ហេតុអ្វីបានជាហ្វាំងឡង់ជាប់ឈ្មោះជាប្រទេសមានសុភមង្គលជាងគេបំផុតក្នុងលោក?​



នៅពេលគេនិយាយពីប្រទេសដែលមានសុភមង្គលជាងគេបំផុតក្នុងលោក គឺគេមិនត្រូវមើលរំលងបណ្តាប្រទេសដែលស្ថិតនៅតំបន់អឺរ៉ុបខាងជើង(Scandinavian countries) នោះឡើយ។ តំបន់នេះកំពុងត្រូវបានគេទទួលស្គាល់ថា  ជាឋានសួគ៌សុខសាន្តជាងគេបំផុតសម្រាប់ឲ្យមនុស្សរស់នៅ។

ជាក់ស្តែងប្រទេសហ្វាំងឡ់ងបានគ្រងតំណែងជាប្រទេសទី១ក្នុងលោកដែលត្រូវបានគេចាត់ទុកថា ជាប្រទេសមានសុភមង្គលជាងគេបំផុតប្រចាំឆ្នាំ ២០១៩នេះ។ ការទទួលស្គាល់នេះថាមិនមែនជាការយល់ឃើញនោះទេ ប៉ុន្តែវាជាលទ្ធផលស្រាវជ្រាវដែលចេញផ្សាយដោយរបាយការណ៍ស្តីពីសុភមង្គលពិភពលោកប្រចាំឆ្នាំ ២០១៩ (2019 World Happiness Report)។

 តើអ្វីទៅជាមូលហេតុធ្វើឲ្យប្រជាជនហ្វាំងឡង់រស់នៅយ៉ាងមានសុភមង្គលជាងគេបំផុត? 
ការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវវិភាគទិន្នន័យរបស់អាមេរិក Gallup បានកំណត់យកកត្តាសំខាន់ៗចំនួន ៦ ធ្វើជាមូលដ្ឋានគ្រឹះនៃសុភមង្គលរបស់ប្រជាជន។ កត្តាទាំងនោះរួមមាន ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ការគាំពារសង្គម អត្រាកំណើត សេរីភាពក្នុងការជ្រើសរើសជម្រើសនៅក្នុងជីវិតផ្ទាល់ខ្លួន សប្បុរសធម៌ និងកម្រិតអំពើពុករលួយ។ 

ជាលទ្ធផលស្រាវជ្រាវខាងលើបានបង្ហាញថា ហ្វាំងឡង់ទទួលបានពិន្ទុល្អជាងគេលើកត្តាសំខាន់ៗខាងលើនេះ។ ក៏ប៉ុន្តែ សកម្មភាពសប្បុរសធម៌គឺជាចំណុចពិសេសមួយដែលធ្វើឲ្យប្រជាជនហ្វាំងឡង់ទទួលបានពិន្ទុដាច់គេតែម្តង។ 

របាយការណ៍នេះបានសរសេរថា ការជួយអ្នកដទៃធ្វើឲ្យអ្នកមានអារម្មណ៍ជ្រះស្រលះ ឬសប្បាយចិត្ត ប៉ុន្តែលុះត្រាតែអ្នកជ្រើសរើសធ្វើវាតែប៉ុណ្ណោះ។ គេសង្កេតឃើញថា ប្រជាជនហ្វាំងឡង់ស្ទើរតែពាក់កណ្តាលបានបរិច្ចាគជាប្រចាំដល់កម្មវិធីសប្បុរសធម៌ជាច្រើន ហើយប្រជាជនស្ទើរតែ១ភាគ៣បានអះអាងថា ខ្លួនបានលះបង់ពេលវេលាផ្ទាល់ខ្លួនផងដែរដើម្បីធ្វើការងារស្ម័គ្រចិត្តក្នុងកម្មវិធីសប្បុរសធម៌នានាពីមុនមក។

ចំណែកវិទ្យាស្ថានស្រាវជ្រាវសុភមង្គល (Happiness Research Institute) ដែលមានមូលដ្ឋាននៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាកវិញបានរកឃើញផងដែរថា ហ្វាំងឡង់ជាប្រទេសមានសុភមង្គលជាងគេបំផុតក្នុងលោកបើទោះបីជាទំហំ GDP របស់ខ្លួននៅមានកម្រិតទាបជាងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ក៏ដោយ។ នេះក៏ដោយសារតែប្រទេសនេះមានបណ្តាញសុវត្ថិភាពសង្គមល្អប្រសើរ មានលំហរសេរីភាពផ្ទាល់ខ្លួន យ៉ាងទូលំទូលាយ និងមានតុល្យភាពរវាងការងារ និងជីវិតល្អដែលបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនរស់នៅប្រកបដោយភាពរីករាយបំផុត។ 

ទន្ទឹមនឹងការលើកឡើងរបស់វិទ្យាស្ថានខាងលើ សន្ទស្សន៍ជីវិតល្អប្រសើររបស់អង្គការ  OECD ក៏បានអះអាងដូចគ្នានេះដែរថា សុខុមាលភាពរបស់ប្រជាជនហ្វាំងឡង់ក៏វាមានការទាក់ទងទៅនឹងអារម្មណ៍សុវត្ថិភាពផ្ទាល់ខ្លួននៅខណៈដែលពិភពលោកផ្សេងទៀតកំពុងជួបស្ថានការណ៍តឹងតែង។ អង្គការនេះបន្តទៀតថា ប្រជាជនហ្វាំងឡង់មានអារម្មណ៍ល្អចំពោះបរិស្ថានជីវិតជុំវិញពួកគេ និងមានស្មារតីល្អរួមរស់ជាសហគមន៍តែមួយ។

អ្វីដែលគួរឲ្យតក់សម្គាល់ក្រៅពីនេះគឺថា ប្រជាជនហ្វាំងឡ់ង ៨០% មានទំនុកចិត្តខ្ពស់ដល់អ្នករាជការសាធារណៈដូចជាប៉ូលិស កងទ័ព អាជ្ញាធរ ប្រព័ន្ធសុខាភិបាល ទទួលបានសេវាសាធារណៈផ្សេងៗគ្រប់គ្រាន់ និងមានប្រព័ន្ធអប់រំល្អផ្តាច់គេបំផុតមួយក្នុងលោក។ ទន្ទឹមនឹងនេះដោយសារតែគោលនយោបាយយកពន្ធជារឿងសំខាន់ និងរៀបចំឲ្យមានការបែងចែកទ្រព្យសម្បត្តិឡើងវិញ បានធ្វើឲ្យរបៀបរស់នៅរវាងអ្នកមាន និងអ្នកក្រមិនមានគម្លាតខុសគ្នាខ្លាំងនោះឡើយ។ នេះមិនទាន់រាប់បញ្ចូលប្រព័ន្ធការងារល្អបំផុតមួយដែលមានស្តង់ដារខ្ពស់បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពលករក្រៅប្រទេសដែលធ្វើការនៅក្នុងទឹកដីរបស់ខ្លួនផង៕ 

ប្រភព៖ Weforum & economis 

 

 

 

 

X
5s