មេរៀន ៩យ៉ាងដែលនិស្សិតមហាវិទ្យាល័យត្រូវដឹង
អ្នកមិនអាចចេះគ្រប់យ៉ាងនោះទេ ប៉ុន្តែមានមនុស្សជាច្រើនបានធ្លាក់ចូលក្នុងអន្ទាក់មួយនេះ ជាពិសេសនៅពេលដែលពួកគេចាប់ផ្តើមអាជីពការងារ។ ប្រសិនបើអ្នកទើបរៀនចប់មហាវិទ្យាល័យ អ្នកគួរចំណាយពេលមួយឆ្នាំចុងក្រោយរបស់អ្នកដើម្បីសិក្សាពីមេរៀនជីវិតមួយចំនួននៅការងារដំបូងរបស់អ្នក។ សូមកុំផ្តោតពីរឿងប្រាក់ខែរបស់អ្នកច្រើនពេក អ្វីដែលអ្នកគួរផ្តោតគឺបទពិសោធន៍ និងមេរៀនជីវិតមួយចំនួនដូចខាងក្រោម៖
១.មនុស្សជុំវិញអ្នកគឺជារឿងសំខាន់
ធ្វើអំពើល្អដាក់មនុស្សជុំវិញអ្នក មិនមែនដោយសារតែពួកគេធ្វើល្អដាក់អ្នកវិញនោះទេ ក៏ប៉ុន្តែដោយសារតែនេះគឺជារឿងត្រឹមត្រូវដែលអ្នកត្រូវធ្វើនៅក្នុងជីវិតរបស់អ្នក។ នេះរួមមានដូចជា មិនបំពានសិទ្ធិអ្នកដទៃដើម្បីទាញយកប្រយោជន៍ខ្លួនឯង ការគោរពឲ្យតម្លៃអ្នកដទៃ ឬការចេះចែករំលែកជាដើម ពីព្រោះបើអ្នកមិនធ្វើដូច្នេះទេ អ្នកកំពុងបន្ទាបតម្លៃខ្លួនឯងហើយ។
២.មានច្បាប់ជីវិតមួយចំនួនដែល អ្នកត្រូវដឹង
ចង់ជោគជ័យ មិនចាំបាច់ទាល់តែមនុស្សគ្រប់គ្នាទៅរៀនមហាវិទ្យាល័យនោះទេ ហើយក៏មិនមែនមានន័យថា អ្នកទៅរៀនមហាវិទ្យាល័យសុទ្ធតែជោគជ័យនោះដែរ។ អ្នកអាចរៀនសូត្រពីគ្រប់ទីកន្លែងដែលអ្នករស់នៅ។ អ្នកមិនចាំបាច់ទាល់តែធ្វើការនៅក្រុមហ៊ុនធំទើបយល់ថា ជីវិតការងាររបស់អ្នកមានន័យនោះទេ។ នៅពេលអ្នកកាន់តែចាស់ អ្នកនឹងដឹងថា ច្បាប់ជីវិតរបស់មនុស្សម្នាក់ៗ មិនមែនទាល់តែអនុវត្តតាមក្បួនដែលគេចងក្រងទុក ឬផ្លូវដែលអ្នកជោគជ័យធ្លាប់ដើរនោះទេ។ អ្នកមានផ្លូវជីវិតរបស់អ្នក ហើយអ្នកត្រូវបង្កើតផ្លូវជីវិតមួយដោយខ្លួនឯង ហើយសម្រាប់ខ្លួនឯង។
៣.ធ្វើអ្វីក៏ដោយត្រូវឲ្យមានតម្លាភាព
ជាទូទៅ មនុស្សមិនចូលចិត្តធ្វើអ្វីដែលពួកគេមិនយល់នោះទេ។ ផ្ទុយទៅវិញ មនុស្សនឹងយល់ព្រមធ្វើអ្វីដែលពួកគេយល់ច្បាស់។ សូមកុំលាក់បាំងរឿងនេះពីការពិតឲ្យសោះ។ នៅក្នុងជីវិតជាក់ស្ដែង អ្នកត្រូវបង្ហាញការពិតឲ្យបានច្រើន កុំបំភ្លៃការពិត កុំក្រឡៃសទៅជាខ្មៅ។ ពេលខ្លះមនុស្សមួយចំនួនអាចយល់ច្រឡំពីអ្នក ប៉ុន្តែសូមចាំថា មនុស្សគ្រប់រូបនឹងចូលចិត្តស្រលាញ់នរណាដែលនិយាយការពិត។
៤.កុំឈប់រៀន
រៀនស្រូបយកចំណេះដឹងថ្មីៗឲ្យខ្លួនឯង។ ចំណេះដឹងធ្វើឲ្យអ្នកមានជំនាញ ហើយជំនាញធ្វើឲ្យអ្នកមានគុណតម្លៃ។ អ្នកមិនចាំបាច់មានគ្រូមកបង្រៀនអ្នកគ្រប់ពេលនោះទេ។ អានឲ្យបានច្រើន ហើយចោទសួរសំនួរល្អៗទៅកាន់មនុស្សពូកែៗដែលអ្នកបានស្គាល់នៅក្នុងសង្គមរបស់អ្នក។ ត្រង់ចំណុចនេះ មានសកម្មភាពពីរយ៉ាងដែលធ្វើឲ្យពួកគេស្រលាញ់អ្នកគឺទី ១ សួរដើម្បីសុំមតិយោបល់ពីពួកគេ និង២ រាប់អានមនុស្សដែលនាំឲ្យអ្នករីកចម្រើន។
