គន្លឹះសំខាន់ទាំង៣យ៉ាង ជាប្រទីបបំភ្លឺផ្លូវឆ្ពោះទៅរកគោលបំណងក្នុងជីវិតដ៏សំខាន់របស់អ្នក
នៅពេលអ្នកភ្ញាក់ខ្លួនដឹងថាអ្វីទៅជាគោលបំណងពិតប្រាកដក្នុងជីវិតរបស់អ្នក នោះទើបអ្នកចាប់ផ្ដើមដឹងពីអត្ថន័យនៃជីវិតបាន។ ព្រះពុទ្ធទ្រង់បានសម្ដែងថា៖ «គោលបំណងរបស់អ្នកនៅក្នុងជីវិតគឺស្វែងរកឲ្យឃើញនូវគោលដៅមួយ ហើយបូជាបេះដូងនិងវិញ្ញាណរបស់អ្នកដើម្បីវា»។ មុននឹងអ្នកសួរទៅកាន់ជីវិតនេះថាវាមានអត្ថន័យដូចម្ដេច ចូរអ្នកគួរដាក់សំណួរនេះសួរមកកាន់ខ្លួនឯងជាមុនសិន ហើយព្យាយាមឆ្លើយវាដោយការរស់នៅជីវិតរបស់ខ្លួនប្រកបដោយគោលបំណងមួយច្បាស់លាស់និងមានភាពត្រឹមត្រូវ នោះអ្នកនឹងដឹងថាជីវិតជាអ្វីពិតប្រាកដមិនខាន។
បុគ្គលដែលមានតម្លៃដឹងច្បាស់ថាខ្លួនកើតមកមិនមែនរស់ដើម្បីស៊ីនោះទេ តែស៊ីដើម្បីមានជីវិតរស់នៅបន្តសាងប្រយោជន៍ដល់អ្នកដទៃទៅវិញទេ។ បុគ្គលណាដែលយល់ច្បាស់ពីគោលបំណងនៃជីវិតរបស់ខ្លួន នោះសូម្បីតែជីវិតក៏ពួកគេហ៊ានលះបង់ដើម្បីសម្រេចគោលដៅនោះដែរ ព្រោះពួកគេជាក់ច្បាស់នឹងខ្លួនឯងហើយថានោះទើបជាមូលហេតុនៃការចាប់កំណើតរបស់ពួកគេនៅលើពិភពលោកនេះ។ គំនិតខាងក្រោមនេះដែរអាចជាគន្លឹះបើកបំភ្លឺផ្លូវសម្រាប់ឲ្យអ្នកស្វែងរកឃើញពីគោលបំណងក្នុងជីវិតរបស់អ្នកបាន៖
១) ចំណុចប្រសព្វនៃរង្វង់ទាំង៣៖ តើអ្វីជាចំណុចប្រសព្វនៃរង្វង់ទាំង៣ដែលនឹងអាចនាំអ្នកទៅដល់ការស្វែងរកឃើញពីគោលបំណងក្នុងជីវិតរបស់អ្នកបាន ? វាគឺជាការប្រសព្វគ្នារវាងការធ្វើនូវអ្វីដែលខ្លួនធ្វើបានល្អបំផុត ក្ដីសុខទទួលបានពីការធ្វើវា និងភាពជឿជាក់ថាអ្វីនោះនឹងបម្រើដល់ប្រយោជន៍មនុស្សជាតិ។ នៅពេលចំណុចទាំង៣ប្រសព្វគ្នាដែលបណ្ដាលឲ្យអ្នកស្វែងរកឃើញពីគោលបំណងពិតរបស់ខ្លួន នោះវាប្រៀបបានទៅនឹងរន្ទះដែលបាញ់កក្រើកពេញផ្ទៃវេហាដូច្នោះ គឺជាពេលមួយដែលអ្នកចាប់ផ្ដើមស្គាល់ពីអត្ថន័យនៃជីវិតនោះឯង។ ពាក្យមួយដែលអ្នកគួរចងចាំមិនភ្លេចផងដែរពីលោក Napoleon Hill នោះគឺ៖ «ភាពអំណត់អត់ធ្មត់ ភាពមានៈតស៊ូ និងដំណក់ញើសហូរ បង្កើតបានជាការរួមបញ្ចូលគ្នាមួយដែលមិនអាចផ្ដួលរលំបានសម្រាប់ភាពជោគជ័យ»។
