ហេតុផលនេះហើយ​ ទោះបីជាគ្មានផ្លូវសមុទ្រដូចគេ សេដ្ឋកិច្ចឡាវ នៅតែដើរទៅមុខយ៉ាងល្អ​



ខ្សែទឹកត្រូវបានគេចាត់ទុកថា​ជា គមនាគមន៍សំខាន់បំផុត ដើម្បីបម្រើការដល់វិស័យសេដ្ឋកិច្ច ​និង​ពាណិជ្ជកម្មដែលសុទ្ធតែជាឆ្នឹងខ្នងយ៉ាងរឹងមាំជួយ​ដល់ការអភិវឌ្ឍ​ប្រទេស ប៉ុន្តែតើនឹងមានអ្វីកើតឡើងប្រសិនជាប្រទេសមួយពុំមានផ្លូវទឹកដែលអាច​​ឱ្យ​ពួកគេប្រើប្រាស់បាន? ដើម្បីបកស្រាយសំនួរនេះ ប្រទេសឡាវ អាចជាឧទារហណ៍មួយយ៉ាងសមស្រប! ឡាវ ជាប្រទេសដែលពុំមានទឹកដីជាប់នឹងសមុទ្រនោះទេ​ ដោយសារតែដែនដីរបស់ឡាវ គឺបានហុំព័ទ្ធជិតទៅដោយប្រទេសដីគោកដូចជាថៃ វៀតណាម កម្ពុជា​ ចិន និងមីយ៉ាន់ម៉ា។

ទោះជាស្ថិតនៅក្នុងស្ថានភាពទីតាំងភូមិសាស្ត្រមិនអំណោយផលបែបនេះក៏ដោយ ប្រទេសឡាវនៅតែអាចអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនមិន​​​ឱ្យ​​នៅញ៉កក្រោយគេនោះទេ ពោលគឺមើលតាមផលិផលក្នុងស្រុកសរុបក្នុងម្នាក់របស់ប្រជាជនឡាវគឺច្រើនជាងខ្មែរ មីយ៉ាន់ម៉ា និងវៀតណាម ដែលជាប្រទេសជិតខាងរបស់ខ្លួន ​និង​សុទ្ធ​តែ​ជា​ប្រទេស​មានផ្លូវសមុទ្រទៅទៀត។

សេដ្ឋកិច្ច​នៃ​ប្រទេស​ CLMV យោង​តាម SCB Economic Intelligence Center [/caption] តើអ្វីទៅដែលស្ថិតនៅពីក្រោយការអភិវឌ្ឍន៍របស់ប្រទេសឡាវក្នុងភូមិសាស្ត្រមិនសមប្រកបបែបនេះ? យោងតាមសារពត៌មាន The Diplomat បានបង្ហាញ​​​ឱ្យ​​ដឹងថា មកទល់មុនពេលដែលមានគ្រោះទំនប់វារីអគ្គីសនីកាលពីខែកក្កដា ឆ្នាំ ២០១៨ ប្រទេសនេះមានទំនប់វារីអគ្គីសនីទាំងកំពុងដំណើរការ និងកំពុងសាងសង់ដល់ទៅជិត ១០០គម្រោងទៅហើយ ធ្វើ​​​ឱ្យ​​ប្រទេសមួយនេះក្លាយទៅជាប្រភពផ្គត់ផ្គង់អគ្គីសនីមួយដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការដែលឡាវអាចសាងសង់បានគម្រោងវារីអគ្គីសនីដើម្បីទាញយកថាមពលពីកម្លាំងទឹកបានយ៉ាងច្រើនដូច្នេះ​ ក៏ព្រោះតែ​សណ្ឋាន​ដីនៅក្នុងប្រទេស​មានលក្ខណះជាភ្នំ និងល្បាក់ច្រើន បូករួមជាមួយនឹងវិសាលភាពទឹកដ៏ធំធេងពីទន្លេមេគង្គផងដែរ។

