អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​ពី​ការ​អាន​សៀវភៅ​



ការ​អាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​អាន។ ដូច​ដែល​អ្នក​បាន​ដឹង​រួច​មក​ថា​​​អ្នក​ចេះ​ដឹង​ឬ​អ្នក​ដឹក​នាំ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ទម្លាប់​អាន​ជា​ប្រចាំ​ថ្ងៃ។ ប្រសិន​​អ្នក​មិន​មែន​​ជា​មនុស្ស​ដែល​អាន​ច្រើន​ទេ អ្នក​នឹង​ខកខាន​​​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​អាន។ ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​ផល​វិជ្ជមាន​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​អាន​៖

១) ​កាត់​បន្ថយ​ភាព​ធុញថប់៖ មិន​ថា​អ្នក​​មាន​ភាព​ធុញ​ថប់​នៅ​កន្លែង​ការងារ​ឬ​ក្នុង​ការ​សិក្សា​​ច្រើន​ដល់​កម្រិត​ណា​​នោះ​ទេ អ្នក​នឹង​ភ្លេច​នូវ​ភាព​ធុញ​ថប់​ទាំង​ឡាយ​ប្រសិន​អ្នក​លង់​ខ្លួន​ក្នុង​​​​សាច់​រឿង​សៀវភៅ។ សៀវភៅ​ដែល​ល្អ​នឹង​នាំ​អ្នក​ទៅ​កាន់​​ពិភព​ផ្សេង​​ ដែល​ជួយ​​ឲ្យ​អ្នក​ភ្លេច​នូវ​រឿង​​សៅហ្មង​ទាំង​ឡាយ។

២) បង្កើន​ចំណេះដឹង៖ មិន​ថា​អ្នក​អាន​សៀវភៅ​ប្រភេទ​​ណា​​ក៏​ដោយ អ្នក​តែង​តែ​ទទួល​បាន​​ចំណេះ​ដឹង​ថ្មី​ៗ​ពី​ការ​អាន។ ​ ​ហើយ​ប្រសិន​អ្នក​​ក្រេប​ចំណេះ​ដឹង​បាន​កាន់​តែ​ច្រើន វា​នឹង​ជួយ​អ្នក​ដោះ​ស្រាយ​បញ្ហា​ជីវិត​​ឬ​ឧបសគ្គ​​បាន​​កាន់​តែ​ល្អ។​ លើស​ពី​នេះ​ទៅ​ទៀត​ ​​មនុស្ស​អាច​លួច​លុយ​កាក់​អ្នក​បាន​តែ​​មិន​អាច​លួច​ចំណេះ​ដឹង​របស់​អ្នក​បាន​ទេ។ ចំណេះ​ដឹង​មាន​តែ​ជួយ​អ្នក​បង្កើន​ទ្រព្យ​​និង​ជួយ​​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ស្រស់​ស្អាត​ជាង​មុន​។

៣) ស្គាល់​ពាក្យ​ថ្មី​ៗ៖ អ្នក​មិន​ត្រឹម​តែ​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​នោះ​ទេ តែ​អ្នក​ក៏​​ជួប​ប្រទះ​នូវ​ពាក្យ​ថ្មី​ៗ​ផង​ដែរ។ ការ​​ស្គាល់​ពាក្យ​ច្រើន​​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​ប្រើ​ប្រាស់​ពាក្យ​​​បាន​ត្រឹម​ត្រូវ​​តាម​កាលៈទេសៈ។ ឧទាហរណ៍​ថា ក្នុង​ការងារ​របស់​អ្នក​ទាមទារ​ឲ្យ​អ្នក​សរសេរ​សំណើ​​ឬ​អត្ថបទ​ផ្លូវ​ការ​ជា​ដើម ការ​ស្គាល់​ពាក្យ​ច្រើន​នឹង​ជួយ​អ្នក​ឲ្យ​ប្រើ​ប្រាស់​បាន​​ត្រូវ​តាម​​បរិបទ។ ម៉្យាង​វិញ​ទៀត ​អ្នក​ដែល​ពូកែ​ខាង​សរសេរ​គឺ​​មាន​អត្រា​​ឡើង​​ឋានៈ​លឿន​ក្នុង​ការងារ​ព្រោះ​មិន​មែន​មនុស្ស​ច្រើន​ទេ​ដែល​មាន​សមត្ថភាព​នេះ។

៤) បង្កើន​សមត្ថភាព​​ក្នុង​ការ​គិត៖ អ្នក​និពន្ធ​តែង​តែ​បង្កប់​នូវ​​​ភាព​អាថ៌កំបាំង​​សម្រាប់​អ្នក​អាន​​ឲ្យ​ចេះ​​គិត​។ ​​​​​ដូច្នេះ​ហើយ​​អ្នក​អាន​អាច​​រៀន​ទាយ​ទុក​​នូវ​សាច់​រឿង​​​ឬ​ព្រឹត្តិការណ៍​ដែល​​​​នឹង​កើត​មាន​​ឡើង​ក្នុង​សៀវភៅ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាន​ក៏​អាច​ដាក់​ខ្លួន​ចូល​ទៅ​ក្នុង​សាច់​រឿង​​ហើយ​រៀន​គិត​។ ឧទាហរណ៍​ថា​​ប្រសិន​ជា​​រឿង​នេះ​កើត​ឡើង​លើ​ខ្លួន​ឯង តើ​គួរ​​ដោះ​ស្រាយ​ដោយ​របៀប​ណា? ការ​រៀន​គិត​បែប​នេះ​ក៏​ជួយ​បង្កើន​សមត្ថភាព​ការ​គិត​ដល់​អ្នក​អាន​ផង​ដែរ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ lifehack.org

X
5s