ទីក្រុងទាំង ៨ ដែលគេព្យាករណ៍ថាជាទីក្រុងអ្នកមាន​ជាងគេ​បំផុត​​នៅ​ក្នុង​ឆ្នាំ ២០២៥ ខាងមុខ​



កំណើន​ប្រជាជន​កាន់តែ​ច្រើន ហើយ​ទីក្រុង​ថ្មីៗ​ក៏​កើត​មាន​កាន់តែ​ច្រើន​ឡើង​ទៅតាម​នោះ​ដែរ។ តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Mckinsey&Company សូម​បង្ហាញ​ប្រិយមិត្ត​ពី​ទីក្រុង​ចំនួន ៨ ខាងក្រោម​នេះ​ដែល​គេ​រំពឹង​ថានឹង​មាន​ទំហំ GDPធំ​ជាងគេ​នៅ​ក្នុង​ឆ្នាំ ២០២៥ ខាងមុខ។

១) ទីក្រុង​ឡុង​របស់​​អង់គ្លេស
វា​មិនមែន​ជា​រឿង​ចម្លែក​​នោះ​ទេ​ដែល​ទីក្រុង​មួយ​នេះ​ឈរ​លើ​កំពូល​តារាង​ ក្លាយ​ជា​ទីក្រុង​មាន​ជាងគេ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០២៥ ខាងមុខ ត្បិត​អី​តម្លៃ​អចលនទ្រព្យ​បាន​កើន​ឡើង​ឥត​ឈប់ឈរ។ ក្រុមហ៊ុន Mckinsey&Company បាន​វាយតម្លៃ​ថា ប្រជាជន​នៅ​ក្នុង​ទីក្រុង​នេះ​នឹង​កើន​ឡើង​ពី ១៤,៨​ទៅ ១៦ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២៥ និង​ទំហំ​ GDP ទីក្រុង​ឡុងដុង​មួយ​នឹង​កើន​ឡើង​ពី ៧៥២ ទៅ ៩៧៣​ពាន់​លាន​ដុល្លារ។

២) ទីក្រុង​ប៉ារីស របស់​បារាំង
នៅ​ក្នុង​ឆ្នាំ ២០២៥ ខាងមុខ ប្រជាជន​នៅ​ក្នុង​ទីក្រុង​នេះ​នឹង​កើន​ឡើង​ពី ១១,៨ លាន​ទៅ ១២,៨ លាន​នាក់ ខណៈ​ដែល​ទំហំ GDP របស់​ទីក្រុង​​ទាំង​មូល​នឹង​កើន​ឡើង​ពី ៧៥៤ ដល់ ៩៧១ ពាន់​លាន​ដុល្លារ។ មូលហេតុ​សំខាន់​នៅ​ពី​ក្រោយ​កំណើន​នេះ គឺ​ការ​កើន​ឡើង​នៃ​តម្រូវការ​អចលនទ្រព្យ ជា​ពិសេស​គម្រោង​អភិវឌ្ឍ​ធំៗ​​ជា​ច្រើន​របស់​អ្នក​វិនិយោគ​មក​ពី​ជុំវិញ​ពិភពលោក។

៣) ទីក្រុង Randstad របស់​ហូឡង់ដ៍
Randstad គឺ​ជា​ទីក្រុង​ធំ​ជាងគេ​បំផុត​លំដាប់​ទី​៤​របស់​ហូឡង់ដ៍។ ជា​មួយ​នឹង​ការ​រំពឹង​ទុក​ថា ប្រជាជន​នឹង​កើន​ឡើង​ពី ៧ ទៅ ៧,២ លាន​​នាក់​នៅ​ក្នុង​ឆ្នាំ ២០២៥ ខាងមុខ ទំហំ​ GDP របស់​ទីក្រុង​នេះ​នឹង​កើន​ឡើង ពី ៣៦៤ ដល់​ ៤៦២ ពាន់​លាន​ដុល្លារ។ សេដ្ឋកិច្ច​ដ៏​រស់រវើក​របស់​ទីក្រុង​នេះ​ដូច​ជា កំពង់ផែ​​ វា​បាន​ក្លាយ​ជា​ទីតាំង​សំខាន់​សម្រាប់​ច្រក​ចេញចូល​ពាណិជ្ជកម្ម​ និង​ទីស្នាក់ការ​ក្រុមហ៊ុន​ធំៗ​​មក​ពី​​តំបន់​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក។

