តើអ្វីទៅជាវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)?
ដូចដែលលោកអ្នកបានជ្រាបហើយថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីវេទិកាសេដ្ឋកិច្ច ពិភពលោក (World Economic Forum) នៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះគឺជាមោទនៈភាពមួយដែលប្រទេសយើងមានឱកាសទទួលរៀបចំកម្មវិធីកម្រិតពិភព លោកមួយនេះ។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ទាំងអស់គ្នាថា តើអ្វីទៅជាវេទិកាសេដ្ឋកិច្ច ពិភពលោក (World Economic Forum)?
១. អំពីវេទិកា (About the Forum) វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) គឺជាមូលនិធិមិនយកប្រាក់កម្រៃ (non-profit foundation) មួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស។ វេទិកានេះត្រូវបានទទួល ស្គាល់ថាជាអង្គការអន្តរជាតិមួយ ដែលមានបេសកកម្មក្នុងការធ្វើឱ្យប្រសើរឡើង នូវរដ្ឋទាំងឡាយនៅលើសាកល លោក ដោយចូលរួមយ៉ាងសកម្មក្នុងវិស័យពាណិជ្ជកម្ម នយោបាយ សិក្សាធិការ និង ភាពជាអ្នកដឹកនាំនៅក្នុង សង្គម។ របៀបវារៈនានានៃវេទិកានេះគឺផ្តោតសំខាន់ទៅលើបញ្ហាសាកលលោក តំបន់ និង ឧស្សាហកម្ម។
២. ប្រវត្តិដោយសង្ខេប (Brief History) វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ ដោយ លោក Klaus Schwab (ជាជនជាតិអាឡឺម៉ង់ និង ជាសាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យហ្សឺណែវ (University of Geneva)។ ឈ្មោះដើមរបស់វេទិកានេះគឺ វេទិកាគ្រប់គ្រងអឺរ៉ុប (European Management Forum) ហើយវាត្រូវបានប្តូរឈ្មោះទៅជាវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) វិញ នៅឆ្នាំ ១៩៨៧។ នៅរដូវក្តៅក្នុងឆ្នាំ ១៩៧១ លោក Klaus Schwab បានអញ្ជើញថ្នាក់ដឹកនាំកំពូលៗចំនួន ៤៤៤ នាក់មក ពីបណ្តាក្រុមហ៊ុនអឺរ៉ុបខាងលិច (Western European firms) មកកាន់សន្និសិទគ្រប់គ្រងអឺរ៉ុប (European Management Symposium) ដែលបានរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលសភាដេវ៉ូស (Davos Congress Centre) ក្រោមជំនួយឧបត្ថម្ភពីគណៈកម្មការអឺរ៉ុប (European Commission) និង សមាគមឧស្សាហកម្មអឺរ៉ុប ដទៃផ្សេងទៀត (European industrial associations)។ ការអញ្ជើញនេះគឺក្នុងគោលបំណងណែនាំក្រុមហ៊ុន អឺរ៉ុបអំពីការអនុវត្តការគ្រប់គ្រងពាណិជ្ជកម្មរបស់ជនជាតិអាមេរិកាំង។ បន្ទាប់មកគាត់បានបង្កើតវេទិកានេះឡើងជា អង្គការមិនយកប្រាក់កម្រៃដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ (Geneva) ហើយបានទាក់ទាញមេដឹកនាំ ពាណិជ្ជកម្មអឺរ៉ុបទៅកាន់ទីក្រុងដេវ៉ូស (Davos) សម្រាប់ការប្រជុំប្រចាំឆ្នាំដែលធ្វើឡើងនៅរៀងរាល់ខែមករា។ ក្រៅពីការប្រជុំប្រចាំឆ្នាំដែលត្រូវធ្វើឡើងនៅទីក្រុងដេវ៉ូស (Davos) អង្គការមួយនេះក៏មានរៀបចំកិច្ចប្រជុំ ថ្នាក់តំបន់ពីប្រាំមួយទៅប្រាំបីដងក្នុងមួយឆ្នាំៗផងដែរ។ តួយ៉ាង កិច្ចប្រជុំថ្នាក់តំបន់នោះ តែងតែត្រូវបានធ្វើឡើងនៅ ក្នុងតំបន់មួយចំនួនដូចជា៖ តំបន់អាហ្វ្រិច អាស៊ីខាងកើត អាមេរិកឡាទីន ប្រទេសចិន និង អារ៉ាប់រួម (United Arab Emirates) ជាដើម។ លើសពីនេះទៅទៀត មូលនិធិមួយនេះបានបង្កើតនូវកម្រងនៃរបាយការណ៍ស្រាវជ្រាវ ជាច្រើន ព្រមទាំងជួយជ្រោមជ្រែងសមាជិករបស់ខ្លួននៅក្នុងវិស័យជាក់លាក់មួយចំនួន។
៣. សមាជិកភាព (Membership) មូលនិធិមួយនេះត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយសមាជិកជាក្រុមហ៊ុនចំនួន ១០០០ ហើយសមាជិកទាំង នោះ ជាធម្មតា គឺជាក្រុមហ៊ុនលំដាប់ថា្នក់ពិភពលោកដែលមានផលរបរ (turnover) ច្រើនជាងប្រាំពាន់លានដុល្លារ អាមេរិក។ សមាជិកភាពត្រូវបានចាត់ថ្នាក់ដោយកម្រិតនៃការចូលរួមជាមួយនឹងសកម្មភាពនានារបស់វេទិកា ដោយ ថ្លៃសមាជិកភាពអាចកើនឡើងអាស្រ័យទៅលើការចួលរួមក្នុងកិច្ចប្រជុំ គម្រោង និង ការកើនឡើងដោយបុព្វហេតុ នានា។ គិតត្រឹមឆ្នាំ ២០១១ ថ្លៃសមាជិកភាពប្រចាំឆ្នាំគឺ $៥២ ០០០ សម្រាប់សមាជិកជាបុគ្គលធម្មតា (individual member) $២៦៣ ០០០ សម្រាប់ដៃគូឧស្សាហកម្ម និង $៥២៧ ០០០ សម្រាប់ដៃគូយុទ្ធសាស្ត្រ។ ក្នុងឆ្នាំ ២០១៤ វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្កើនថ្លៃប្រចាំឆ្នាំចំនួន ២០% ដែលតម្លៃសម្រាប់ដៃគូយុទ្ធសាស្ត្រ បានកើនឡើងពី $៥២៧ ០០០ ទៅដល់ $៦២៨ ០០០៕ ដោយ៖ ប៉ុម ទូច