ដរាបណាអ្នកនៅមានដង្ហើម ចូរកុំបោះបង់ខ្លួនឯងឲ្យសោះ!
ពិតប្រាកដណាស់ យើងរាល់គ្នាសុទ្ធតែធ្លាប់ជួបនូវការបរាជ័យ ឧបសគ្គ ការបាក់ទឹកចិត្ត ឬការឈឺចាប់ផ្សេងៗ។ នៅពេលដែលអ្នកជួបការលំបាក ចូរអ្នកតាំងចិត្តហើយប្ដូរផ្ដាច់ក្នុងការសម្រេចវាឲ្យបាន។ ខាងក្រោមនេះជាហេតុផលដែលបង្ហាញថាដរាបណាអ្នកនៅមានដង្ហើម ដាច់ខាតកុំបោះបង់ខ្លួនឯងជាដាច់ខាត៖
១) លទ្ធផលចុងក្រោយ៖ ការសម្រេចសុបិននីមួយៗមិនមែនងាយស្រួលទេ។ ពិតប្រាកដណាស់ថា អ្នកអាចនឹងជួបការឈឺចាប់ជាច្រើន តែប្រសិនជាអ្នកនៅតស៊ូបន្តិចទៀត ហើយសម្រេចក្តីសុបិនដែលអ្នកបានប្រាថ្នាយូរមកហើយ រាល់ផលលំបាក ការលះបង់ឬការបរាជ័យដែលអ្នកបានជួប វាសក្ដិសមទៅនឹងលទ្ធផលចុងក្រោយដែលអ្នកទទួលបាន។
២) អ្នកជិតដល់គោលដៅទៅហើយ៖ ជាច្រើនលើកច្រើនសារ អ្នកបានខិតខំប្រឹងប្រែងធ្វើការ តស៊ូនិងជម្នះរាល់ឧបសគ្គដែលអ្នកជួប ក៏ប៉ុន្តែ អ្នកបែរជាចង់បោះបង់ចោលដោយសារតែបញ្ហាឬភាពបរាជ័យណាមួយទៅវិញបើទោះបីជាអ្នកដើរជិតដល់គោលដៅក៏ដោយ។ ដូច្នេះ អ្នកត្រូវជឿជាក់លើខ្លួនឯងនិងត្រូវតែបន្តដំណើរទៅមុខ បើទោះបីជាដំណើរទៅដល់គោលដៅលំបាកយ៉ាងណាក្តី។
៣) តើជីវិតអ្នកនឹងល្អប្រសើរទេប្រសិនជាអ្នកបោះបង់?៖ សាកល្បងសួរសំណួរនេះទៅកាន់ខ្លួនឯងទៅមើល៍។ មិនអាចប្រកែកបាននោះទេ ៩៩ភាគរយគឺថាជីវិតរបស់អ្នកនឹងមិនល្អប្រសើរឡើយប្រសិនជាអ្នកបោះបង់។ មិនថាអ្នកជឿវាឬក៏អត់នោះទេ ជីវិតរបស់អ្នកនឹងល្អប្រសើរលុះត្រាតែអ្នកមិនចុះចាញ់ បន្តដំណើរទៅមុខ និងជម្នះរាល់ឧបសគ្គដែលអ្នកជួបប្រទះ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ addicted2success.com