សកម្មភាពទាំងនេះហើយដែលនាំឲ្យជីវិតអ្នកស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃមិនចេះឈប់
សព្វថ្ងៃនេះមនុស្សម្នាក់ៗកំពុងតែរស់នៅក្នុងជីវិតមួយ ដែលពោរពេញដោយភាពតប់ប្រមល់ និងភាពស្មុគស្មាញ ជាច្រើនអនេក។ តើអ្នកតែងតែព្យាយាមបន្តធ្វើអ្វីមួយ ទាំងដែលដឹងថាវានឹងធ្វើឲ្យជីវិតអ្នកកាន់តែយ៉ាប់យឺននោះដែរឬទេ? តើអ្នកមានអារម្មណ៍ថា រាល់ថ្ងៃនេះអ្នកធ្វើអ្វីដែលត្រឹមត្រូវនិងមានប្រយោជន៍ឬអត់? តើអ្នកមានអារម្មណ៍ថា ជីវិតគេហេតុអ្វីស្រួលម្ល៉េះ? ចុះខុសអីពីជីវិតខ្លួនឯងហាក់ដូចជាស្មុគស្មាញខុសគេម្ល៉េះ? ខាងក្រោមនេះជាសកម្មភាពខ្លះៗ ដែលនាំឲ្យអ្នកជួបតែជីវិតស្មុគស្មាញគ្រប់ពេលវេលានោះ៖
១) ចូលចិត្តពន្យារពេល៖ វាអាចផ្ដល់ជាផ្នែកមួយនៃភាពស្មុគស្មាញដែរ ប្រសិនបើអ្នកតែងតែទុកការងារចោល ហើយពន្យារពេលវេលាក្នុងការសម្រេចវានោះ។ ជីវិតរបស់អ្នកនឹងមានភាពសប្បាយរីករាយជាងនេះ ប្រសិនបើអ្នកចាប់ផ្ដើមធ្វើអ្វីមួយឲ្យបានឆាប់ជាងនេះ ហើយបោះបង់ចោលការពន្យារពេលចោលភ្លាម។
២) ព្រួយបារម្ភច្រើនពេក៖ ប្រសិនបើអ្នកតែងតែមានការភ័យព្រួយច្រើនពេកនោះ កិច្ចការទាំងឡាយនឹងមិនអាចឆាប់សម្រេចបានទេ។ ការព្រួយបារម្ភ នឹងមិនអាចចូលរួមដោះស្រាយអ្វីបានឡើយចំពោះអ្នក ។
៣) ចូលចិត្តរង់ចាំ៖ តើអ្នកគិតថាការរង់ចាំនោះអាចផ្ដល់ប្រយោជន៍ដល់អ្នកមែនទេ? ពេលនេះវាពិបាកសម្រាប់អ្នកចុះហេតុអ្វីក៏មិនខំប្រឹងឡើងវិញទៅ ? មានតែអ្នកប៉ុណ្ណោះដែលអាចជួយស្រោចស្រង់ខ្លួនឯងបន្តបាន។ ហេតុអ្វីចាំបាច់រង់ចាំពេលវេលាផ្សេងទៀតដើម្បីសម្រេចវា?
៤) ធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន៖ អ្នកតែងតែនិយាយថាអាចទៅរួចទាំងដែលខ្លួនឯងមិនមានសមត្ថភាពនៅឡើយ។ អ្នកដទៃអាចនឹងសប្បាយចិត្តនៅពេលអ្នកយល់ស្របធ្វើអ្វីបានគ្រប់យ៉ាងបាននោះ។ ប៉ុន្តែអ្នកភ្លេចគិតថា ខ្លួនឯងមិនចេះវាទេ ប៉ុន្តែហេតុអ្វីនៅតែខំប្រឹងលើសពីសមត្ថភាពទៀត?
៥) ចូលចិត្តរអ៊ូរទាំ៖ តើអ្នកគិតថាការរអ៊ូរទាំ ឬត្អូញត្អែរនេះអាចផ្លាស់ប្ដូរគ្រប់បែបយ៉ាងបានដែរទេ? អ្នកត្រូវតែព្យាយាមកាត់បន្ថយការត្អូញត្អែររបស់អ្នក ហើយងាកមកធ្វើអ្វីដែលអាចកែប្រែទៅរកអ្វីដែលអ្នកចង់បានវិញទៅ។
៦) ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ៖ អ្នកគួរដើរលើផ្លូវណាដែលអ្នកគិតថាវាចាំបាច់ណាស់សម្រាប់អ្នក។ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃនេះ នឹងធ្វើឲ្យអ្នកបរាជ័យ ព្រោះអ្នកតែងតែរវល់ដើម្បីធ្វើយ៉ាងណាយកឈ្នះមនុស្សម្នាក់ទៀត។
៧) មិនស្មោះត្រង់៖ ភាពមិនស្មោះត្រង់នឹងខ្លួនឯង នឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលកុហកខ្លួនឯង រួមទាំងធ្វើឲ្យជីវិតកាន់តែស្មុគស្មាញ។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា