បញ្ជីឈ្មោះទីក្រុងទាំង១០ដែលគួរឲ្យចង់រស់នៅបំផុតក្នុងលោកប្រចាំឆ្នាំ ២០១៩នេះចេញហើយ!
នេះជាលើកទី២ហើយដែលទីក្រុងវីយ៉ែនណា (Vienna) ប្រទេសអូទ្រីសបានជាប់ឈ្មោះជាថ្មីម្តងទៀត ជាទីក្រុងគួរឲ្យចង់រស់នៅបំផុត (Liveable City In The World) ក្នុងលោកប្រចាំឆ្នាំ ២០១៩ នេះ។ ស្ថិតនៅភាគកណ្តាលនៃតំបន់អឺរ៉ុបទីក្រុងមួយនេះទទួលបានពិន្ទុស្ទើរតែ ១០០ ពិន្ទុពេញទៅហើយដោយផ្អែកលើលក្ខណៈពិសេសទៅនឹងស្ថិរភាពល្អ វប្បធម៌សំបូរបែប បរិស្ថានល្អ ការអប់រំមានស្តង់ដារខ្ពស់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើបៗ និងសេវាសុខភាពល្អប្រសើរ នេះបើយោងតាមការចេញផ្សាយរបស់អង្គភាពក្រុមអ្នកសេដ្ឋកិច្ចឆ្លាតវៃរបស់អង់គ្លេស (The Economist Intelligence Unit )។
បើយោងតាមអង្គភាពដដែល ការធ្វើចំណាត់ថ្នាក់ដាក់ពិន្ទុនេះមិនមែនផ្អែកតែទៅលើចំណុចទាំង ៦ ខាងលើប៉ុណ្ណោះទេ ពោលគឺនៅមានការវាយតម្លៃទៅលើលក្ខខណ្ឌផ្សេងៗចំនួនសរុប ៣០ លក្ខខណ្ឌដែលត្រូវដាក់ពិន្ទុ ចាប់ពី ១ រហូតដល់ ១០០ ពិន្ទុ។ គ្មានទីក្រុងណាមួយរបស់ អាមេរិកជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីកំពូលទាំង ១០ នេះទេ ហើយទ្វីបអាស៊ីមានតែទីក្រុងអូសាកា (Osaka) និងទីក្រុងតូក្យូរបស់ជប៉ុនប៉ុណ្ណោះ ខណៈដែលអូស្ត្រាលី និងកាណាដាមានបញ្ជីឈ្មោះទីក្រុងជាប់ច្រើនជាងគេ។
ទីក្រុង Melbourne របស់អូស្ត្រាលី
ខាងក្រោមនេះជាបញ្ជីឈ្មោះទីក្រុងគួរឲ្យចង់រស់នៅបំផុតទាំង ១០ ប្រចាំឆ្នាំ ២០១៩ (The Global Liveability Index 2019) ដែលធ្វើឡើងដោយអង្គភាពក្រុមអ្នកសេដ្ឋកិច្ចឆ្លាតវៃរបស់អង់គ្លេស (EIU)៖
១.ទីក្រុងវីយ៉ែនណា (Vienna) របស់អូទ្រីសមាន ៩៩,១ ពិន្ទុ
២.ទីក្រុងម៉ែលប៊ន (Melbourne) របស់អូស្ត្រាលីមាន ៩៨,៤ ពិន្ទុ
៣.ទីក្រុងស៊ីដនី (Sydney) របស់អូស្ត្រាលីមាន ៩៨,១ ពិន្ទុ
៤.ទីក្រុងអូសាកា (Osaka) របស់ជប៉ុនមាន ៩៧,៧ ពិន្ទុ
៥.ទីក្រុងកាល់ការី (Calgary) របស់កាណាដាមាន ៩៧,៥ ពិន្ទុ
៦.ទីក្រុងវ៉ានឃូវឺរ (Vancouver) របស់កាណាដាមាន ៩៧,៣ ពិន្ទុ
៧.ទីក្រុងតូក្យូ (Tokyo) របស់ជប៉ុនមាន ៩៧,២ ពិន្ទុ
៨.ទីក្រុងតូរ៉ុនតូ (Toronto) របស់កាណាដាមាន ៩៧,២ ពិន្ទុ
៩.ទីក្រុងកូប៉េនហាហ្គេន (Copenhagen) របស់ដាណឺម៉ាកមាន ៩៦,៨ ពិន្ទុ
១០.ទីក្រុងអាដាឡៃដ (Adelaide) របស់អូស្ត្រាលីមាន ៩៦,៦ ពិន្ទុ៕
ប្រភព៖ Cnbc