មិនថាអ្នករកចំណូលបានច្រើនប៉ុណ្ណានោះទេ ប្រសិនជាអ្នកមានទម្លាប់ចាយលុយអាក្រក់បែបនេះ អ្នកគ្មានថ្ងៃសល់លុយឡើយ
ទោះបីជាអ្នកមានលុយច្រើនមែន ប៉ុន្តែអ្នកក៏មិនគួរចាយលុយខ្ជះខ្ជាយដោយមិនគិតវែងឆ្ងាយដែរ។ យ៉ាងណាក៏ដោយ អ្នកប្រហែលជាមិនធ្លាប់ដឹងថាខ្លួនឯងចាយលុយខ្ជះខ្ជាយដល់កម្រិតណានោះទេ សាកល្បងអង្គុយគិតលេងៗទៅអ្នកនឹងភ្ញាក់ផ្អើលពីចំនួនលុយដែលអ្នកគួរតែបានសន្សំទុក។ ប្រសិនជាអ្នកមានទម្លាប់ចាយលុយអាក្រក់ដូចខាងក្រោមនេះ អ្នកគួរតែកែប្រែវាចេញ៖
១) ទិញអ្វីដែលទើបតែចេញថ្មី
សម័យនេះជាសម័យទំនើប ប្រាកដណាស់ថាមានរបស់ថ្មីៗដូចជាទូរស័ព្ទ កុំព្យូទ័រ ម៉ូតូ ឡានស៊េរីថ្មីៗចេញជារៀងរាល់ឆ្នាំ។ បើទោះបីជាសម្ភារៈនិយមចេញរហូតហើយការប្រើប្រាស់គ្រឿងអេឡិចត្រូនិកស៊េរីថ្មីទាំងនោះធ្វើឲ្យអ្នកមើលទៅឡូយឆាយ តែអ្នកក៏មិនគួរផ្លាស់ប្តូរគ្រប់ស៊េរីនោះដែរពីព្រោះថាអ្នកទិញនូវស៊េរីថ្មីតែងមានតម្លៃថ្លៃហើយតម្លៃនោះនឹងធ្លាក់ចុះឆាប់រហ័ស ដែលធ្វើឲ្យខាតលុយជាច្រើន។ ម៉្យាងវិញទៀត ប្រសិនជាសម្ភារៈចាស់របស់អ្នកនៅដំណើរការបានល្អ ប្រើប្រាស់វាសិនទៅ មិនគួរខ្ជះខ្ជាយទៅលើគ្រឿងសម្ភារៈនិយមច្រើនពេកនោះទេ។
២) អស់លុយលើកាតធនាគារ
មនុស្សជាច្រើនសុទ្ធតែមានកាតធនាគារដូចជាកាតសន្សំឬកាតធម្មតាជាដើម។ ប៉ុន្តែ នៅតាមធនាគារខ្លះគិតលុយ២០០០រៀលក្នុងមួយខែឬ៣ដុល្លារក្នុងមួយឆ្នាំសម្រាប់សេវាកម្មឆែកទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ ផ្ទុយទៅវិញ អ្នកអាចជ្រើសរើសជាសៀវភៅធនាគារឬទៅធនាគារផ្ទាល់ប្រសិនជាអ្នកចង់ដឹងសាច់ប្រាក់ក្នុងគណនីរបស់អ្នក ទោះបីជាវាមានផលពិបាកតិចតួចក៏ពិតមែន តែអ្នកអាចសន្សំលុយពីការប្រើប្រាស់សេវាឆែកទឹកប្រាក់ពីធនាគារទៅធ្វើអ្វីដែលមានប្រយោជន៍។
៣) ញាំក្រៅជាជាងនៅផ្ទះ៖
អ្នកសាកគិតទៅមើលមួយថ្ងៃអាហារ៣ពេល ប្រសិនជាអ្នកឧស្សាហ៍ញាំុនៅខាងក្រៅ តើអ្នកចំណាយលុយអស់ប៉ុន្មានទៅលើអាហារនៅខាងក្រៅ? អ្នកមិនត្រូវភ្លេចថាអ្នកត្រូវចំណាយទៅលើលុយសាំងឬកាតទូរស័ព្ទទៀតផង ដូច្នេះការចំណាយវាច្រើន។ ប្រសិនជាអ្នកញាំុអាហារពីផ្ទះ អ្នកអាចសន្សំបានជាច្រើនពីព្រោះថាអ្នកមិនអស់លុយលើអាហារ ម៉្យាងវិញទៀតអ្នកមិនអស់លុយលើពន្ធអាហារទៀតផង។ នៅតាមហាងមួយចំនួននៅស្រុកខ្មែរគិតពន្ធដល់ទៅ១០ភាគរយ។ ដូច្នេះហើយ អ្នកសល់លុយជាច្រើនប្រសិនជាអ្នកញាំុនៅផ្ទះ៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ money.com