​មូលហេតុ​ ៥យ៉ាង ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដួល​រលំ​



មាន​ការ​លើកឡើង​ជា​ច្រើន​ដែល​ថា កង្វះខាត​បទពិសោធន៍​របស់​អ្នក​ដឹកនាំ​ក្រុមហ៊ុន​​គឺ​ជា​កត្តា​មួយ​​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដួល​រលំ។ ប៉ុន្តែ​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ តើ​អ្នក​អាច​ដឹង​ពី​ចម្លើយ​ទាំង​នោះ​ដែរ​ឬទេ?

អស់​រយៈពេល​៤​ឆ្នាំ​មជ្ឈមណ្ឌល​អូស្ត្រាលី​ដើម្បី​​​ការ​លូតលាស់​ក្នុង​អាជីវកម្ម​ (Australian Centre for Business Growth) បាន​សម្ភាសន៍​នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន (CEO) ជា​ច្រើន​នាក់​ដែល​​ធ្លាប់​មាន​បទពិសោធន៍​បរាជ័យ​ក្នុង​អាជីវកម្ម។ ជា​លទ្ធផល​អ្នក​ទាង​នោះ​បាន​​លើក​ឡើង​ពី​ហេតុផល​​ជំនូន ២៥៣ ហើយ​មាន​ហេតុផល​ស្រដៀងៗ​​គ្នា​​ធំៗ​ចំនួន​៥ ខាងក្រោម​នេះ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ពួកគេ​ដួល​រលំ។ ​

១) ខ្វះ​ការ​​ស្រាវជ្រាវ​ទីផ្សារ និង​​​ខ្វះ​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់ (Poor Market Research, Marketing and Sales)

មាន​​នាយក​ប្រតិបត្តិ​ (CEO) ក្រុមហ៊ុន​ច្រើន​ណាស់​ដែល​បាន​លើក​ឡើង​ថា ​ខ្លួន​មិន​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទីផ្សារ​គ្រប់គ្រាន់​ដូច​ជា​ទំហំ​ទីផ្សារ​​មាន​ប៉ុន្មាន ឬ​​មិន​បាន​យល់​​ច្បាស់​ពី​ទីផ្សារ​ដែល​ខ្លួន​កំពុង​​ធ្វើ​នោះ​​ទេ​។ CEO ទាំង​នោះ​​​មិន​បាន​ធ្វើ​ឲ្យ​ផលិត ឬ​សេវាកម្ម​របស់​ខ្លួន​មាន​សុពលភាព​​គ្រប់គ្រាន់​ឡើយ ហើយ​មិន​ទទួល​បាន​សមិទ្ធផល​ច្រើន​នោះ​ដែរ​​​នៅ​មុន​ពេល​ចំណាយ​លុយ​ច្រើន​លើ​ការ​ធ្វើ​ទីផ្សារ។ បន្ថែម​លើ​នេះ នាយក​ប្រតិបត្តិ​ខ្លះ​ទៀត​ថែម​ទាំង​មិន​បាន​ដឹង​ទេ​ថា ​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​ឈរ​នៅ​ទីតាំង​ណា? ខុស​ប្លែក​ពី​គូប្រជែង​ត្រង់ណា? ហើយ​ក៏​បាន​ដឹង​ដែរ​ថា តើ​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​មាន​ប៉ុន្មាន​ដែរ? នេះ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​ជំនាញ​លក់​របស់​អ្នក​គ្រប់គ្រង​ទាំង​នេះ​ដែល​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​លក់ យល់​ដឹង​មិន​ច្បាស់​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​បង្កើត​លុយ មិន​ស្គាល់​អតិថិជន​ស្នួល ខ្វះ​ការ​​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លក់ ហើយ​ជា​ពិសេស​នោះ​គឺ​ខ្វះ​យន្ត​ការ​តាមដាន​​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន និង​ខ្វះ​​មតិ​កែលំអ​មក​វិញ។ ​

