ច្បាប់មាស ៥ ចំណុចជួយអ្នកជោគជ័យលើការកំណត់គោលដៅការងារ និងជីវិត​



ដើម្បីអាចសម្រេចកិច្ចការមួយបាន អ្នកត្រូវធ្វើការកំណត់និងដាក់ចេញផែនការយ៉ាងច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលនៃការងារមួយនោះ។ 

តើអ្នកមានធ្លាប់គិតដែរឬទេថា នៅក្នុងពេល ៥ ឆ្នាំឬ ១០ ឆ្នាំទៅមុខអ្នកចង់ឃើញខ្លួនឯងក្នុងតួនាទីឬមុខដំណែងជាអ្វី? សម្រាប់ការងារលើគ្រោងការណ៍ថ្មីក៏ដូចគ្នា តើអ្នកកំពុងកាន់គម្រោងអ្វី តើអ្នកចង់ឲ្យគម្រោងមួយនឹងទទួលបានផលបែបណា ហើយវានឹងត្រូវចំណាយពេលប៉ុន្មាននាក់ក្នុងការសម្រេច? ទាំងអស់នេះគឺជាសំណួរដែលពិបាកឆ្លើយបំផុត ហើយវាក៏កាន់តែពិបាកនៅពេលដែលអ្នកធ្វើការកំណត់នូវផែនការដំបូងដើម្បីឲ្យសម្រេចគោលដៅដែលអ្នកចង់បាន។ 

ខាងក្រោមនេះគឺជាគន្លឹះ និងច្បាប់មាសទាំង ៥ ជួយអ្នកក្នុងការកំណត់ និងសម្រេចគោលដៅដែលអ្នកបានដាក់ចេញ។

១) កំណត់គោលដៅដែលកំពុងតែជំរុញចិត្តអ្នកឱ្យធ្វើវា

នៅពេលដែលអ្នកបានដាក់ចេញនូវគោលដៅណាមួយសម្រាប់ខ្លួនឯង ច្បាស់ណាស់ថាគោលដៅមួយនោះគឺជាគ្រឿងដើម្បីជំរុញទឹកចិត្តដល់អ្នក មានន័យថាវាគឺជារឿងមួយដ៏សំខាន់ដើម្បីឲ្យស្រេកឃ្លានចង់សម្រេចវាឲ្យបាន។ អ្នកដឹងច្បាស់ថាគោលដៅដែលបានកំណត់នោះគឺនឹងផ្ដល់តម្លៃដល់អ្នក ហើយក៏ជាអ្នកដឹកដៃនាំអ្នកទៅកាន់ភាពជោគជ័យនៃអនាគត។ យកគោលដៅមួយនោះធ្វើជាគ្រឿងលើកទឹកចិត្ត និងធ្វើវាឲ្យទៅជាសកម្មភាពដែលជំរុញទឹកចិត្តអ្នកឲ្យបានខ្លាំងបំផុតដើម្បីសម្រេចនូវគោលដៅ។

២) កំណត់នូវគោលដៅ SMART

ពាក្យថា Smart វាបញ្ជាក់ពីភាពឆ្លាតវៃរបស់អ្នកនៅក្នុងការកំណត់គោលដៅ និងបង្កើតសកម្មភាពដើម្បីសម្រេចវា ប៉ុន្តែនៅក្នុងន័យនេះ SMART បានមកពីពាក្យទាំង ៥ គឺ៖

Specific៖ គោលដៅរបស់អ្នកត្រូវតែច្បាស់លាស់និងពិតប្រាកដ ត្រូវចាំថាអ្នកត្រូវការគោលដៅមួយធ្វើជាអ្នកបង្ហាញផ្លូវដ៏ច្បាស់ដល់អ្នក។ បង្កើតផ្លូវដើម្បីដើរទៅកាន់គោលដៅដោយខ្លួនឯង ហើយអ្នកក៏ត្រូវធ្វើការបង្កើតផ្លូវមួយដ៏ល្អស្អាត អាចឲ្យអ្នកធ្វើដំណើរទៅកាន់គោលដៅមួយនោះពេញទៅដោយអត្ថន័យ និងទទួលបានបទពិសោធល្អបំផុតសម្រាប់អ្នក។

Measurable៖ ដើម្បីបានទទួលជោគជ័យនិងអាចធ្វើដំណើរទៅរកគោលដៅបាន ច្បាស់ណាស់ថាអ្នកត្រូវកំណត់ពីរយៈពេលដែលអ្នកត្រូវដើរទៅ អ្នកត្រូវដើរទៅជាមួយមនុស្សប៉ុន្មាននាក់ មានអាវុធ ស្បៀង និងឧបករណ៍អ្វីខ្លះដើម្បីយកទៅជាមួយ? អ្នកក៏ត្រូវធ្វើការវាស់វែងផងដែរទៅលើការចំណាយសម្រេចគោលដៅមួយនោះ តើវានឹងធ្វើឲ្យអ្នកធ្វើការចំណាយច្រើនដែរឬទេ បើអ្នកអាចកំណត់បានថាវាចំណាយច្រើន អ្នកត្រូវធ្វើការកាត់បន្ថយការចំណាយឥតបានការឲ្យបានក្នុងកម្រិតអតិបរមា ដើម្បីឲ្យអ្នកមានឱកាសក្នុងការទទួលបានជោគជ័យរួមជាមួយនឹងភាពចំណេញ។

