កុំ​បារម្ភ​អី អនុវត្ត​​ចំណុច​​ងាយ​ៗ​ទាំង​នេះ​អ្នក​អាច​កែប្រែ​កំហុស​​ក្នុង​២០១៧​​ឲ្យ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៨​​បាន​



មនុស្ស​ដែល​ជោគជ័យ​ពិត​ប្រាកដ​មិន​ផ្ដោត​ទៅ​លើ​កំហុស​និង​អតីតកាល​ច្រើន​ពេក​នោះ​ទេ ពោល​គឺ​​មនុស្ស​ជោគជ័យ​ផ្ដោត​ទៅ​លើ​​បច្ចុប្បន្ន​ភាព​និង​កសាង​អនាគត​ភាព​ដែល​ពួក​គេ​ចង់​បាន។ ​យ៉ាង​ណា​ក្តី នរណា​ក៏​ជួប​ប្រទះ​ភាព​បរាជ័យ​ដែរ​សូម្បី​តែ​​មនុស្ស​ជោគជ័យ​ ពួក​គាត់​ជួប​ប្រទះ​​ការ​បរាជ័យ​រាប់​មិន​អស់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថា​តើ​មនុស្ស​ម្នាក់​ៗ​ដោះ​ស្រាយ​ឬ​ឆ្លើយតប​យ៉ាង​ណា​ចំពោះ​ការ​បរាជ័យ។ ប្រសិន​អ្នក​ជួប​ប្រទះ​បរាជ័យ​​ក្នុង​ឆ្នាំ​២០១៧ ខាង​ក្រោម​នេះ​ជា​ដំណោះ​ស្រាយ​ក្នុង​ឆ្នាំ​២០១៨៖ ១) កត់ត្រា​នូវ​ក្តី​សុបិន​ទុក៖ ប្រសិន​អ្នក​​មិន​ទាន់​សម្រេច​ក្តី​សុបិន​របស់​អ្នក នោះ​មិន​មែន​ន័យ​ថា​អ្នក​គួរ​​បោះ​បង់​ឬ​កែប្រែ​ក្តី​សុបិន​របស់​អ្នក​ទៅ​ជា​អ្វី​ផ្សេង​នោះ​ទេ។ វា​ប្រហែល​មក​ពី​គោលដៅ​របស់​អ្នក​មិន​ទាន់​ច្បាស់​លាស់​ឬ​អ្នក​អនុវត្ត​ជំហាន​ខុស​។ល។ ដូច្នេះ​ហើយ ​ជា​ដំបូង អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ជា​មុន​សិន​តើ​អ្នក​ចង់​​សម្រេច​អ្វី​​​ឲ្យ​ប្រាកដ​ហើយ​ក្នុង​កម្រិត​ណា។ អ្នក​ត្រូវ​មាន​គោលដៅ​មួយ​ឲ្យ​ច្បាស់ ហើយ​ចាំ​បំបែក​ចំណុច​តូច​ៗ​ដែល​ជួយ​អ្នក​សម្រេច​ក្តី​សុបិន​មួយ​នេះ។ ២) ចាប់​ផ្តើម​សកម្មភាព៖ ពិត​ប្រាកដ​ណាស់​ថា​ភាព​ជោគជ័យ​មិន​អាច​ធានា​បាន​​ឡើយ​ អ្នក​ខ្លះ​ខំ​ប្រឹង​ដែរ​តែ​នៅ​តែ​មិន​ជោគជ័យ។ ​មិន​ថា​អ្នក​ចង់​ជោគជ័យ​យ៉ាង​ណា​នោះ​ទេ បើ​អ្នក​មិន​ចាប់​ផ្តើម អ្នក​ក៏​មិន​អាច​ជោគជ័យ​បាន​ដែរ។ អ៊ីចឹង​ហើយ អ្នក​ត្រូវ​រំលឹក​ខ្លួន​ឯង​ឲ្យ​ខិត​ខំ តស៊ូ ជម្នះ​នូវ​ឧបសគ្គ​ទាំង​ឡាយ​។ បើ​ទោះ​បី​ជា​សកម្មភាព​របស់​អ្នក​ឲ្យ​ផល​តិច​ក្តី អ្នក​ត្រូវ​បន្ត​ទៅ​មុខ​​ យឺត​​ប៉ុន្តែ​គត់​ដើរ​​ដល់​​គោលដៅ។ ៣) កុំ​ខ្លាច៖ ​​​ដំណើរ​ទៅ​រក​ភាព​ជោគជ័យ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ពេល​ខ្លះ​ វា​ទាម​ទារ​ឲ្យ​អ្នក​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​ដែល​អ្នក​​មាន​នៅ​ក្នុង​ខ្លួន។ ឧទាហរណ៍​ថា​ ការងារ​របស់​អ្នក​តម្រូវ​ឲ្យ​អ្នក​ធ្វើ​​បទ​បង្ហាញ​​​ ប៉ុន្តែ អ្នក​​តែង​តែ​ភ័យ​រាល់​ពេល​​អ្នក​ធ្វើ​បទ​បង្ហាញ។ កុំ​ខ្លាច​ហើយ​តាំង​ចិត្ត​ធ្វើ​វា​ឲ្យ​បាន​​ល្អ​ព្រោះ​​ថា​បើ​អ្នក​មិន​ព្យាយាម​ជម្នះ​វា​ទេ វា​នៅ​តែ​ជា​ឧបសគ្គ​របស់​​អ្នក​ជា​និច្ច។ ៤) រំលឹក​គោលដៅ​ដល់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ៖ ការ​រំលឹក​ខ្លួន​ឯង​អំពី​គោលដៅ​ដែល​អ្នក​ចង់​សម្រេច វា​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ចិត្ត ដាក់​ចិត្ត​ដាក់​កាយ​ក្នុង​ការងារ​ហើយ​​ជួយ​អ្នក​ឲ្យ​​ផ្ដោត​អារម្មណ៍​បាន​ល្អ។​ អ្នក​អាច​សរសេរ​​ឬ​ព្យួរ​ក៏​បាន​ឲ្យ​តែ​​អ្នក​​ងាយ​ស្រួល​មើល​ឃើញ។ ហើយ​ចូរ​ចង​ចាំ​ថា ឧបសគ្គ​និង​បញ្ហា​​គឺ​ជា​រឿង​ធម្មតា​នោះ​ទេ វា​គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​វាស់​ការ​តាំង​ចិត្ត​និង​សមត្ថភាព​ក្នុង​ការ​សម្រក​ខ្លួន​របស់​​អ្នក​តែ​ប៉ុណ្ណោះ ចូរ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដែល​អ្នក​មាន៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ cnbc.com​​
X
5s