ទោះមាន​លុយ​ច្រើន​ប៉ុណ្ណា​នោះ​ទេ​ កុំស្មានថា អ្នក​​អាច​ទិញ​នូវ​​​ចំណុច​​ទាំង​នេះ​បាន​​ឡើយ​



ជា​ការ​ពិត​ណាស់ លុយ​​ពិត​ជា​ដើរ​តួ​នា​ទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​មនុស្ស។ ប្រសិន​ជា​គ្មាន​លុយ មនុស្ស​ច្បាស់​ជា​​បញ្ហា​ជា​ច្រើន​ព្រោះ​អ្វី​ៗ​ត្រូវ​ការ​លុយ​ដើម្បី​ដោះ​ស្រាយ។ ​យ៉ាង​ណា​ក៏​ដោយ លុយ​ពិត​ជា​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស​ ប៉ុន្តែ​លុយ​មិន​​អាច​ទិញ​សុភមង្គល​បាន​នោះ​ទេ។ ជាក់​ស្ដែង តារា​ចម្រៀង​ជា​ច្រើន​ដែល​មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់​នៅ​តែ​ធ្វើ​អត្តឃាត​ដោយ​សារ​តែ​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ​​​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លុយ​មិន​អាច​ទិញ​ភាព​រីករាយ​បាន​នោះ​ទេ។ ខាង​ក្រោម​នេះ​ចំណុច​ដែល​លុយ​មិន​អាច​ទិញ​បាន​ដូច​គ្នា៖ ១) ក្តី​ស្រឡាញ់៖ ​លុយ​មិន​អាច​ទិញ​ក្តី​ស្រឡាញ់​បាន​នោះ​ទេ​ព្រោះ​ក្តី​ស្រឡាញ់​កើត​ចេញ​ពី​អារម្មណ៍​ស្និទ្ធស្នាល ក្តី​បារម្ភ​​​និង​អារម្មណ៍​ពិសេស​ដែល​មនុស្ស​មាន​ចំពោះ​គ្នា។ ដូច្នេះ​ហើយ​ មិន​ថា​អ្នក​មាន​លុយ​ច្រើន​ប៉ុណ្ណា​នោះ​ទេ អ្នក​មិន​អាច​ទិញ​ក្តី​ស្រឡាញ់​បាន​ឡើយ។ ២) ការ​ពិត៖ ក្នុង​សង្គម​ជាក់​ស្តែង អ្នក​ណា​មាន​លុយ​ អ្នក​នោះ​ច្រើន​តែ​ឈ្នះ។ ជា​រៀង​រាល់​ឆ្នាំ នយោបាយ​បាន​ជះ​លុយ​ជា​ច្រើន​​ផ្សព្វផ្សាយ​ពី​គណបក្ស​របស់​ពួក​គេ។ ​​ នៅ​ពេល​កាត់​ក្តី​នៅ​តុលាការ ទោះ​បី​ជា​លុយ​ពិត​ជា​អាច​ជួយ​បាន​ខ្លះ ប៉ុន្តែ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត។ ហើយ​ក្រដាស​​ខ្ចប់​ភ្លើង​មិន​ជិត​នោះ​ទេ។ ៣) ពេលវេលា៖ ពេល​វេលា​ដែល​កន្លង​ផុត​ហើយ មិន​អាច​ត្រលប់​មក​វិញ​បាន​នោះ​ទេ។ មិន​ថា​បច្ចេក​វិទ្យា​ជឿនលឿន​យ៉ាង​ណា​នោះ​ទេ វា​មិន​អាច​ទាញ​ពេលវេលា​ឲ្យ​ត្រឡប់​ក្រោយ​​ឡើយ។ វា​​បាន​​ត្រឹម​តែ​ជួយ​ពន្យារ​អាយុ​ជីវិត​មនុស្ស​ដោយ​ការ​​ព្យាបាល​តែ​​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ត្រូវ​រស់​នៅ​ឲ្យ​មាន​ន័យ​និង​ប្រើ​ប្រាស់​ពេល​វេលា​ដែល​អ្នក​មាន​​ឲ្យ​មាន​ន័យ។ ៤) ចំណេះ​ដឹង​៖ បើ​អ្នក​មាន​លុយ អ្នក​អាច​បង់​លុយ​ចូល​រៀន​សាលា​ថ្លៃ​ៗ​ឬ​ល្បី​ៗ​បាន។ ហើយ​អ្នក​ក៏​អាច​ទិញ​សៀវភៅ​​ជា​ដើម។ ​ប៉ុន្តែ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ពិត វា​ទាម​ទារ​ការ​ខំ​ប្រឹង​របស់​អ្នក។ អ្នក​មិន​អាច​ជះ​លុយ​ហើយ​ទទួល​បាន​ចំណេះ​ដឹង​​ដោយ​គ្មាន​ការ​ខំ​ប្រឹង​នោះ​ទេ៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ Power of Positivity
X
5s