ថប់អារម្មណ៍ជាផ្នែកមួយនៃជំងឺបាក់ទឹកចិត្ត! តើជំងឺនេះមានរោគសញ្ញានិងការព្យាបាលបែបណា?
ថប់អារម្មណ៍ គឺជាស្ថានភាពនៃអារម្មណ៍ភ័យខ្លាចធ្ងន់ធ្ងរ ដែលតែងតែបង្ហាញជារោគសញ្ញារាងកាយដោយការកើនឡើងនៃប្រព័ន្ធប្រសាទស្វយ័តដូចជា ញ័រទ្រូង បែកញើសជាដើម។ អ្នកជំងឺថប់អារម្មណ៍នឹងមានអារម្មណ៍ភ័យខ្លាចតក់ស្លុតដោយគ្មានមូលហេតុច្បាស់លាស់។ ជំងឺនេះជាផ្នែកមួយនៃជំងឺផ្លូវចិត្ត ហើយវាមានភាគរយកើតឡើងច្រើនជាងគេ ដោយក្នុងចំណោមមនុស្ស១០០០នាក់អាចមានអ្នកកើតជំងឺនេះរហូតដល់៧០០ទៅ៨០០នាក់ឯណោះ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យានាយកផ្នែកជំងឺផ្លូវចិត្តនិងការបំពានគ្រឿងញៀន មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅក្នុងសិក្ខាសាលាសុខភាព លើប្រធានបទ "ជំងឺធ្លាក់ទឹកចិត្តនិងជំងឺថប់អារម្មណ៍" ដែលរៀបចំដោយវិទ្យុផ្កាឈូក កាលពីពេលកន្លងទៅបានលើកឡើងថា ជំងឺថប់អារម្មណ៍បែងចែកជា៣កម្រិត ទីមួយកម្រិតស្រាល ជារោគសញ្ញាធម្មតាដែលកើតឡើងនៅពេលយើងព្រួយបារម្ភពីអ្វីមួយ ក្នុងរយៈពេលខ្លីវានឹងបាត់ទៅវិញ។
ទីពីរ កម្រិតមធ្យម ប្រសិនបើជំងឺស្ថិតក្នុងកម្រិតមធ្យមឈានទៅដំណាក់កាលធ្ងន់ អាចឈានរហូតដល់ការប្រើប្រាស់ថ្នាំដើម្បីព្យាបាល។ ទីបី កម្រិតធ្ងន់ធ្ងរ (ចាប់ពី១ខែឡើងទៅ) ជាកម្រិតដែលគួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលបន្ទាន់។ មូលហេតុដែលនាំឲ្យកើតមានជំងឺនេះគឺដោយសារ កត្តាសង្គម កត្តាជីវសាស្ត្រ និងកត្តាចិត្តសាស្ត្រ។
បើយើងសង្កេតមើលលើរោគសញ្ញាខាងក្រៅនៃជំងឺនេះគឺ ភ័យញាប់ញ័រក្នុងខ្លួនមិនស្រណុក, ឈឺខ្លួនប្រាណមិនច្បាស់លាស់, ស្ងួតភ្នែក ស្ងួតមាត់ ហ៊ឹងត្រចៀក, បេះដូងលោតញាប់ ដកដង្ហើមថប់ៗ បែកញើសស្អិតត្រជាក់ចុងដៃចុងជើង អស់កម្លាំងដោយគ្មានមូលហេតុ បត់ជើងតូចញឹកញាប់ ឈឺក្បាលណែន ធ្ងន់ក្បាល និងឧស្សាហ៍កោសខ្យល់ជាដើម។ ចំណែករោគសញ្ញាលើផ្លូវអារម្មណ៍រួមមាន មានអារម្មណ៍ភ័យខ្លាច ឆាប់ខឹងមួម៉ៅ ធុញថប់ច្រើន និងលែងមានអារម្មណ៍ធ្វើការជាដើម។
វិធីសាស្ត្រក្នុងការព្យាបាលជំងឺនេះគឺ ទីមួយ ផ្លាស់ប្ដូររបៀបរស់នៅឲ្យបានល្អប្រសើរ ឧទាហរណ៍ការធ្វើលំហាត់ប្រាណ កាត់បន្ថយការពិសាគ្រឿងស្រវឹង គិតវិជ្ជមាន និងការផ្លាស់ប្ដូររបបចំណីអាហារជាដើម។ ទី២ ការប្រើប្រាស់ឱសថ ប្រសិនបើជំងឺនេះឈានដល់ដំណាក់កាលគួរឲ្យព្រួយបារម្ភចាំបាច់ណាស់ត្រូវមានការជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យជំនាញ និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ទី៣ ការព្យាបាលដោយការប្រឹក្សាចិត្តសាស្ត្រ ត្រូវទៅទទួលការប្រឹក្សាយោបល់ពីបុគ្គលជំនាញផ្នែកចិត្តសាស្ត្រ៕
ដោយ៖ ជួប ស្រីរ័ត្ន