២) មាន​បញ្ហា​គ្រប់គ្រង​ហិរញ្ញវត្ថុ​ (Inadequate Financial Management)

ហេតុផល​​មួយ​ទៀត​ដែល​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរាជ័យ គឺ​ទាក់ទង​ទៅ​នឹង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​របស់​នាយក​ប្រតិបត្តិ ឬ​អ្នក​គ្រប់គ្រង​​ និង​កង្វះខាត​ទុន​ដើម្បី​ទ្រទ្រង់​ដល់​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​។ មាន​ CEO ​ច្រើន​ណាស់​ដែល​បាន​សារភាព​ថា ខ្លួន​មិន​មាន​ចំណេះដឹង ឬ​បាន​ដឹង​តិចតួច​ពី​មូលដ្ឋាន​គ្រឹះ​ហិរញ្ញវត្ថុ​ និង​​ គ្រប់គ្រង​ហិរញ្ញវត្ថុ​មិន​បាន​គ្រប់​ជ្រុងជ្រោយ​​ហើយ​មួយ​ចំនួន​តូច​បាន​កត់សម្គាល់​​​ឃើញ​ថា ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច។ ក្រៅ​ពី​នេះ CEO ខ្លះ​ទៀត​​និយាយ​ថា ខ្លួន​មាន​សុទិដ្ឋិនិយម​រឿង​លុយ​កាក់​ច្រើន​ហួសហេតុ​ពេក មាន​គំរូ​ចំណាយ​ចំណូល​មិន​ត្រឹមត្រូវ មិន​បាន​បង្កើន​​​ចំណាយ​​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​​សម្រាប់​ផ្គត់ផ្គង់​ ព្រម​ទាំង​បាន​បរាជ័យ​ក្នុង​ការ​ព្យាករណ៍​ពី​ផល​ប៉ះពាល់​នៃ​​កំណើន​យ៉ាង​ឆាប់រហ័ស​លើ​លំហូរ​សាច់ប្រាក់​របស់​ក្រុមហ៊ុន។ បញ្ហា​មួយ​ទៀត​គឺ​ស្វែង​រក​ដើមទុន​​ដើម្បី​​ពង្រីក​ក្រុមហ៊ុន។ អសមត្ថភាព​ក្នុង​ការ​​រក​ទុន​សម្រាប់​បន្ត​ជំនួញ​ ខ្វះ​ដៃគូ​មក​វិនិយោគ ឬ​បោះទុន​រួម​គ្នា​​ដោយ​ពឹង​ផ្អែក​លើ​អតិថិជន​ច្រើន​ពេក មិន​អាច​រក​​ប្រាក់ចំណេញ​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​កំណើន និង​​គ្រប់គ្រង​គម្រោង​មិន​បាន​​បាន​ត្រឹមត្រូវ​គឺ​ជា​បញ្ហា​​ដ៏​ធំ​មួយ​ប៉ះពាល់​ដល់​ការ​រីកចម្រើន​របស់​ក្រុមហ៊ុន។

៣) ខ្វះ​សមត្ថភាព​ជា​អ្នកដឹកនាំ និង ជំនាញ​គ្រប់គ្រង ​(Poor Leadership and Management Skills)

