សម្រាប់​ម្ចាស់​អាជីវកម្ម​ទេចរណ៍! ក្រសួង​ប្រកាស​៦​ចំណុច​ដែល​ត្រូវ​អនុវត្ត​លើ​អាជីវកម្ម​



ដើម្បី​ធានា​បាន​ថា​សេវាកម្ម​ទេសចរណ៍​ ដែល​ប្រតិបត្តិករ​ផ្ដល់​ជូន​ភ្ញៀវទេសចរ​ជា​សេវាកម្ម ​នូវ​គុណភាព មាន​សុវត្ថិភាព នឹង​អាច​ជឿ​ទុកចិត្ត​បាន ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ប្រកាស​លេខ​ ០៥២ ប្រក. ចុះ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ ដែល​ស្ដី​អំពី​ «កាព្វកិច្ច​ប្រើប្រាស់​ និង​បិទផ្សាយ​បញ្ជី​រាយនាម​សេវាកម្ម​ទេសចរណ៍​របស់​ប្រតិបត្តិករ​ទេសចរណ៍» ដែល​នៅ​ក្នុង​ប្រកាស​នេះ​បាន​ណែនាំ​លម្អិត​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ឱ្យ​មាន​នូវ​បញ្ជីរាយនាម​សេវាកម្ម​ទេសចរណ៍​ផ្ទាល់​សម្រាប់​អាជីវកម្ម​របស់​ខ្លួន និង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់ ឬតាំងបង្ហាញ ក្រោមទម្រង់ដូចតទៅ៖

១). ត្រូវ​សរសេរ​ជា ០៣ ភាសា​យ៉ាងតិច ដែល​រួមមាន​ភាសាខ្មែរ​នៅ​ខាងមុខ ឬនៅ​ពីលើ និង​ភាសា​អង់គ្លេស​នៅបន្ទាប់​ ឬ​បន្ទាត់​ខាង​ក្រោម និង​ភាសាបរទេស​ទីបី​នៅ​បន្ទាប់​ទៀត អាស្រ័យតាមស្ថានភាព ជាក់ស្ដែង​នៃ​អតិថិជន​របស់​អាជីវកម្ម

២). ប្រភេទ​នៃសេវាកម្ម​ទេសចរណ៍​នីមួយៗ គួរមាន​បង្ហាញ​ជា​រូបភាព ឬ​ការ​បរិយាយ​សេវាកម្ម

៣). ត្រូវមាន​ដាក់តាំង​បង្ហាញ​នៅ​បរិវេណ​ខាងមុខ​ទីតាំង​អាជីវកម្ម ឬ​កន្លែង​ងាយ​មើល​ឃើញ

៤). ត្រូវមាន​បញ្ជាក់​ពី​សេវាកម្ម​ដែល​ភ្ជាប់​ជាមួយ និង​ព័ត៌មាន​ផ្សេងៗ​បន្ថែមទៀត ដែលចាំបាច់សម្រាប់ ជា​មូលដ្ឋាន​ពិចារណា​ជ្រើសរើស​ដោយភ្ញៀវ

៥). ត្រូវ​មាន​បញ្ជាក់​តម្លៃ​ឱ្យ​បាន​ជាក់លាក់ និង​ការប្រើប្រាស់​តម្លៃ​តាម​ជម្រើស​បន្ថែម​ផ្សេងៗ​ដែល​មាន

៦). ត្រូវ​ផ្ដល់​ជូនភ្ញៀវ​ទេសចរ​មុន​ពេល​ពួក​គេ​សម្រេច​ចិត្ត​ប្រើប្រាស់ ឬ​ទទួល​យក​សេវាកម្ម​ទេសចរណ៍​នោះ។

បើ​ទោះ​ជា​មាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ក្ដី​ ក៏​យើង​នៅ​សង្កេត​ឃើញ​មាន​អាជីវកម្ម​ខ្លះ​នៅ​តែ​មិន​ទាន់​បាន​រៀបចំ​ត្រឹមត្រូវ​ទៅ​តាម​ការណែនាំ​នៅ​ឡើយ​ទេ៕

 

 

ដោយ៖ ជួប ស្រីរ័ត្ន