ការងារ ៧០ម៉ឺននៅអាមេរិកត្រូវបាត់បង់នៅខែមីនាជារឿងអាក្រក់បំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ច២០០៩
សេដ្ឋកិច្ចសហរដ្ឋអាមេរិច មានអត្រាអ្នកអត់ការងារធ្វើច្រើនជាងពេលណាទាំងអស់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ពោលគឺចាប់ពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៩ មក។ គ្រាន់តែនៅខែមីនា សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបាត់បង់ការងារចំនួន ៧០១ ០០០។ នេះបើយោងតាមការិយាល័យស្ថិតិការងាររបស់រដ្ឋ។ ហើយនេះក៏ជាលើកទីមួយដែលសេដ្ឋកិច្ចប្រទេសមហាអំណាចនេះ បានបាត់បង់ការងារក្នុងរយៈពេលមួយខែពេញ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១០ និងជាខែអាក្រក់បំផុតសម្រាប់ការងារនៅសហរដ្ឋអាមេរិកចាប់តាំងពីវិបត្តិសេដ្ឋកិច្ច នៅក្នុងខែមីនា ឆ្នាំ ២០០៩ មក។
អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ៤,៤% ពីកម្រិតទាបជិត ៥០ ឆ្នាំគឺ ៣,៥%។ វាជាអត្រាគ្មានការងារធ្វើខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០១៧ និងជាការផ្លាស់ប្តូរដ៏ធំបំផុតក្នុងរយៈតែមួយខែនៃអត្រាគ្មានការងារធ្វើចាប់តាំងពីខែមករា ឆ្នាំ ១៩៧៥។
ការងារនៅអាមេរិក មានលក្ខណៈអវិជ្ជមាន ហើយជាខែអាក្រក់បំផុត បើគិតចាប់តាំងពីខែមីនា ឆ្នាំ ២០០៩
នេះជាសិ្ថតិអំពីការធ្លាក់ចុះនៃអត្រាការងារចាប់តាំងពីឆ្នាំ (២០០៩ ដល់ ២០២០)
ការងារដែលបានបាត់បង់ភាគច្រើនបានកើតឡើងនៅក្នុងវិស័យ ភោជនីយដ្ឋាន និងបារ ចំនួន ៤១៧ ៤០០ការងារ។ អ្នកលក់រាយបានកាត់បន្ថយការងារចំនួន ៤៦ ២០០ នាក់និងការងារថែទាំសុខភាពបានធ្លាក់ចុះ ៤៣ ០០០ ពេទ្យធ្មេញ និងផ្នែកពេទ្យឯកជន។
ស្ថានភាពការងារអាចកាន់តែអាក្រក់ទៅៗ
ប្រហែលទីផ្សារការងារអាចចាប់ផ្តើមអាក្រក់ជាងមុនពីខែឧសភា នេះទៅ។ ដោយផ្អែកតាមចំនួនតួលេខនៅក្នុងរបាយការណ៍ការងារ បានមកពីការស្ទង់មតិចំនួនពីរគឺ ការស្ទង់មតិចំនួន ៦០ ០០០ គ្រួសារ និងការស្ទង់មតិលើអាជីវកម្ម និងទីភ្នាក់ងាររដ្ឋាភិបាលចំនួន ១៤៥ ០០០។
របាយការណ៍ការងារខែមេសា ដែលនឹងមិនត្រូវបានចេញផ្សាយ រហូតដល់ថ្ងៃទី ៨ ខែឧសភា អាចរាប់បញ្ចូលជនជាតិអាមេរិកជិត ១០ លាននាក់បន្ថែមទៀត ដែលដាក់ពាក្យស្នើសុំទទួលអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើជាលើកដំបូង ខណៈដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានបង្ខំឲ្យអាជីវកម្មបិទទ្វារ និងប្រជាជនត្រូវស្នាក់នៅផ្ទះ។
នៅក្នុងរដ្ឋជាច្រើន ប្រជាជនអាចដាក់ពាក្យដើម្បីទទួលបានអត្ថប្រយោជន៍ពីការអត់ការងារធ្វើ ប្រសិនបើពួកគេត្រូវបានកាត់បន្ថយម៉ោងធ្វើការ ឬអត់មានការងារធ្វើ ដូច្នេះនេះមិនមែនមានន័យថា ប្រជាជនទាំងអស់ ១០ លាននាក់បានបាត់បង់ការងារទាំងស្រុងនោះទេពោលមានខ្លះដែលបាត់បង់ម៉ោងមួយផ្នែក។ រដ្ឋបានសម្រេចចិត្តពង្រីកដែនអនុវត្តន៍ច្បាប់ផ្ដល់អត្ថប្រយោជន៍បន្ថែមទៀតដើម្បីរួមបញ្ចូលកម្មករដែលធ្វើការដោយខ្លួនឯង និងអ្នកម៉ៅការឯករាជ្យក្នុងកាលៈទេសៈ ប្រឈមមុខនឹងវិបត្តិដែលមិនធ្លាប់មាននេះ។
តើវាអាចអាក្រក់ប៉ុណ្ណា?
ការព្យាករណ៍មួយក្នុងចំណោមការព្យាករណ៍ដ៏អាក្រក់បំផុតធ្វើឡើងដោយ St. Louis Fed បានឱ្យដឹងថា ភាពអត់ការងារធ្វើអាចកើនឡើងលើសពី 30% ហើយបើបញ្ហានេះនៅបន្តកើនឡើងទៀត នោះវានឹងអាក្រក់ជាងស្ថានភាពវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៩ ទៅទៀត ចំណែកក្នុងសម័យមហាវិបត្តិសេដ្ឋកិច្ច អត្រាគ្មានការងារធ្វើបានកើនឡើងដល់តែ ២៤,៩% ប៉ុណ្ណោះ កាលពីឆ្នាំ ១៩៣៣។ នេះបើយោងតាមការប៉ាន់ស្មានជាប្រវត្តិសាស្រ្តពីការិយាល័យស្ថិតិការងារ។
លោក Lindsey Piegza ប្រធានសេដ្ឋកិច្ចវិទូ Stifel ក៏ព្យាករណ៍ថា នឹងមានអត្រាអ្នកអត់ការងារធ្វើប្រមាណ ៣០% ហើយលោកបានថ្លែងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រថា៖«នៅពេលដែលយើងបន្តរក្សាសេដ្ឋកិច្ចឲ្យបិទទ្វារបែបនេះទៀតនោះ ប្រជាជនអាមេរិកជាង ៤៥ លាននាក់ត្រូវបានគេរំពឹងថា នឹងបាត់បង់ការងារធ្វើ»។ បើប្រៀបធៀបកាលពីឆ្នាំ ២០០៩ វិញវាមានត្រឹមតែ ១០%ប៉ុណ្ណោះ៕
អត្ថបទពាក់ព័ន្ធ៖
- ព្រឹត្តិការណ៍សំខាន់ៗជុំវិញកូវី១៩ បន្ទាប់ពីមានអ្នកឆ្លងជាង ១លាននាក់នៅជុំវិញពិភពលោក!
- បច្ចុប្បន្នភាពនៃទំហំខាតបង់សេដ្ឋកិច្ចពិភពលោកដោយ ADB៖ កើនដល់ ៤,១ទ្រីលានដុល្លារ
ដោយ៖ Anthony
ប្រភព៖ CNN Business