២) គោលបំណងរបស់អ្នកជួនកាលអាចមានឫសគល់ចេញពីបទពិសោធន៍ដ៏ឈឺចាប់របស់អ្នក៖ ពេលខ្លះក្នុងចំណោមពួកយើងទាំងអស់គ្នា មិនដឹងថាអ្វីជាគោលដៅពិតប្រាកដក្នុងជីវិតរបស់ខ្លួនឯង ហើយក៏ចេះតែងងឹតងងល់ធ្វើនូវអ្វីដែលជាទំនោរសង្គម អ្វីដែលសង្គមឲ្យតម្លៃលើកសរសើរ ឬពុំនោះទេក៏ជាអ្វីដែលជាតម្រូវការរបស់គ្រួសារ ឬអ្នកផ្សេងទៀតដែលមិនមែនជាខ្លួនឯង។ ទាល់តែមកដល់ដំណាក់កាលមួយនៃជីវិត អ្នកក៏ជួបប្រសព្វនឹងបទពិសោធន៍ឈឺចាប់អ្វីមួយ ដែលមានឥទ្ធិពលមកលើជីវិតអ្នក បង្កជាអារម្មណ៍ដ៏ឈឺចាប់រងទុក្ខវេទនា និងមិនអាចបំភ្លេចបាន រហូតធ្វើឲ្យជីវិតអ្នកផ្លាស់ប្ដូរ ហើយអ្នកក៏ចាប់ផ្ដើមយល់ពីមូលហេតុដែលអ្នកត្រូវមករស់នៅលើពិភពលោកនេះ។
៣) គោលបំណងរបស់អ្នកគឺជាអ្វីដែលទាមទារនូវសេចក្ដីក្លាហានរបស់អ្នក៖ ស្ថាបនិកក្រុមហ៊ុន Apple លោក ស្ទីវ ចប ធ្លាប់លើកឡើងថា មនុស្សភាគច្រើនតែងនិយាយអំពីការដើរតាមក្ដីសុបិនរបស់ខ្លួន ប៉ុន្តែពួកយើងម្នាក់ៗសុទ្ធតែជាផ្នែកមួយនៃសហគមន៍របស់យើងដែលត្រូវធ្វើអ្វីម្យ៉ាងដើម្បីជួយដល់មនុស្សនៅក្នុងសហគមន៍ ដូច្នេះនៅពេល២០ឆ្នាំ ៣០ឆ្នាំ ៤០ឆ្នាំខាងមុខ មនុស្សនឹងនិយាយថាបុគ្គលម្នាក់នេះមិនត្រឹមតែដើរតាមក្ដីសុបិនរបស់ខ្លួននោះទេ តែថែមទាំងខ្វាយខ្វល់ពីការធ្វើអ្វីមួយដែលអ្នកដទៃអាចទទួលប្រយោជន៍ពីគេបានទៀត។ ពិតណាស់ថាការបំពេញប្រយោជន៍ដល់មនុស្សក្នុងសង្គមទាមទារនូវការលះបង់ និងសេចក្ដីក្លាហានរបស់អ្នក ធ្វើនូវអ្វីដែលធំជាងខ្លួនអ្នក ដូចដែលលោក Peter F.Drucker និយាយថា៖ "នៅរាល់រឿងរ៉ាវនៃភាពជោគជ័យទាំងអស់ អ្នកនឹងរកឃើញថាមនុស្សម្នាក់នោះបានធ្វើការសម្រេចចិត្តរបស់ខ្លួនប្រកបដោយភាពក្លាហាន"។
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ blog.ed.ted & businessinsider