ភាព​ជា​អ្នកដឹកនាំ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ក្រុមហ៊ុន​​បាន​ផ្ដោត​លើ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ជា​គោលដៅ​ ទីផ្សារ​ អតិថិជន​ ផលិតផល ​​និង​ផែនការ។ ការ​គ្រប់គ្រង​​គឺ​ដើម្បី​ធានា​ថា ​អ្វីៗ​ទាំង​នេះ​ពិត​ជា​បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​តាម​ផែនការ​កំណត់​ដែល​​ក្រុមហ៊ុន​ចង់​បាន។ ប៉ុន្តែ​ជា​រឿង​មួយ​គួរឲ្យ​សោកស្តាយ​ពីព្រោះ​ថា មាន​ CEO ក្រុមហ៊ុន​ជា​ច្រើន​បាន​ខ្វះ​សមត្ថភាព​ជា​អ្នកដឹកនាំ ខ្វះ​ការ​ផ្ដោត​យកចិត្ត​ទុកដាក់ ខ្វះ​ចក្ខុវិស័យ និង​ខ្វះ​ជំនាញ​ទំនាក់ទំនង។ ពួកគេ​បាន​ព្យាយាម​ដឹកនាំ​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង មិន​បាន​ស្វែងយល់​ថា ​​មាន​អ្វី​កើត​ឡើង ឬ​មិន​បាន​ដឹង​ថា ត្រូវ​ត្រៀម​ខ្លួន​ដោយ​របៀបណា​សម្រាប់​ជំហាន​បន្ទាប់ ព្រម​ទាំង​ខ្វះ​ចំណេះដឹង​វិជ្ជាជីវៈ​​ពី​របៀប​ដឹកនាំ និង​គ្រប់គ្រង​ក្រុមហ៊ុន​​ដែល​​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត​មិន​ទទួល​បាន​ប្រសិទ្ធភាព។ ដោយសារតែ​បញ្ហា​​ទាំង​នេះ​ហើយ​ទើប​​ប្រធាន​ក្រុមហ៊ុន​​ជា​ច្រើន​ដឹកនាំ​ក្រុមហ៊ុន​តាម​វិធី​ដដែលៗ និង​ទទួល​បាន​សមិទ្ធផល​ដដែលៗ​មិន​សម​អ្វី​ដែល​ខ្លួន​ចង់​បាន។

៤) ខ្វះ​ផែនការ​អាជីវកម្ម និង​អនុវត្ត​មិន​គ្រប់​ជ្រុងជ្រោយ (Lack of Planning and Execution)

មាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ច្រើន​ណាស់​ដែល​មិន​បាន​យល់​ថា ទិសដៅ​របស់​ក្រុមហ៊ុន​គឺ​ជា​ការងារ​ចម្បង​ដែល​ពួកគេ​ត្រូវ​ធ្វើ ប៉ុន្តែ​បាន​ដឹង​ថា ចំណុច​ខ្វះខាត​ក្នុង​ការ​រៀបចំ​​ផែនការ​​អាជីវកម្ម​ និង​អនុវត្ត​គម្រោង​មិន​បា​ន​​គ្រប់​ជ្រុងជ្រោយ​​នាំ​ឲ្យ​ក្រុមហ៊ុន​បរាជ័យ។ មាន​​CEO តិចតួច​ណាស់​ដែល​បាន​បង្កើត​បេសកកម្ម​យ៉ាង​ច្បាស់លាស់​មួយ​ដែល​​កំណត់​​​​នូវ​គុណ​តម្លៃ ចក្ខុវិស័យ​រយៈពេល​វែង​ទៅ​មុខ​សម្រាប់​ក្រុមហ៊ុន​ យុទ្ធសាស្ត្រ​ការពារ​ហានិភ័យ និង​​អភិវឌ្ឍ​ផែនការ​​អាជីវកម្ម ​សម្រាប់​ឱកាស​​រីកចម្រើន​ទៅ​មុខ។ យ៉ាងណាមិញ បើ​ទោះបី​ជា CEO ទាំង​នោះ​មាន​ផែនការ​អាជីវកម្ម​ល្អ​ឥតខ្ចោះ​យ៉ាង​ណា​ក្តី ក៏​មាន​ពេល​ខ្លះ​ខ្លួន​មិន​អាច​ដើរ​តាម​ផែនការ​អាជីវកម្ម​នោះ​បាន​ទាំង​ស្រុង​នោះ​​ដែរ​។ ក្នុង​នាម​ជា​ប្រធាន​ក្រុមហ៊ុន ឬ​ CEO ក្រុមហ៊ុន​ដ៏​ជោគជ័យ​ម្នាក់ ខ្លួន​ត្រូវ​​យល់​ពី​តម្រូវការ​ដែល​ចាំបាច់​សម្រាប់​កំណត់​គោលដៅ​មួយ​​ដ៏​ច្បាស់លាស់ អាច​វាយតម្លៃ​បាន ផ្តល់​មធ្យោបាយ ឬ​ធនធាន​សម្រាប់​អនុវត្ត និង​​​ត្រូវ​​​ផ្ទេរ​​ការងារ​ទៅ​តាម​ឋានានុក្រម​ក្រោម​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​​​ឲ្យ​ទទួល​ខុសត្រូវ​ការងារ​រៀងៗ​ខ្លួន​ដើម្បី​សម្រេច​គោលដៅ​នោះ។