នៅក្នុងឆ្នាំ២០១៦ ឡាវបាននាំចេញថាមពលអគ្គីសនីទៅលក់​​​ឱ្យ​​ ប្រទេសជិតខាងក្នុងទឹកប្រាក់ជាង $៨០០លានដុល្លារអាមេរិច ដោយចំនួននេះនៅមិនទាន់រាប់បញ្ចូលការនាំចេញវត្ថុធាតុដើមផ្សេងៗដូចជាទង់ដែង ​ឬ​រ៉ែមាស​បន្ថែម​ទៀត​ផង។ លើសពីនេះទៅទៀត រដ្ឋាភិបាលសង្គមនិយមឡាវ ក៏ទទួលបានចំណូលពីការជួលគម្រោងវារីអគ្គីសនី និងសំណង់អចលនទ្រព្យរបស់ខ្លួនទៅ​ឱ្យ​អ្នកវិនិយោគទុនបរទេសក្នុងកាលកំណត់មួយផងដែរ ដូច្នេះបន្ទាប់ពីបញ្ចប់កុងត្រាជួល គម្រោងទាំងនោះនឹងក្លាយជារបស់រដ្ឋវិញ។​ សម្រាប់ប្រទេសឡាវដែលជាផ្ទះរបស់ប្រជាជនត្រឹមតែ ៦.៥លាននាក់ សេដ្ឋកិច្ចទំហំប៉ុននេះនៅតែអាច​​​​ឱ្យ​​ប្រជាជនរបស់ខ្លួនសោយសុខបាន បើទោះបីជាខ្លួននៅមានវិស័យច្រើនទៀតដែរត្រូវអភិវឌ្ឍន៍ក៏ដោយ។ ជាប្រភពនៃថាមពលអគ្គសនីដ៏ធំមួយ ឡាវមិនត្រឹមតែអាចលក់អគ្គីសនីឳ្យប្រជាជនខ្លួននៅក្នុងតម្លៃថោកប៉ុណ្ណោះទេ ប៉ុន្តែឡាវថែមទាំងអាចនាំចេញទៅក្នុងតំបន់ និងទទួលបានងារជា ឆ្នាំងសាកមួយដ៏សំខាន់​នៅ​តំបន់អាស៊ីអាគ្នេយ៍ទៀតផង។​

 ទោះជាយ៉ាងណាក៏ដោយ ដំណើរអភិវឌ្ឍន៍ប្រទេសនេះបានជួបបញ្ហាដ៏ធ្ងន់ធ្ងរមួយ ខណះដែលមានការបាក់ទំនប់ធ្វើ​​​ឱ្យ​​មនុស្សរាប់ពាន់នាក់បានស្លាប់ និងបាត់ខ្លួន ជាមួយរាប់សិបម៉ឺននាក់ទៀតបាត់បង់ទីជម្រក។ ប្រសិនជាសេដ្ឋកិច្ចរបស់ខ្លួននៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើគម្រោងវារីអគ្គីសនីតទៅមុខទៀត បញ្ហាបាក់ទំនប់នោះនឹងមិនមែនជាលើកចុងក្រោយនោះទេ។

 ដូច្នេះដើម្បីជៀសវាងការរំពឹងដ៏ធំទៅលើវិស័យវារីអគ្គីសនីនេះតែមួយមុខ ប្រទេសឡាវបានស្វាគមន៍ការចូលមកវិនិយោគបណ្តាក់ទុនពីជនជាតិចិនយ៉ាងច្រើនគួរ​​​ឱ្យ​​ កត់សម្គាល់ ដោយពួកគេច្រើនផ្តោតសំខាន់លើវិស័យអចនលទ្រព្យ និងសំណង់។ លើសពីនេះទៅទៀត ឡាវក៏បានចូលរួមកិច្ចសហប្រតិបត្តិការជាមួយនឹងចិននៅក្នុងការសាងសង់គម្រោងផ្លូវរថភ្លើងប្រវែងជាង ៤០០គីឡូម៉ែត្រ តភ្ជាប់ពីថៃមកកាន់ឡាវបន្តទៅដល់ចិន។ គម្រោងនេះធ្វើ​​​ឱ្យ​​ឡាវមានសុទិដ្ឋិនិយមថាខ្លួននឹងអាចទទួលបានផលខ្លះចេញពីខ្សែក្រវ៉ាត់សេដ្ឋកិច្ចដ៏ធំមួយនេះ៕

ដោយ៖ វត្តី សុត្ថា

X
5s