យល់ច្បាស់ពីការពិតទាំង៤យ៉ាងនេះ អាចផ្លាស់ប្ដូរជីវិតអ្នកបាន
នៅពេលដែលអ្នកទទួលបានលទ្ធផលមិនដូចអ្វីដែលអ្នកប្រាថ្នា នោះដោយសារតែអ្នកបាត់បង់នូវភាពផ្តោតអារម្មណ៍ទៅលើអ្វីដែលសំខាន់។ ការប្រឈមមុខនឹងការពិតអំពីជីវិតអាចជារឿងលំបាកប្រសិនជាអ្នកកំពុងតែដើរលើផ្លូវខុស។ អ្វីៗដែលអស្ចារ្យមិនមកដោយងាយស្រួលនោះទេ ហើយការដឹងពីការពិតខាងក្រោមនេះជារឿងសំខាន់៖
១) ភាពជោគជ័យកើតឡើងក្រោយភាពបរាជ័យ៖ អ្នកនឹងមិនជោគជ័យនោះទេប្រសិនជាអ្នកមិនរៀនពីភាពបរាជ័យ។ ភាពបរាជ័យនោះហើយដែលជួយណែនាំអ្នកទៅរកផ្លូវដែលជោគជ័យ។ ភាពជោគជ័យទាមទារការអត់ធ្មត់និងការស៊ូទ្រាំនឹងភាពឈឺចាប់ឬបរាជ័យ។
២) រវល់មិនមែនមានន័យថា នឹងបង្កើនផលិតភាពនោះទេ៖ អ្នកអាចមើលទៅមនុស្សនៅជុំវិញខ្លួនឯង។ ម្នាក់ៗហាក់ដូចជារវល់ខ្លាំងណាស់ ធ្វើនេះធ្វើនោះ ។ ប៉ុន្តែ តើមានមនុស្សប៉ុន្មាននាក់ដែលជោគជ័យ? តែប្រសិនជាអ្នកប្រើប្រាស់ពេលវេលានោះបានល្អនិងចេះពីរបៀបធ្វើការ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
៣) ភាពភ័យខ្លាចគឺជាអ្វីដែលធ្វើឲ្យអ្នកស្ដាយក្រោយ៖ ប្រសិនជាអ្នកចេះតែខ្លាចនេះខ្លាចនោះ អ្នកនឹងបាត់បង់ឱកាសក្នុងការធ្វើអ្វីមួយ។ កុំខ្លាច ហើយប្រមូលយកនូវភាពក្លាហានទាំងឡាយមកសម្រេចកិច្ចការរបស់អ្នក។
៤) រស់នៅនាពេលបច្ចុប្បន្ន៖ អ្នកមិនអាចធ្វើអ្វីមួយបានទេប្រសិនជាអ្នកមិនរស់នៅពេលបច្ចុប្បន្ន។ អ្នកត្រូវចងចាំថាអ្នកមិនអាចផ្លាស់ប្តូរអតីតកាលនិងបារម្ភពីអនាគតឡើយ។ អ្នកត្រូវចេះប្រើប្រាស់ពេលវេលាបច្ចុប្បន្នឲ្យបានល្អ ទើបអ្នកអាចទទួលបានភាពជោគជ័យនៅអនាគតបាន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com