វេជ្ជបណ្ឌិត​ជំនាញ​ ប្រាប់​៤​វិធីសាស្ត្រ​ងាយៗ​ដើម្បីបង្ការ​និង​ទប់ស្កាត់​ជំងឺ​លើស​ឈាម​



បើ​និយាយ​ពី​ជំងឺ​កាច​សាហាវ​ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​នឹក​ឃើញ​ដល់​ជំងឺ​មហារីក ប៉ុន្តែ​នៅ​មាន​ជំងឺ​មួយ​ប្រភេទ​ទៀត​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឃាតក​លាក់​មុខ​ដ៏​សាហាវ​ ជាប់​ចំណាត់​ថ្នាក់​លេខ​១​ ដែល​បាន​ឆក់​យក​អាយុជីវិត​របស់​មនុស្ស​មិន​តិចនាក់​ឡើយ​ក្នុង​មួយ​ថ្ងៃៗ នោះ​គឺ​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​លើស​ឈាម។

ជា​មួយ​គ្នា​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​លើ​ប្រធាន​បទ "ជំងឺ​លើស​ឈាម" ដែល​រៀបចំ​ដោយ​ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី (Singapore Medical Center) កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​ទៅ​ លោក​ស្រី​ គុជ ឆោមដាលីន វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បាន​ចែក​រំលែក​នូវ​ ៤​វិធីសាស្ត្រ​ងាយៗ​ទាក់​ទង​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដែល​ប្រជាជន​គួរ​អនុវត្ត​ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម និង​ទប់​ស្កាត់​មិន​ឲ្យ​ជំងឺ​នេះ​​វិវត្តកាន់តែ​ធ្ងន់ធ្ងរ។

ទី១) ទាក់​ទង​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ៖ ការ​ញាំ​ស្រា បារី ទាំង​ពីរ​មុខ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ប្រឈម​ជា​មួយ​ជំងឺ​លើស​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ​ទៀត ដូច្នេះ​បើ​អាច​គួរ​ជៀសវាង​ឬ​កាត់​បន្ថយ​ការ​ញ៉ាំ។ មួយ​ទៀត​គឺ​ការ​ញាំ​អាហារ យើង​គួរ​ទម្លាប់​ញាំ​អាហារ​ណា​ដែល​សាប ពោល​គឺ​កំណត់​ខ្លួន​ឯង​ញ៉ាំជាតិ​អំបិល​ឲ្យ​បាន​តិច​ជាង​៥ក្រាម​ក្នុង​មួយ​ថ្ងៃ ក្រៅ​ពី​នេះ​ត្រូវ​កាត់​បន្ថយ​អាហារ​ជាតិ​ខ្លាញ់ និង​បង្កើន​ការ​ញាំ​បន្លែ​ផ្លែឈើ។

ទី​២) សកម្មភាព​ប្រចាំ​ថ្ងៃ៖ ត្រូវ​ធ្វើ​លំហាត់​ប្រាណ​៣០នាទី​ក្នុង​មួយ​ថ្ងៃ និង​២​ទៅ​៤​ដង​ក្នុង​មួយ​សប្ដាហ៍​ ដោយ​សកម្មភាព​ទាំង​នោះ​មិន​ចាំបាច់​ច្រើន​ក៏បាន​ អាច​ជា​ការ​រាំ​តិចៗ លើក​ដៃជើង​ និង​ការ​ដើរ​ជា​ដើម។

ទី៣) ការ​គ្រប់គ្រង​ទម្ងន់៖ ត្រូវ​ប្រាកដ​ថា BMI របស់​យើង​តូច​ជាង​៣០ អាច​ចន្លោះ​ពី​២៤​ទៅ​២៦​គឺ​ល្អ ប៉ុន្តែ​បើ​ឡើង​ដល់​២៨ទៅ​២៩​ត្រូវ​ព្យាយាម​សម្រក​វា​មក​វិញ។ ការ​ធ្វើ​ BMI គឺ​យក​ទម្ងន់​ចែក​ឲ្យ​កម្ពស់​លើក​ជា​ការ៉េ។

ទី៤ ទាក់​ទង​នឹង​អារម្មណ៍៖ ត្រូវ​គ្រប់គ្រង​អារម្មណ៍​ធុញថប់​របស់​យើង តាម​រយៈ​ការ​បន្ធូរ​អារម្មណ៍​ដោយ​ស្ដាប់​ធម៌ ស្ដាប់​ចម្រៀង​ និង​មាន​ដំណើរ​កម្សាន្ត​ជា​ដើម​ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។ ព្រោះ​ថា​កាល​ណា​ដែល​យើង​ស្ត្រេស ឬ​ធុញថប់​ច្រើន អរម៉ូន​នឹង​ចេញ​មក​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​សរសៃឈាម​យើង​ត្បៀត​ដែល​នាំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម៕

ដោយ៖ ជួប ស្រីរ័ត្ន