៤) តំបន់​ Rhine-Ruhr ​របស់​អាល្លឺម៉ង់
ផ្ទុយ​ពី​ទីក្រុង​ផ្សេងៗ​ទៀត​របស់​ប្រទេស​នេះ​ដែល​គេ​រំពឹង​ថា ប្រជាជន​នឹង​​ធ្លាក់​ចុះ តំបន់​ Rhine-Ruhr ដែល​មាន​ប្រជាជន​ជាង ១០ លាន​អ្នក​ វិញ​កំពុង​ក្លាយ​ជា​ទីក្រុង​ដ៏​មាន​សក្ដានុពល​ ពោល​គឺ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ ជា​ជម្រក​របស់​ក្រុមហ៊ុន​​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ​ធំៗ​​មក​ពី​ជុំវិញ​ពិភពលោក។ គេ​រំពឹង​ថា GDP របស់​ទីក្រុង​នេះ​នឹង​កើន​ឡើង​ពី ៤៨៥ ដល់​ទៅ ៦២៥ ពាន់​​លាន​ដុល្លារ​នៅ​​ក្នុង​ឆ្នាំ ២០២៥ ខាងមុខ។

៥) ទីក្រុង​អ៊ីស្តាន់ប៊ុល​របស់​ទួរគី
ប្រជាជន​របស់​ទីក្រុង​នេះ​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ហក់​ឡើង​ជា​គំហុក​ ពោល​គឺ​ពី ១០,៩ លាន​នាក់ ទៅ ១៤,៨ លាន​អ្នក​នៅ​ក្នុង​រយៈពេល ៦​ឆ្នាំ​ទៀត។ នេះ​ក៏​ជំរុញ​ឲ្យ​សេដ្ឋកិច្ច GDP ​របស់​ទីក្រុង​នេះ​នឹង​ហក់​ឡើង​ពី ១៨៨ ពាន់​លាន​ដុល្លារ​ដល់​ទៅ ៤៨០ ពាន់​លាន​ដុល្លារ​នៅ ក្នុង​រយៈពេល​​ដូចគ្នា​នេះ​ដែរ។ កំណើន​ប្រាក់​ចំណូល ក្រុមហ៊ុន​ថ្មីៗ​​​និង​សហគ្រិន​ភាព​កើន​ឡើង​រីក​ដូច​ផ្សិត​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​កំណើន​ GDP នេះ។

៦) ទីក្រុង Los Angeles សហរដ្ឋអាមេរិក
ប្រជាជន​នៅ ក្នុង​ទីក្រុង​ទាំងមូល​​នឹង​កើន​ឡើង​ពី ១២,៨ ទៅ ១៥ លាន​អ្នក ខណៈ​ដែល​GDP វិញ​នឹង​កើន​ឡើង​ពី ៧៣២​ពាន់​លាន​ដុល្លារ​ទៅ ១ ពាន់​​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២៥ ខាងមុខ។  ក្រៅ​ពី​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍ ទីក្រុង​ Los Angeles គឺ​ជា​ជម្រក​​​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំៗ​របស់​អាមេរិក​ ​ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​អាមេរិក​ទាំងមូល។

៧) ទីក្រុង Chicago
Chicago មាន​ភាព​ល្បីល្បាញ​​ខាង​ប្រព័ន្ធ​ដឹក​ជញ្ជួន ជំនួញ ​ព្រម​ទាំង​ជា​ទីក្រុង​ដែល​មាន​សក្ដានុពល​ខ្លាំងក្លា​ផ្នែក​សំណង់​អចលនទ្រព្យ។ របាយការណ៍​របស់​ក្រុមហ៊ុន​ខាងលើ​បាន​ព្យាករណ៍​ថា ប្រជាជន​ទីក្រុង​នេះ​នឹង​កើន​ឡើង​ពី ៩,៤ ទៅ ១០,១ លាន​នាក់ ខណៈ​ដែល GDP វិញ​នឹង​កើន​ឡើង​ពី ៤៩៦ ដល់ ៦៦១ ពាន់​លាន​ដុល្លារ។

៨) ទីក្រុង​សៀងហៃ
ប្រជាជន​ទីក្រុង​សៀងហៃ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ពី ២២,៣ លាន​ទៅ ៣០,៩ លាន​អ្នក​នៅ​ក្នុង​ឆ្នាំ ២០២៥ ខាងមុខ​ខណៈ​ដែល GDP វិញ​នឹង​កើន​ឡើង ២៥១ ពាន់​លាន​ ទៅ ១,១ ពាន់​ពាន់​លាន​ដុល្លារ។ កត្តា​ចម្បង​​ដែល​នាំ​ឲ្យ​មាន​កំណើន​នេះ​គឺ លំហូរ​វិនិយោគ​ពី​ក្រៅ​ស្រុក និង​កម្លាំង​​ពលកម្ម​ដ៏​សកម្ម​របស់​​យុវជន​​ជំនាន់​ថ្មី៕
 ​
ប្រភព៖msn

X
5s