ចំណុច៣យ៉ាងដែលអ្នកអាចនឹងគិតមិនដល់ នៅពេលនរណាម្នាក់ប្រាប់ថា«មិនអាចទៅរួចនោះទេ»
នៅពេលដែលអ្នកមានក្តីសុបិន នោះក៏មានន័យថាអ្នកមានអ្នកជំទាស់នឹងគំនិតរបស់អ្នកឬមិនគាំទ្រអ្នកដែរ។ វាជារឿងធម្មតានោះទេ។ ពួកគេអាចនិយាយថា«អ្នកមិនអាចទៅរួច» ប៉ុន្តែអ្នកត្រូវប្រាប់ខ្លួនឯងថា«អ្នកអាចធ្វើបាន។» អ្នកត្រូវប្រើប្រាស់គំនិតរិះគន់ឬគំនិតជាន់ពន្លិចមកចេញជាប្រយោជន៍វិញ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចធ្វើបានដើម្បីយកឈ្នះគំនិតអវិជ្ជមានទាំងនោះ៖
១) តាមការពិតទៅ អ្នកជំទាស់អាចជាមនុស្សដែលបារម្ភពីអ្នក៖ អ្នកមិនចាំបាច់ទៅស្អប់មនុស្សដែលមិនគាំទ្រក្តីសុបិនរបស់អ្នកនោះទេ។ អ្នកដែលប្រាប់អ្នកសុទ្ធតែជាមនុស្សជិតស្និទ្ធនឹងអ្នកហើយខ្លាចអ្នកឈឺចាប់ប្រសិនជាអ្នកជួបភាពបរាជ័យណាមួយ អ្នកទាំងនោះអាចជាឪពុកម្ដាយរបស់អ្នកក៏ថាបាន។ ដូច្នេះហើយ អ្វីដែលអ្នកត្រូវធ្វើគឺដើរតាមចំណង់ចំណូលចិត្តហើយសម្រេចវាឲ្យបានដើម្បីបង្ហាញអ្វីដែលអ្នកធ្វើពិតជាអាចជោគជ័យបាន។
២) អ្នកមិនគាំទ្រនឹងបង្ហាញពីកន្លែងដែលអ្នកអាចរីកចម្រើនបាន៖ អ្នកដែលមិនគាំទ្រនឹងក្តីសុបិនអ្នកនឹងផ្ដល់ហេតុផលជាច្រើនហេតុអ្វីបានពួកគេគិតថាអ្នកពុំអាចជោគជ័យបាន ឧទាហរណ៍ថា៖ ពួកគេគិតថាអ្នកខ្សោយផ្នែកទំនាក់ទំនង ខ្សោយផ្នែកកុំព្យូទ័រ ខ្សោយផ្នែកភាសា។ល។ អ្នកអាចយកគំនិតទាំងនោះមកកែប្រែខ្លួនឯងបានតាមរយៈការសិក្សាបន្ថែម។
៣) អ្នកមិនគាំទ្រគឺជាកម្លាំងចិត្តដ៏ធំរបស់អ្នក៖ ប្រាកដណាស់ អ្នកអាចប្រឈមមុខនឹងការឈឺចាប់នៅពេលដែលអ្នកគ្មានអ្នកគាំទ្រថែមទាំងមានអ្នកជំទាស់ថែមមួយកម្រិតទៀត។ តែ កុំចុះចាញ់នឹងសម្ដីទាំងនោះអី ប្រើប្រាស់សម្ដីទាំងនោះមកជាកម្លាំងចិត្តពីព្រោះថាវាអាចជាកម្លាំងចិត្តដែលនាំអ្នកទៅរកភាពជោគជ័យ៕
ប្រែសម្រួល៖អឹុង មុយយូ ប្រភព៖ www.addicted2succss.com