តើគួរធ្វើយ៉ាងណា នៅពេលគ្មាននរណាម្នាក់ផ្ដល់តម្លៃឲ្យអ្នកសោះ?
មានមនុស្សមួយចំនួន តែងបាក់ទឹកចិត្តនៅពេលអ្នកដទៃមិនផ្ដល់តម្លៃ។ តាមពិតទៅ មនុស្សម្នាក់ៗសុទ្ធតែមានការយល់ឃើញផ្សេងគ្នា ដូច្នេះហើយ យើងពិតជាមិនអាចឲ្យមនុស្សគ្រប់គ្នាផ្ដល់តម្លៃ ឬ មើលមកយើងក្នុងផ្លូវល្អទាំងអស់នោះឡើយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ ថាតើអ្នកគួរធ្វើបែបណានៅពេលជួបស្ថានភាពបែបនេះ៖
១) សួរខ្លួនឯងថា ហេតុអ្វីបានជាគេមិនឲ្យតម្លៃដល់អ្នក៖ មុននឹងខឹងគេ ត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាគេមិនផ្ដល់តម្លៃដល់អ្នក។ ពេលខ្លះមកពីអ្នកជា មនុស្សមិនកើត អ៊ីចឹងហើយបានជា គេមិនផ្ដល់តម្លៃ។ ប៉ុន្តែពេលខ្លះមកពីមនុស្សទាំងនោះ ជាប្រភេទមនុស្សយ៉ាប់ ហើយមិនអាចមើលឃើញពីតម្លៃរបស់អ្នក។ នេះជាជំហានដំបូងមួយ ដែលអ្នកត្រូវធ្វើនៅពេលនរណាម្នាក់មិនផ្ដល់តម្លៃឲ្យអ្នក មុនពេលចាប់ផ្ដើមសកម្មភាពអ្វីផ្សេងទៀត។
២) ចេះផ្ដល់តម្លៃចំពោះខ្លួនឯង៖ អ្នកដទៃផ្ដល់តម្លៃ ឬ មិនផ្ដល់តម្លៃចំពោះអ្នកមិនទាន់សំខាន់ពេកនោះទេ តែអ្វីដែលសំខាន់នោះ ថាតើអ្នកបានផ្ដល់តម្លៃចំពោះខ្លួនឯងគ្រប់គ្រាន់ហើយឬនៅ។ បើអ្នកចេះតែបន្ទោសគេថា មិនផ្ដល់តម្លៃដល់ខ្លួន តែខ្លួនឯងមិនផ្ដល់តម្លៃឲ្យខ្លួនឯងផង ថាតើនរណាអាចគិតដល់រឿងផ្ដល់តម្លៃដល់អ្នកបាន។
៣) ព្យាយាមពង្រឹងខ្លួនឯង៖ មិនថា គេមិនផ្ដល់តម្លៃអ្នកដោយសារអ្វីនោះទេ អ្នកត្រូវតែចាំថា អ្នកត្រូវតែព្យាយាមពង្រឹង និងអភិវឌ្ឍខ្លួនឯងឲ្យខ្លាំង និង ប្រសើរជាងមុន។ គ្មាននរណាម្នាក់ដែលអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយ ប៉ុន្តែការពង្រឹងខ្លួនខ្លាំងជាងមុន គឺជារឿងចាំបាច់បំផុត ដើម្បីប្រាកដថា អ្នកអាចដើរទៅមុខបាន។
៤) ច្នៃខ្លួនឯងឲ្យក្លាយជាគ្រាប់ពេជ្រមួយ៖ ការច្នៃខ្លួនឯងឲ្យក្លាយជាគ្រាប់ពេជ្រមួយ គឺពិតជាសំខាន់ក្នុងស្ថានភាពដែល មនុស្សជាច្រើនមិនផ្ដល់តម្លៃអ្នក។ ដូច្នេះហើយត្រូវព្យាយាមសម្រេចកិច្ចការធំៗឲ្យបានច្រើន ជាពិសេសរកឲ្យឃើញភាពជោគជ័យក្នុងជីវិត។ ការធ្វើបែបនេះ គឺជាការបង្ហាញប្រាប់ទៅកាន់មនុស្សទាំងនោះថា អ្នកមិនដូចការគិតរបស់អ្នកទាំងនោះឡើយ ហើយការមិនផ្ដល់តម្លៃកន្លងមក គឺជាកំហុសឆ្គងមួយ។
ដោយ៖ រតនា វិចិត្រ