៥) កត្តា​​ផ្សេងៗ​ខាងក្រៅ​ក្រុមហ៊ុន​​ (Blindsided by Externalities )

បញ្ហា​​​មួយ​ចំនួន​​ដែល​បង្ក​ឡើង​ដោយ​កត្តា​ខាងក្រៅ​ក្រុមហ៊ុន ដូច​ជា​ព្រឹត្តិការណ៍​ ឬ​ហេតុការណ៍​ផ្សេងៗ​ គឺ​អាច​ជះឥទ្ធិពល​ខ្លាំងក្លា​ដល់​ដង្ហើម​ក្រុមហ៊ុន​ទាំងមូល។ គ្រោះ​រាំងស្ងួត ព្យុះ អគ្គីភ័យ គ្រោះ​ទឹកជំនន់ បញ្ហា​សេដ្ឋកិច្ច នយោបាយ កំណែទម្រង់​ពន្ធដារ កំហុស​​ក្នុង​ការ​ទូទាត់​​សាច់​ប្រាក់​ដោយ​ឥត​ព្រាងទុក ការផ្លាស់ប្ដូរ​គោលនយោបាយ​លទ្ធកម្ម​របស់​អតិថិជន​ ​ការ​ប្រែប្រួល​ក្នុង​អត្រា​ប្ដូរប្រាក់ ទាំងអស់​នេះ​បាន​​ផ្តល់​​លទ្ធភាព​ឲ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​មាន​សមត្ថភាព​គ្រប់គ្រង​បន្តិចបន្តួច ឬ​សឹងតែ​គ្មាន​ផង។ យ៉ាងណាក៏ដោយ បើ​ទោះបី​ជា​ពេល​ខ្លះ​វា​មិន​ទាន់​កើត​ឡើង​ក៏ដោយ ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់​ចាំបាច់​ត្រូវតែ​ទទួលស្គាល់​ពី​ហានិភ័យ​​ទាំង​នេះ​ដែល​​អាច​ក្លាយ​​ជា​សុបិន្ដ​អាក្រក់​នៅ​ពេល​នា​ខ្លួន​កំពុង​ព្យាយាម​​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​រីកចម្រើន​ទៅ​មុខ​។ ដូច្នេះ​ក្រៅ​ពី​ការ​​បង្កើត​ផែនការ​​អាជីវកម្ម​ល្អ​មួយ​ហើយ​នោះ ម្ចាស់​ក្រុមហ៊ុន​នីមួយៗ​ចាំបាច់​ត្រូវ​​បង្កើត​យុទ្ធសាស្ត្រ​កាត់បន្ថយ​ហានិភ័យ​ដើម្បី​​ផ្តល់​លទ្ធភាព​ឲ្យ​ខ្លួន​អាច​អនុវត្ត​ផែនការ​​អាជីវកម្ម​ប្រកប​ដោយ​ភាព​ជោគជ័យ​បាន​៕

ប្រភព៖ entrepreneur

X
5s