ចំណុច៤យ៉ាងដែលអ្នកអាចធ្វើប្រសិនអ្នកចង់ឲ្យ២០១៨នេះមានន័យ
តើប៉ុន្មានឆ្នាំហើយដែលអ្នកមិនដែលសម្រេចនូវគោលដៅឆ្នាំថ្មី( New Year resolution)? មានមនុស្សមិនតិចនាក់នោះដែលបានត្រឹមតែកត់ត្រាហើយបាត់បង់នូវកម្លាំងចិត្តឬជំរុញចិត្តនាថ្ងៃបន្ទាប់។ យ៉ាងណាក៏ដោយ អ្នកអាចបំបែកនូវទម្លាប់អាក្រក់នេះបានហើយកែប្រែឆ្នាំនេះឲ្យមានន័យបំផុតប្រសិនអ្នកមានការតាំងចិត្តបានគ្រប់គ្រាន់។ ខាងក្រោមនេះជាចំណុចដែលអ្នកអាចធ្វើបានសម្រាប់ជួយឲ្យឆ្នាំថ្មីនេះជាឆ្នាំដែលពិសេសជាងគេក្នុងឆាកជីវិតរបស់អ្នក៖
១) កំណត់គោលដៅនិងជំហានតូចៗ៖ ក្រោយពេលដែលអ្នកដឹងថាខ្លួនឯងចង់សម្រេចអ្វីហើយ អ្នកអាចចាប់ផ្តើមគិតពីជំហានតូចៗដែលជួយអ្នកសម្រេចគោលដៅបាន។ ជំហានតូចៗមានន័យថាសកម្មភាពដែលអ្នកអាចធ្វើជាប្រចាំថ្ងៃ ហើយធ្វើវាជាប្រចាំថ្ងៃ។
២) រកសុភាសិតដែលជួយលើកទឹកចិត្តអ្នក៖ អ្នកត្រូវមានសុភាសិតឬពាក្យអ្វីដែលលើកទឹកចិត្តឬជំរុញអ្នកឲ្យទៅមុខរាល់ពេលដែលអ្នកឃើញពាក្យមួយនេះ។ ពិតណាស់ថា ការសម្រេចគោលដៅមិនមែនជារឿងងាយស្រួលនោះទេ។បន្ថែមពីលើនេះទៅទៀត ជីវិតគឺលំបាក។ អ៊ីចឹងហើយ ប្រសិនជាអ្នកត្រៀមផ្លូវចិត្តបានគ្រប់គ្រាន់ វានឹងជួយអ្នកសម្រេចនូវឧបសគ្គដែលអ្នកជួបប្រទះតាមផ្លូវ។
៣) បំបាត់នូវការរំខានផ្សេងៗ៖ មិនថាមនុស្សឬវត្ថុឡើយ ប្រសិនជាវាមិននាំយកប្រយោជន៍ដល់អ្នកទេ អ្នកគួរតែពិចារណាឡើងវិញ។ ឧទាហរណ៍ថា Facebook តើអ្នកគ្រាន់តែលេងកម្សាន្តឬដើម្បីការងារ។ ប្រសិនគ្រាន់តែកម្សាន្តទេ អ្នកគួរតែកំណត់ពេលវេលាឲ្យបានច្បាស់លាស់ កុំខ្ជះខ្ជាយពេលវេលាលើFacebook អត់ប្រយោជន៍។
៤) ស្តាប់ឬអានអ្វីដែលលើកទឹកចិត្តអ្នក៖ ក្នុងមួយឆ្នាំៗមានបញ្ហាឬឧបសគ្គជាច្រើនក្នុងជីវិត។ ពេលខ្លះឧបសគ្គនេះឯងធ្វើឲ្យអ្នកបាត់ទឹកចិត្ត អស់សង្ឃឹម ចង់បោះបង់។ល។ ដូច្នេះហើយ អ្នកត្រូវស្តាប់ឬអានអ្វីដែលលើកទឹកចិត្តអ្នកឲ្យបានញឹកញាប់ព្រោះប្រសិនអ្នកយូរៗស្ដាប់ម្តង អ្នកនឹងពុំមានកម្លាំងចិត្តខ្លាំងនោះទេ។ ការស្តាប់ឬអានអ្វីដែលល្អៗប្រៀបបានដូចជាការងូតទឹកអ៊ីចឹង អ្នកត្រូវធ្វើវាជាប្រចាំ៕
ដោយ៖ អឹុង មុយយូ