ហ្វីលីពីនកំពុងខ្នះខ្នែងជំរុញឧស្សាហកម្មផលិតកម្មជាលក្ខណៈសកល​



ដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់តំបន់អាស៊ាន ក្នុងការទទួលបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចនាពេលខាងមុខ ហ្វីលីពីនគ្រោងធ្វើយ៉ាងណាឲ្យខ្លួនបានក្លាយជាអ្នកនាំមុខមួយនៃការរីកចម្រើនក្នុងតំបន់។ 

ដើម្បីឲ្យខ្លួនអាចសម្រេចបំណងមួយនេះបាន ហ្វីលីពីនបាននឹងកំពុងបន្តកាត់បន្ថយអំពើពុករលួយក្នុងសង្គម វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយបញ្ហាអគ្គិសនីដែលកំពុងមាន នេះបើយោងតាមរបាយការណ៍ Competitiveness: Catching the next wave: The Philippines  របស់ស្ថាប័នហិរញ្ញវត្ថុ  Deloitte Touche Tohmatsu Limited (Deloitte Global)។

បន្ថែមពីនេះក៏បានធ្វើការព្យាករណ៍ពីវិស័យដែលនាំចូលរួមអភិវឌ្ឍសេដ្ឋកិច្ចហ្វីលីពីនឲ្យមានការរីកលូតលាស់ក្នុងនោះមានដូចជា ឧស្សាហកម្មផលិតកម្ម ដំណើរការអាជីវកម្ម business process outsourcing (BPO) ស្ថាប័ត្យកម្មសំណង់ ការដឹកជញ្ជូន ភស្តុភារកម្ម និង ព័ត៌មាន-ទំនាក់ទំនង។ របាយការណ៍ដដែលបានបញ្ជាក់ដែរថា អ្វីដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បង្កើនបរិយាកាសទាក់ទាញការវិនិយោគគឺសង្កត់ធ្ងន់លើបញ្ហាដូចជា បង្កើនអភិបាលកិច្ចសាជីវកម្ម និងកាត់បន្ថយអំពើពុករលួយ។ 

នាយកគ្រប់គ្រងផ្នែកអតិថិជន និងឧស្សាហកម្មជាសកលរបស់ Deloitte Global លោក Gary Coleman បាននិយាយថា “ការរីកចម្រើនយ៉ាងរឹងមាំនៃឧស្សាហកម្មផលិតសកលក្នុងឆ្នាំ ២០៣៣ នឹងនាំភាពរឹងមាំមកឲ្យពិភពលោក ហើយពេលនោះវានឹងបង្ហាញថាហ្វីលីពីនជាប្រទេសដែលមានសក្តានុពលចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មសកលនៃឧស្សាហកម្មផលិតកម្មដែលមានតម្លៃខ្ពស់។ បើរដ្ឋាភិបាលបង្កើតការវិនិយោគបែបឆ្លាតវៃលើហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ និងកំពង់ផែ នោះវានឹងជួយជំរុញការរីកលូតលាស់ដល់វិស័យការងារសំណង់ និងការដឹកជញ្ជូន ក៏ដូចជាមានការរីកចម្រើនផ្នែកផលិតកម្មជាបន្តបន្ទាប់បានយ៉ាងប្រសើរ។

ស្របពេលជាមួយគ្នានេះដែរ របាយការណ៍បានបញ្ជាក់បន្ថែមទៀតថាការសម្រួលដល់អាជីវកម្ម BPO នឹងក្លាយជាប្រភពមួយផ្តល់ការងារដល់អ្នកដែលបញ្ចប់ការសិក្សាថ្មីៗ ដែលវាគឺជាសញ្ញានៃដំណើរលូតលាស់រយៈពេលវែងនៃសេដ្ឋកិច្ច ហ្វីលីពីនត្រូវកាត់បន្ថយអត្រានិកម្មភាព និងអនុវត្តគោលនយោបាយដើម្បីកែលម្អរបរិយាកាសអាជីវកម្ម។ លើសពីនេះវាក៏ជំរុញឱ្យរដ្ឋាភិបាលកាត់បន្ថយការស៊ីសំណូក និងអំពើពុករលួយតាមរយៈវិធានការកែទម្រង់ដែលរួមមានដំណើរការលទ្ធកម្ម (procurement) ការបណ្តុះបណ្តាលមន្ត្រីរាជការ ប្រាក់បៀវត្សរ៍ និងការបង្កើតយន្តការរាយការណ៍និងអនុវត្ត៕

ដោយ៖ យ៉ាយ៉ា

 

X
5s