ជីវិតតស៊ូរបស់ មហាត្មៈ គន្ធី មេដឹកនាំគំរូអហិង្សារបស់ឥណ្ឌា និង ពិភពលោក
មហាត្មៈ គន្ធី (Mahatma Gandhi) កើតនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ១៨៦៩ នាទីក្រុងPorbander នៃប្រទេសឥណ្ឌា។ កើតក្នុងគ្រួសារដែលជាអ្នកប្រតិបត្តិសាសនាហិណ្ឌូតឹងរ៉ឹង ហើយលោក មានឪពុកឈ្មោះ Karamchand Gandhi មានតួនាទីជាមន្ត្រីជាន់ខ្ពស់ម្នាក់ផងដែរ។ លោកមហាត្មៈ គន្ធី (Mahatma Gandhi)មានបងប្អូនសរុបចំនួន ៤នាក់ហើយមហាត្មៈ គន្ធីគឺជាកូនពៅនៅក្នុងគ្រួសារ។
ធ្លាប់ជាក្មេងមិនល្អ
បើតាមឯកសារជាច្រើនដែលកត់ត្រាពីប្រវត្តិមហាត្មៈ គន្ធី បានបញ្ជាក់ថា គាត់គឺជាក្មេងម្នាក់ស្លូតបូត ទៀងត្រង់ និង អៀនខ្មាសច្រើន ហើយក៏មិនសូវចេះនិយាយច្រើននោះដែរ។ ប៉ុន្តែបន្ទាប់ពីបានរាប់អានមិត្តម្នាក់នៅឯសាលារៀនមក អត្តចរិតរបស់គាត់ក៏បានផ្លាស់ប្ដូរ ដោយសារតែមិត្តភ័ក្ដិតែងតែបង្រៀនឲ្យចេះជក់បារី លេងល្បែង និងធ្វើរឿងរ៉ាវមិនល្អជាច្រើនទៀត។ កាលនោះគាត់ក៏បានលួចលុយក្នុងគ្រួសារផងដែរ។ ប៉ុន្តែក្រោយមក អំពើដែលខ្លួនបានធ្វើនោះបាននាំឲ្យរូបគាត់មានការឈឺចាប់យ៉ាងខ្លាំង ហើយក៏បានសម្រេចចិត្តសារភាពប្រាប់ទៅកាន់គ្រួសារជាពិសេសឪពុក នូវកំហុសគ្រប់យ៉ាង។ ជាការឆ្លើយតបកាលនោះ ឪពុករបស់គាត់មិនបានដាក់ទណ្ឌកម្មអ្វីនោះតែ ផ្ទុយទៅវិញបានសរសើរពីភាពក្លាហានរបស់មហាត្មៈ គន្ធីក្នុងការនិយាយការពិតទាំងនោះចេញមក។
រៀបការទាំងវ័យក្មេងតាមប្រពៃណីឥណ្ឌា
នៅអាយុ១៣ឆ្នាំ ក្រុមគ្រួសារក៏បានរៀបចំឲ្យមហាត្មៈ គន្ធីជាមួយនារីម្នាក់មានឈ្មោះថា Kasturba ដែលមានវ័យប្រហែលគ្នារៀបការទៅតាមប្រពៃណី។ ក្រោយមកប្តីប្រពន្ធវ័យក្មេងទាំងពីរក៏ បានបង្កើតកូនចំនួន៤នាក់។ លុះដល់ឆ្នាំ ១៨៨៨ លោកក៏បានលាក្រុមគ្រួសារ ដើម្បីបន្តការសិក្សាផ្នែកច្បាប់ក្នុងប្រទេសអង់គ្លេស។ នៅទីនោះ វប្បធម៌ទំនើបអង់គ្លេសមិនមានឥទ្ធិពលខ្លាំងក្លាឡើយក្នុងជីវិតរបស់លោកមហាត្មៈ គន្ធី ពោលគឺរស់នៅយូរៗទៅ ក៏មានអារម្មណ៍ ធុញទ្រាន់នូវវប្បធម៌ទាំងនោះ ហើយក៏បានងាកមកអនុវត្តយ៉ាងជាប់លាប់នូវទំនៀមទម្លាប់ប្រពៃណីតាមបែបសាសនារបស់ខ្លួនវិញ។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកច្បាប់ក្នុងទីក្រុងឡុងដុងរួចមក នៅឆ្នាំ១៨៩១ មហាត្មៈ គន្ធីក៏បាន ត្រលប់មកកាន់ប្រទេសឥណ្ឌាវិញ។