Attainable៖ វាត្រូវតែជាគោលដៅមួយដែលអាចទទួលយកបាន ព្រោះអ្នកមិនអាចធ្វើការងារមួយឬចង់បានអ្វីដែលអ្នកមិនអាចធ្វើទៅបានឬខ្វះទំនុកចិត្តនៅក្នុងការធ្វើវានោះទេ ព្រោះនៅពេលដែលអ្នកធ្វើការងារមួយប្រកបដោយទំនុកចិត្តវានឹងផ្ដល់អោយអ្នកនូវភាពពេញចិត្តដ៏ខ្លាំងបំផុតសម្រាប់ខ្លួនឯង។

Relevant៖ គោលដៅមួយនោះវាត្រូវតែមានភាពទាក់ទង ឬពាក់ព័ន្ធគ្នាជាមួយនឹងគោលដៅនៃជីវិតក៏ដូចជាគោលដៅការងារដែលអ្នកចង់បាននៅថ្ងៃអនាគត។ អ្នកមិនអាចធ្វើការកំណត់គោលដៅមួយដែលប្រាស់ចាកស្ទើរតែទាំងស្រុងពីគោលដៅជីវិត ឬការងារសម្រាប់អនាគតរបស់អ្នកនោះទេ។ ការកំណត់ឱ្យមានភាពទាក់ទងគ្នាវាសំខាន់ ក្នុងការបង្កើតឲ្យអ្នកអាចជំរុញការអភិវឌ្ឍសមត្ថភាពខ្លួនឯងអោយដើរទៅដល់ទីនោះ  និងទទួលបានលទ្ធផលល្អប្រសើរបំផុតសម្រាប់ជីវិត។ 

Time-Bound៖ គោលដៅអ្នកប្រាកដគឺជាគោលដៅដែលមានកាលបរិច្ឆេទនិងពេលវេលាផុតកំណត់ច្បាស់លាស់។ អ្នកមិនអាចធ្វើឲ្យគោលដៅមួយចេះតែធ្វើដំណើរទៅដោយគ្មានទីបញ្ចប់នោះទេ ព្រោះវាចាំបាច់បំផុតដែលអ្នកត្រូវការអបអរសាទរនូវភាពជោគជ័យក្នុងការងាររបស់អ្នក។ ត្រូវចាំថានៅពេលដែលអ្នកកំពុងតែបំពេញការងារមួយដែលវាកំពុងតែរំកិលទៅរកពេលផុតកំណត់ (deadline) វានឹងជំរុញសកម្មភាពក្នុងការធ្វើដើម្បីសម្រេចគោលដៅយ៉ាងជាក់លាក់។

៣) ត្រូវធ្វើការកំណត់គោលដៅតាមរយៈការសរសេរទុក

ទោះបីជាបច្ចេកវិទ្យាឈានដល់កម្រិតរីកចំរើនលោកខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែការទម្លាប់កត់ត្រាទុកការងារសំខាន់ៗនៅក្នុងសៀវភៅមួយ វាជារឿងដែលចាំបាច់បំផុតតែមនុស្សជោគជ័យទាំងអស់ត្រូវ និងតែងធ្វើព្រោះអ្នកមិនអាចបំភ្លេចវាចោលនោះទេ។ អ្នកអាចធ្វើការកត់ត្រាវានៅក្នុងសៀវភៅ រួចចម្លងចេញដាក់នៅកន្លែងណាផ្សេងទៀតដើម្បីធ្វើការក្រើនរំលឹកដល់ខ្លួនឯងពីសកម្មភាពនិងពេលដែលអ្នកត្រូវការធ្វើវា។ 

៤) បង្កើតផែនការសកម្មភាព

នៅពេលដែលមានផែនការនៅក្នុងក្រដាសស្នាម អ្នកធ្វើដាក់ចេញបន្ទាប់នូវផែនការសកម្មភាពដើម្បីធ្វើវា។ ពេលដែលផែនការសកម្មភាពត្រូវបានដាក់ចេញ ដោយមានកាលបរិច្ឆេទកំណត់ច្បាស់លាស់ វាកាន់តែជំរុញអ្នកឲ្យបង្កើនសកម្មភាពនៅក្នុងការសម្រេចគោលដៅមួយនោះ។ អ្នកត្រូវធ្វើការរៀបរាប់ពីជំហាននីមួយៗដែលអ្នកត្រូវធ្វើជាបន្តបន្ទាប់ ហើយនឹងផ្ដល់អ្វីជាការលើកទឹកចិត្តដោយខ្លួនឯងបន្ទាប់ពីសម្រេចបាននូវជំហាននីមួយៗនោះ។ 

៥) តាមដានឲ្យបានជាប់លាប់ជាមួយនឹងសកម្មភាពទាំងអស់នោះ

អ្នកត្រូវចងចាំថា នៅពេលដែលអ្នកធ្វើការកំណត់គោលដៅដែលត្រូវផ្សារភ្ជាប់ជាមួយនឹងសកម្មភាព ហើយសកម្មភាពនោះត្រូវធ្វើឡើងជាបន្តបន្ទាប់តាមដំណាក់កាលនីមួយៗ។ អ្នកត្រូវនៅជាមួយផែនការនិងសកម្មភាពទាំងអស់ឲ្យកាន់តែខ្លាំងនៅពេលដែលអ្នកជួបបញ្ហា ឬមានឧបសគ្គរារាំងដំណើរការរបស់អ្នកខុសពីការគ្រោងទុក។ នៅពេលដែលអ្នកជួបបញ្ហាអ្នកត្រូវបង្កើតផែនការ និងសកម្មភាពថ្មីមួយទៀតដើម្បីយកឈ្នះឧបសគ្គ និងដើរឆ្លងទៅដល់គោលដៅមួយនោះ៕

ដោយ៖ យ៉ាយ៉ា

 

X
5s