អ្នក​ត្រូវ​ចង​ចាំ​នូវ​ចំណុច​ទាំង​នេះ​រាល់​ពេល​ដែល​អ្នក​ចង់​បោះ​បង់​



មាន​ពេល​ខ្លះ​ ជីវិត​មិន​ដើរ​តាម​​អ្វី​ដែល​អ្នក​ប្រាថ្នា​នោះ​ទេ វា​តែង​តែ​មាន​​ឧបសគ្គ​ឬ​រឿង​ដែល​មិន​ល្អ​កើត​ឡើង​ជា​និច្ច​។ ហើយ​ពេល​ខ្លះ​ទៀត យើង​ក៏​មាន​អារម្មណ៍​ថា​ហត់​នឿយ​ គ្មាន​កម្លាំង​ចិត្ត​ ចង់​បោះ​បង់​ឬ​​មិន​ចង់​បន្ត​ដំណើរ​ទៅ​មុខ​ព្រោះ​តែ​យើង​បាក់​ទឹកចិត្ត។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វា​គឺ​ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​យើង​។ ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​ជួយ​ខ្លួន​ឯង​និង​មើល​​ក្នុង​ផ្លូវ​វិជ្ជមាន​វិញ​ប្រសើរ​ជាង។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​យើង​គួរ​ចង​ចាំ​រាល់​ពេល​ដែល​យើង​ចង់​បោះ​បង់៖

១) មិន​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ប្រាថ្នា​ តែ​វា​អាច​នាំ​យើង​ទៅ​អ្វី​ល្អ​ជាង​នេះ​៖ ពេល​ខ្លះ​ យើង​នឹង​មិន​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ ប៉ុន្តែ​យើង​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។ ឧទាហរណ៍​ថា​អ្នក​ស្រឡាញ់​នរណា​ម្នាក់ ប៉ុន្តែ​ម្នាក់​នោះ​មិន​ស្រឡាញ់​អ្នក​វិញ​នោះ។ បើ​ទោះ​បី​ជា​វា​អាច​ជា​រឿង​អាក្រក់​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ពេល​ខ្លះ​ក្នុង​ឆាក​ជីវិត ​​វា​អាច​មក​ពី​អ្នក​សាក​សម​នឹង​ទទួល​បាន​មនុស្ស​ដែល​ល្អ​ជាង​នេះ។ ​ចូរ​ចង​ចាំ​ថា​រឿង​អាក្រក់​មិន​កើត​ឡើង​រហូត​នោះ​ទេ​ ឯ​រឿង​ល្អ​ប្រាកដ​ជា​​កើត​មាន។

២) អ្នក​អាច​កែប្រែ​ខ្លួន​ឯង​ឲ្យ​ល្អ​ជាង​នេះ៖ កុំ​ទទួល​យក​ភាព​មធ្យម​ឲ្យ​សោះ។ កុំ​គិត​ថា​ខ្លួន​ឯង​​ធ្វើ​បាន​តែ​ប៉ុន​នឹង ត្រូវ​ជឿជាក់​ថា​ខ្លួន​ឯង​អាច​ធ្វើ​ល្អ​ជាង​នេះ​​។​ ពិត​ប្រាកដ​ណាស់​ថា​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​អស្ចារ្យ​ វា​តែង​តែ​​លំបាក​ហើយ​អ្នក​ចង់​បោះ​បង់​​ចោល​នា​ពេល​ខ្លះ ប៉ុន្តែ​ចូរ​ជឿជាក់​លើ​ខ្លួន​ឯង​​ហើយ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។ ពេល​ខ្លះ អ្នក​ត្រូវ​​ជួប​ផល​លំបាក​និង​ឧបសគ្គ​ខ្លះ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​រឹង​មាំ​និង​ពូកែ​។

៣) កុំ​ឲ្យ​រឿង​ដដែល​ៗ​មក​បំបាក់​​អ្នក ត្រូវ​ចេះ​បន្ត​ដំណើរ​ទៅ​មុខ៖ វា​ជា​រឿង​ដែល​ជៀស​មិន​ផុត​នោះ​ទេ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​​អត់​បាន​ការ គ្មាន​គោលដៅ​ច្បាស់​លាស់​ក្នុង​ឆាក​ជីវិត​ឬ​គ្មាន​ស្នាដៃ​ដូច​អ្នក​ដទៃ។ ប៉ុន្តែ ប្រសិន​​អ្នក​អនុញ្ញាត​ឲ្យ​រឿង​ដែល​ដដែល​ៗ​​​និង​គ្មាន​បាន​ការ​​​ទាំង​អស់​នេះ​មក​បំបាក់​ទឹក​ចិត្ត​អ្នក​នោះ អ្នក​មិន​ត្រឹម​តែ​ស្ត្រេស​នោះ​ទេ​ថែម​ទាំង​មិន​ចង់​ធ្វើ​អ្វី​​​ហើយ​ចង់​បោះ​បង់​អ្វី​ៗ​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ ប្រសិន​ជា​អ្នក​ចំណាយ​ពេល​ខិត​ខំ​រៀន​​សូត្រ ខិត​ខំ​ធ្វើ​ការ​ហើយ​កែប្រែ​ខ្លួន​ឯង​ឲ្យ​ប្រសើរ​ជាង​នេះ អ្នក​នឹង​ឃើញ​ថា​ខ្លួន​ឯង​អាច​សម្រេច​អ្វី​ៗ​បាន​ទាំង​អស់​ឲ្យ​តែ​​អ្នក​ដាក់​ចិត្ត​​និង​គិត​ក្នុង​ផ្លូវ​វិជ្ជមាន៕

ប្រែ​សម្រួល៖ មុយយូ ប្រភព៖ powerofpositivity.com

X
5s