បញ្ចប់ការសិក្សាផ្នែកច្បាប់ ប៉ុន្តែបរាជ័យក្នុងការងារ
ក្រោយពីបានទៅដល់ប្រទេសកំណើតវិញហើយនោះ លោកក៏បានប្រើប្រាស់ជំនាញច្បាប់របស់ខ្លួន ប៉ុន្តែដោយសារតែពីក្មេងមកលោក គឺជាមនុស្សអៀនច្រើន និងមិនសូវចេះនិយាយផងនោះ ក៏បានធ្វើឲ្យការងារច្បាប់របស់លោកពុំទទួលបានជោគជ័យឡើយ ។ ប្រការនេះ វាក៏បានធ្វើឲ្យមហាត្មៈ គន្ធី មានការអស់សង្ឃឹម។ ក្រោយមកទៀតលោក ក៏បានសម្រេចចិត្តចាក់ចេញពីប្រទេសឥណ្ឌាដើម្បីទៅធ្វើការនៅប្រទេសអាហ្វ្រិកខាងត្បូង ដោយធ្វើជាទីប្រឹក្សាច្បាប់ឲ្យអ្នកជំនួញឥណ្ឌាម្នាក់។
មើលឃើញពីការជិះជាន់នៅអាហ្វ្រិកខាងត្បូង
ក្នុងប្រទេសអាហ្វ្រិកខាងត្បូងនោះ ក្រុមអាជ្ញាធរអង់គ្លេសមិនបានផ្ដល់តម្លៃសោះឡើយចំពោះ ជនជាតិស្បែកខ្មៅ ពោលគឺមានការរើសអើងយ៉ាងខ្លាំងតែម្ដង។ និយាយអំពីមហាត្មៈ គន្ធីវិញ នៅពេលដែលទៅដល់ទីនោះ លោកបានទិញសំបុត្ររថភ្លើងនៅថ្នាក់ទីមួយ ប៉ុន្តែនៅពេល លោកទៅអង្គុយនៅកន្លែងនោះ ពួកអ្នកធ្វើការនៅរថភ្លើងជាពិសេស ជនជាតិស្បែកសមិនអនុញ្ញាតឲ្យអង្គុយនោះឡើយ ព្រោះថា ជាទូទៅជនជាតិស្បែកខ្មៅរួមទាំងជនជាតិឥណ្ឌាផងដែរនោះ គ្មានសិទ្ធិអង្គុយឡើយ ពោលគឺថ្នាក់ទី១គឺសម្រាប់តែជនជាតិ ស្បែកសប៉ុណ្ណោះ។ ដូច្នេះពួកអ្នកបម្រើការងារលើរថភ្លើងក៏បានដេញឲ្យទៅអង្គុយកៅអីថ្នាក់ទី៣ ដែលជាកន្លែងសម្រាប់ពួកស្បែកខ្មៅ។ ជួបប្រទះនឹងកាលៈទេសៈបែបនោះ មហាត្មៈ គន្ធី បានប្រឆាំងយ៉ាងខ្លាំងហើយមិនព្រមទៅណាឡើយ តែជាលទ្ធផលលោកត្រូវបានគេចាប់បោះចេញពីលើរថភ្លើង។
មានគំនិតផ្លាស់ប្ដូរ និង ប្រឆាំងការជិះជាន់
