សំណួរសំខាន់ៗចំនួន ៣ ដែលអ្នកសម្ភាសគួរសួរដើម្បីគាស់រំលងរកបុគ្គលិកដែលមានសក្ដានុពលពិតប្រាកដ​



សម្ភាសន៍​ការងារ​ជា​រឿង​មួយ​ចាំបាច់​បំផុត ជា​ពេល​វេលា​មួយ​ដែល​បេក្ខជន​ត្រូវ​រៀប​ចំ​ខ្លួន​ឲ្យ​បានល្អក្នុងការ​ឆ្លើយ​សំណួរ​របស់គណៈកម្ម​ការ ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ភាព​ទាក់​ទាញ​។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ក្នុងពេល​សម្ភាសន៍​បុគ្គលិក​ ក៏ជាពេល​វេលា​មួយ​ដែល​គណៈកម្ម​ការ ឬ​អ្នក​សម្ភាសន៍​ត្រូវ​ចេះ​ប្រើ​សំណួរ​ចាក់​ឲ្យ​ចំ​ចំណុច​ដើម្បី​ទទួល​បាន​បេក្ខជន​ដែល​មាន​សមត្ថ​ភាព​ និង​សក្ដានុពល​ពិត​ប្រាកដ​មក​បំពេញ​ការ​ងារ​ក្នុង​អង្គភាព​។

ខា​ងក្រោម​នេះ​ជា​សំណួរ​ទាំង​ ៣ ដែល​អ្នក​សម្ភាសន៍​គួរ​សួរ​ទៅកាន់​បុគ្គលិក​៖

១) សូម​ប្រាប់​យើង​អំពី​គោលដៅ​ដែល​អ្នក​ទើប​នឹង​សម្រេច​បាន​ថ្មីៗ​នេះ។ តើ​ការ​គ្រោង​ទុក​ដំបូង​របស់​អ្នក​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច ? តើ​អ្វី​ខ្លះ​ទៅ​ដែល​ដំណើរការ​ដោយ​រលូន​ជាងគេ ?

ក្នុង​ការ​ឆ្លើយតប​នឹង​សំណួរ​នេះ អ្នក​ចូល​មក​សម្ភាស​មួយ​ចំនួន​នឹង​រៀបរាប់​អំពី​គោលដៅ​ទាំងឡាយ ដែល​គេ​ត្រូវ​បាន​ចាត់ចែង​ឲ្យ​ធ្វើ និង​បាន​សម្រេច​ទៅ​ដល់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត។ ប៉ុន្តែ ចំណុច​ដែល​សំខាន់​ជាង​នេះ​ទៀត គឺ​នៅ​ត្រង់​ដែល​អ្នក​ចូល​សម្ភាស​មួយ​ចំនួន​ទៀត​នឹង​រៀបរាប់​អំពី​គោលដៅ​ឬ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ផ្សេងៗ ដែល​ពួកគេ​បាន​ដាក់​កំណត់​ចំពោះ​ខ្លួនឯង​ថា​នឹង​សម្រេច​ឲ្យ​បាន។ អ្នក​ត្រូវ​សង្កេត​មើល​ថា​តើ​បុគ្គល​នេះ​ចេះ​បត់បែន​សម្រប​តាម​ស្ថានការណ៍​យ៉ាង​ដូចម្ដេច​ខ្លះ ដើម្បី​រក្សា​គោលជំហរ​ដែល​គេ​បាន​កំណត់​ឲ្យ​ខ្លួនឯង​នោះ។ បុគ្គលិក​ឆ្នើម​មិន​ត្រឹមតែ​ចេះ​រៀបចំ​ផែនការ​បាន​ល្អ​នោះ​ទេ តែ​គេ​ក៏​ត្រូវ​ចេះ​ឆ្លើយតប​និង​សម្រប​តាម​ស្ថានការណ៍​បាន​ល្អ​ផង​ដែរ។ បានអានឬនៅ ? ដំបូន្មាន​​ដ៏​មាន​តម្លៃ​​អំពី​អាជីព​ការងារ​​ទាំង​ ៥​ពី​ស្ត្រី​ជោគជ័យ​​លើ​​លោក