៥.បង្កើតតម្លៃជីវិត
ដើម្បីធ្វើឲ្យជីវិតរបស់អ្នកមានតម្លៃ អ្នកមិនចាំបាច់រៀនអ្វីៗគ្រប់យ៉ាងនោះទេ។ លុយគឺជារបស់មួយដែលអាចជួយបង្ហាញពីតម្លៃរបស់នរណាម្នាក់ ហើយវានឹងអាចដោះដូរបាននៅពេលដែលអ្នកបានបង្កើតតម្លៃឲ្យខ្លួនឯង។ ស្វែងរកឲ្យឃើញពីវិធីដែលអាចជួយផ្ដល់គុណតម្លៃទៅឲ្យអ្នកដទៃ ហើយបន្ទាប់មកលុយនឹងរត់តាមអ្នក។
៦.ទំនាក់ទំនងគឺជារឿងសំខាន់ខ្លាំងណាស់
ការទំនាក់ទំនងគឺពិតជាសំខាន់ខ្លាំងណាស់។ ទន្ទឹមនឹងនេះមនុស្សដែលអ្នករាប់អានគឺកាន់តែសំខាន់ជាងនេះទៅទៀត។ អ្នកត្រូវបង្កើតទំនាក់ទំនងលក្ខណៈយូរអង្វែងឲ្យបានច្រើនដោយការជួយអ្នកដទៃ ហើយរាប់អាននរណាដែលជារឿយៗបានជួយជ្រោមជ្រែង និងធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរឡើង។ សូមឲ្យតម្លៃលើទំនាក់ទំនងបែបនេះ ហើយព្យាយាមរក្សាវាឲ្យបានយូរអង្វែង។ នៅពេលដែលអ្នកត្រូវការពួកគេ ពួកគេនឹងនៅទីនេះជាមួយអ្នក។
៧.ស្វែងយល់ពីមនុស្សជោគជ័យឲ្យបានច្រើន
គ្រប់មនុស្សជោគជ័យទាំងអស់ សុទ្ធតែរកឃើញអ្វីមួយពិសេសសម្រាប់ខ្លួនឯង។ នេះជាហេតុផលមួយដែលអ្នកគួរសិក្សាស្វែងយល់ និងរៀនសូត្រពីពួកគេ។ តើពួកគេអាចជោគជ័យដោយរបៀបណា? តើពួកគេបានឆ្លងកាត់អ្វីខ្លះទើបបានជោគជ័យ? បើអ្នកព្យាយាម អ្នកនឹងស្គាល់ពួកគេកាន់តែច្រើន។ ស្វែងរកអ្នកជោគជ័យណាមួយដែលបានដើរលើផ្លូវមួយដែលអ្នកចង់ជោគជ័យ។ កុំព្យាយាមស្វែងរកភាពជោគជ័យពីនរណាម្នាក់ដែលអ្នកមិនចង់ធ្វើដូច។
៨.កុំបង្កើតភាពភ័យខ្លាចក្នុងជីវិតច្រើនពេក
ភាពភ័យខ្លាចបង្កឲ្យមានរឿងចម្លែកៗ និងគួរឲ្យភ័យខ្លាចជាច្រើននៅក្នុងជីវិតរបស់អ្នក។ វានឹងបង្ខំអ្នកឲ្យធ្វើការសម្រេចចិត្តមិនបានល្អ ធ្វើឲ្យមាគ៌ាជីវិតរបស់អ្នកចុះខ្សោយ ហើយជំរុញឲ្យអ្នកបង្ហាញឫកពាមិនសមហេតុផល។ អ្វីកាន់តែធ្ងន់ធ្ងរជាងនេះ គឺភាពភ័យខ្លាចធ្វើឲ្យអ្វីៗអាក្រក់ជាងការពិតទៅទៀត ។ ដូចនេះ ភាពភ័យខ្លាចនេះហើយដែលធ្វើឲ្យជីវិតរបស់អ្នកមើលទៅកាន់តែអាក្រក់ខ្លាំងឡើង។
៩.ចេះបន្ទាបខ្លួន និងមានសីលធម៌នៅក្នុងជីវិត
ការបន្ទាប់ខ្លួន មិនឆ្មើងឆ្មៃ និងមានសីលធម៌ខ្ពស់ គឺសីលធម៌ជីវិតរបស់បុគ្គលថ្លៃថ្នូរ។ មនុស្សដែលមានសីលធម៌ក្នុងជីវិត គួរតែត្រូវបានឲ្យតម្លៃស័ក្ដិសមជាអ្នកចេះដឹងដែលអាចសម្រេចក្តីប្រាថ្នាក្នុងជីវិត និងជាទីពឹងអាស្រ័យរបស់មនុស្សគ្រប់គ្នា។ ចំណេះដឹង ឋានៈ និងប្រវត្តិជីវិតបែបណារបស់អ្នក វាមិនសំខាន់នោះឡើយ អ្វីដែលសំខាន់ ការចេះដាក់ខ្លួន និងមានសីលធម៌ល្អនៅក្នុងជីវិត គឺជាផ្លូវមួយដែលអរិយបុគ្គលដើរឆ្លងកាត់៕
ដោយ៖ ខេវិន
ប្រភព៖ Forbes