បទពិសោធន៍ជូរចត់គ្រានោះ បានធ្វើឲ្យមានធ្វើការសញ្ជឹងគិតយ៉ាងខ្លាំង ចំពោះការជិះជាន់របស់ជនជាតិស្បែកសលើជនជាតិស្បែកខ្មៅ។ ម្យ៉ាងវិញទៀតរឿងរ៉ាវទាំងនោះ បានធ្វើឲ្យលោក ចិញ្ចឹមចិត្តចង់ផ្លាស់ប្ដូរស្ថានភាពអាក្រក់ចេញ។ ក្រោយមកទៀត លោក ក៏បានបង្កើតសហគមប្រឆាំងទៅនឹងការជិះជាន់ ដែលមានអ្នកចូលរួមមកពីបណ្ដាសាសនាផ្សេងៗ។ ប៉ុន្តែបើទោះបីជា មានការប្រឆាំងយ៉ាងណាក្តី មហាត្មៈ គន្ធីមិនបានប្រើប្រាស់ការប្រឆាំងបែបហិង្សាឡើយ។ ជាក់ស្ដែងមានច្បាប់មួយ ដែលតម្រូវឲ្យលុបចោលនូវការរៀបការតាមបែបប្រពៃណីសាសនាហិណ្ឌូ និង ឥស្លាម។ ចលនាប្រឆាំងទៅនឹងច្បាប់នោះបានធ្វើឡើងដោយមានការចូលរួមពីមនុស្សជាច្រើន ដោយពួកគេមិនបានធ្វើការតបតទៅកាន់អាជ្ញាធរនោះឡើយ បើទោះបីជាមានការវាយដំ រហូតទាល់តែច្បាប់នោះត្រូវបានលុបចោលវិញ។ ចលនាប្រឆាំងបែបអហិង្សា នេះបានជួយឲ្យមានការលុបចោលនូវច្បាប់មួយចំនួនដែលមានការជិះជាន់ខ្លាំងទៅលើពួកស្បែកខ្មៅ។តាមរយៈជ័យជម្នះនេះ មហាត្មៈ គន្ធីបានកត់សម្គាល់ឃើញថា ចលនាមហាជន ពិតជាមានឥទ្ធិពលខ្លាំងក្លា។
ត្រលប់មកកាន់ឥណ្ឌាវិញ និង ចាប់ផ្ដើមប្រឆាំងនឹងអង់គ្លេស
នៅឆ្នាំ១៩១៥ មហាត្មៈ គន្ធី បានត្រលប់ទៅកាន់ប្រទេសឥណ្ឌាវិញ ដែលកាលនោះលោក មានអាយុ៤៥ឆ្នាំ។ ទៅដល់ប្រទេសកំណើតវិញនោះ មហាត្មៈ គន្ធីក៏ចាប់ផ្ដើមមើលឃើញពីការលំបាករបស់ជនជាតិឥណ្ឌាដែលបានរស់នៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និង ជិះជាន់លើជនជាតិរបស់ខ្លួនដែលធ្វើឲ្យពួកគេមានជីវភាពក្រីក្រ។ ពេលនោះ លោកមានគំនិតចង់ឲ្យជនជាតិរបស់ខ្លួនទទួលបានសិទ្ធិជាម្ចាស់នៅលើទឹកដីយ៉ាងពិតប្រាកដពោលគឺ មិនត្រូវការការគ្រប់គ្រងពីបណ្ដាប្រទេសដទៃឡើយ។ ជាបន្តបន្ទាប់សកម្មភាពបំផុសគំនិតដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់អង់គ្លេសក៏បានធ្វើឡើងដ៏សកម្មបំផុត។ មហាត្មៈ គន្ធី បានបង្រៀនដល់ ប្រជាជនឲ្យចេះមានការអត់ឱន អត់ធ្មត់ និង ចេះអធ្យាស្រ័យគ្នា ប៉ុន្តែមិនត្រូវចុះញ៉មក្នុងការទាមទាររកសេរីភាពឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាល់ការប្រមូលផ្ដុំដើម្បីធ្វើការតវ៉ាប្រឆាំងទាំងនោះតែងតែទទួលរងនូវការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណោះ មហាត្មៈ គន្ធីតែងតែត្រូវបានអាជ្ញាធរអង់គ្លេសចាប់យកទៅដាក់គុកច្រើនដងផងដែរ។ ប៉ុន្តែបើទោះបីជា