៍​ទៅលើ​ហ្សែន​របស់​ពួក​ជនជាតិ​ជ្វីស​មួយ​ក្រុម​ដែល​មាន​លក្ខណៈ​ពិសេស​ធ្វើឲ្យ​ពួកគេ​មាន​ប្រាជ្ញា​ឈ្លាសវៃ​ជាង​ហ្សែន​របស់​មនុស្ស​ទូទៅ ប៉ុន្តែ​ផល​អវិជ្ជមាន​របស់​វា​គឺ​ពួកគេ​មាន​ជំងឺ​ត​ពូជ​ប្លែកៗ​មួយ​ចំនួន​យ៉ាង​គ្រោះថ្នាក់​ផង​ដែរ។ ការ​ផ្លាស់ប្ដូរ​ទម្រង់​នៃ​ហ្សែន​របស់​ពួកគេ​កើត​មាន​ដោយសារ​តែ​មេ​ជីវិត​បង្ក​កំណើត​ទាំងពីរ​មាន​ឈាម​ជ័រ​ជា​បង​ប្អូន​ខ្សែស្រឡាយ​ជិតៗ​គ្នា​នេះ​ឯង ហើយ​ពួកគេ​ផ្សំ​ផ្គុំ​ហ្សែន​តាម​ទម្រង់​នេះ​ត​មក​ជាប់​រហូត​ជា​ច្រើន​ទសវត្ស​ទើប​បង្ក​ជា​ជំងឺ​ចម្លែក​ត​ពូជ​នេះ​បាន៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ psychologytoday
X
5s