២) សូម​ប្រាប់​យើង​អំពី​គោលដៅ​ដែល​អ្នក​មិន​ទាន់​អាច​សម្រេច​បាន។ តើ​មាន​អ្វី​កើតឡើង ? តើ​អ្នក​ឆ្លើយតប​នឹង​វា​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្វីៗ​ប្រព្រឹត្ត​ទៅ​ដោយ​ងាយស្រួល អ្នក​នឹង​មិន​អាច​ដឹង​បាន​ទេ​ថា​តើ​បុគ្គល​ម្នាក់​នោះ​មាន​ភាព​រឹងមាំ​ឬ​យ៉ាងណា និង​មាន​ធាតុ​ពិត​ខាងក្នុង​យ៉ាង​ណា​នោះ​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​ដែរ​មនុស្ស​ខ្លះ​តែង​សម្លឹង​មើល​កត្តា​ខាងក្រៅ​ដើម្បី​ទម្លាក់​កំហុស​នៅ​ពេល​អ្វីៗ​មិន​សម​តាម​បំណង​របស់​ខ្លួន មនុស្ស​ខ្លះ​វិញ​បែរ​ជា​អាច​មើល​ឃើញ​តម្លៃ​ដែល​បង្កប់​នៅ​ក្នុង​កាល​ដែល​អ្វីៗ​មិន​សម​ទៅ​តាម​បំណង​របស់​ខ្លួន​នោះ​ទៅវិញ និង​អាច​រៀន​សូត្រ​ពី​បទពិសោធន៍​របស់​ខ្លួន​មិន​ថា​ជា​បរាជ័យ​ឬ​ជោគជ័យ​ក៏​ដោយ។ បុគ្គល​ដ៏​កម្រ​បែប​នេះ​គួរតែ​ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​ត្រូវ​ស្វែងរក ព្រោះ​ពួកគេ​នឹង​ក្លាយ​ជា​ធនធាន​ដ៏​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន​អ្នក។

៣) សូម​ប្រាប់​យើង​អំពី​ហេតុការណ៍​ចុងក្រោយ​បំផុត​ដែល​មនុស្ស​ណា​ម្នាក់​បាន​ខឹង​អ្នក។ តើ​អ្នក​ឆ្លើយតប​យ៉ាង​ដូចម្ដេច ? តើ​លទ្ធផល​បាន​ក្លាយ​ជា​បែប​ណា ?

សមត្ថភាព ជំនាញ និង​ទេពកោសល្យ​គឺជា​លក្ខណៈ​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​ស្វែងរក​ក្នុង​អ្នក​ដែល​ចូល​មក​សម្ភាស​ម្នាក់ៗ។ យ៉ាងណាមិញ បើ​ទោះ​ជា​បុគ្គល​នោះ​មាន​សមត្ថភាព​ខ្ពស់​ក៏​ដោយ តែ​បើ​សិន​ជា​គេ​ខ្វះ​ខាត​នូវ​អត្តចរិត​ល្អ ខ្វះ​គុណធម៌ និង​សីលធម៌ និង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ទេ នោះ​ភាព​ខ្ពង់ខ្ពស់​នៃ​សមត្ថភាព​របស់​គេ​ក៏​មិន​អាច​ទប់​គេ​ឲ្យ​ឈរ​នៅ​ទី​ខ្ពស់​បាន​យូរ​អង្វែង​នោះ​ដែរ។ ការ​ចេះ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​គឺ​សំខាន់​ណាស់ ព្រោះ​វា​នឹង​នាំ​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង ជាជាង​ការ​បង្ក​ជម្លោះ​ដែល​មាន​តែ​អ្នក​ឈ្នះ​និង​អ្នក​ចាញ់៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សំណួរដ៏ឆ្លាតវៃទាំង១១ដែលអ្នកគួរសួរនៅគ្រប់ចុងបញ្ចប់កិច្ចសម្ភាសការងារ

X
5s