មានការបង្ក្រាបយ៉ាងខ្លាំងក្លាយ៉ាងណាក្ដី ចលនាប្រឆាំងដែលដឹកនាំដោយ មហាត្មៈ គន្ធីមិនបានចុះញ៉មឡើយ ពោលគឺពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សចូលរួមកាន់តែច្រើនឡើងៗ។ ជាការកត់សម្គាល់មួយទៀតនៅពេលដែលលោក ត្រូវបានគេឃុំឃាំងក្នុងគុកនោះ មហាត្មៈ គន្ធីតែងធ្វើការប្រឆាំងនឹងពួកអង់គ្លេសដោយមិនទទួលទានបាយ ឬ ទឹកអ្វីឡើយ។
អង់គ្លេសប្រគល់ឯករាជ្យដល់ឥណ្ឌាវិញ
សកម្មភាពតវ៉ាទាមទារឯករាជ្យកាន់តែរីកធំឡើងៗ ដែលធ្វើឲ្យអង់គ្លេសពិបាកគ្រប់គ្រង។ ក្នុងពេលនោះ គេសង្កេតឃើញថា ជម្លោះសាសនាក្នុងប្រទេសឥណ្ឌាក៏បានកើតឡើងយ៉ាងខ្លាំងផងដែរ រវាងក្រុមអ្នកកាន់សាសនាហិណ្ឌូ និងក្រុមអ្នកកាន់សាសនាឥស្លាម។ ដោយសារតែមិនអាចគ្រប់គ្រងស្ថានការណ៍ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៧ អង់គ្លេសក៏បានសម្រេចផ្ដល់ឯករាជ្យទៅឲ្យឥណ្ឌាវិញ។ ហើយនៅពេលនោះក៏ជាពេលដែលឥណ្ឌាត្រូវបានបែកចែកទឹកដីមួយភាគទៅឲ្យក្រុមអ្នកកាន់សាសនាឥស្លាម ហើយក្លាយជាប្រទេសប៉ាគីស្ថាន រហូតដល់សព្វថ្ងៃនេះ។
ស្លាប់ដោយសារឃាតកបាញ់សម្លាប់
ការពុះប្រទេសឥណ្ឌាជាពីរបែបនេះ បានធ្វើឲ្យមហាត្មៈ គន្ធី មានការ ពិបាកចិត្តយ៉ាងខ្លាំងប៉ុន្តែគ្មានវិធីណាដែលអាចរួបរួមគ្នាវិញឡើយ។ នៅថ្ងៃ ទី ៣០ ខែមករា ឆ្នាំ ១៩៤៨ លោកមហាត្មៈ គន្ធី ត្រូវបានគេលួចធ្វើឃាតខណៈលោកកំពុងដើរទៅកាន់កន្លែង សូត្រធម៌។ ឃាតកដែលបាញ់សម្លាប់គាត់នេះ គឺជាពួកកាន់សាសនាហិណ្ឌូនិយមជ្រុលដែលមិនសប្បាយចិត្តចំពោះការអនុញ្ញាតឲ្យមានការពុះចែកទឹកដីឥណ្ឌា។
សម្ដីសំខាន់ៗរបស់លោក ដែលអ្នកគួរចងចាំ
១) «ដំបូង ពួកគេព្រងើយកន្តើយដាក់អ្នក បន្ទាប់មកទៀតពួកគេសើចអ្នក ហើយបន្ទាប់មក ពួកគេប្រឆាំងនឹងអ្នក។ ចុងក្រោយអ្នកនឹងឈ្នះ»។
២) «គ្មាននរណាម្នាក់ អាចធ្វើឲ្យខ្ញុំឈឺចាប់បានឡើយ លុះត្រាតែខ្ញុំយល់ព្រម»។
៣) «អ្នកទាំងឡាយណាដែល ដឹងពីវិធីក្នុងការគិត គឺមិនចាំបាច់មានគ្រូក៏បាន»។
៤) «បើទោះបីជា អ្នកជាមនុស្សភាគតិចក្ដី តែសេចក្ដីពិត គឺនៅតែពិត»។
៥) «ទីណាមានសេចក្ដីស្រលាញ់ ទីនោះមានជីវិត»។
ដោយ៖ អ៊ុន ភក្តី