សាស្ត្រាចារ្យសាលា Harvard និយាយថា ទៅពេលអនាគតអ្នកចេះជំនាញតែមួយ មិនជោគជ័យទេ
ពិភពលោកនៅពេលបច្ចុប្បន្ននេះកំពុងលង់លក់នឹងប្រព័ន្ធអប់រំមួយដែលថា ដើម្បីឲ្យអ្នកមានអនាគតល្អ អ្នកត្រូវការតែជំនាញអាជីពការងារច្បាស់លាស់មួយតែប៉ុណ្ណោះ។ ពួកគេយល់ថា នៅពេលដែលពួកគេចេះជំនាញអ្វីមួយពិតប្រាកដ ពួកគេនឹងក្លាយជាអ្នកជំនាញលើការងារនោះ និងមានសមត្ថភាពកាន់តែខ្លាំង ហើយប្រាក់នឹងរត់មករកពួកគេ។ ផ្ទុយទៅវិញ មនុស្សដែលមិនមានជំនាញអាជីពការងារច្បាស់លាស់ទៅវិញទេ ដែលជាទូទៅត្រូវបានគេទាត់ចោល និងមិនត្រូវបានយកចិត្តទុកដាក់ពីសង្គម។
ប៉ុន្តែ ទៅពេលអនាគតផ្នត់គំនិតទាំងនេះ វានឹងលែងជាប្រធានបទសំខាន់ដូចមុនទៀតហើយ។ ផ្នត់គំនិតដ៏សំបូរបែបនៃមនុស្សសម័យថ្មី និងការបើកចំហរបស់ពិភពលោកកាន់តែទូលំទូលាយជាងមុនបានឆ្លុះបញ្ចាំងថា អ្នកដែលចេះជំនាញទូទៅ ឬ ពហុជំនាញ (Generalists) នឹងឆក់យកភាពជោគជ័យច្រើនជាងអ្នកដែលចេះជំនាញមួយ ឬប៉ិនប្រសព្វមួយ (Specialists) ។ ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យារួមជាមួយនឹងភាពមិនប្រាកដប្រជាដែលកំពុងកើនឡើងនៅលើពិភពលោកបានធ្វើឲ្យអ្នកដែលពឹងលើជំនាញមួយ មិនអាចអភិវឌ្ឍខ្លួនដើរទាន់អ្នកដែលចេះជំនាញទូទៅបានឡើយ។
ភាពស្មុគស្មាញនាពេលបច្ចុប្បន្ននេះទាមទារនូវសមត្ថភាពដើម្បីគ្រប់គ្រងស្ថានភាពដែលច្របូកច្របល់ និងមិនច្បាស់លាស់។ វាបង្កើតឲ្យមានការព្រួយបារម្ភសម្រាប់មនុស្សភាគច្រើនពីព្រោះថា វានឹងមានសុវត្ថិភាពជាងនេះដើម្បីត្រៀមខ្លួនធ្វើជាមនុស្សដែលមានមានជំនាញទូលំទូលាយ។ នេះបើយោងតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យ Vikram Mansharamani មកពីសាកលវិទ្យាល័យ Harvard។
ពិតឬមិនពិតអ្នកអាចសាកក្រឡេកមើលពាក់មួយចំនួនដែលត្រូវបានគេអនុវត្តក្នុងមុខជំនួញអស់រយៈពេល ៤០ ទៅ ៥០ឆ្នាំចុងក្រោយដូចជា សមត្ថភាពស្នូល (Core Competence) ជំនាញពិសេស (Unique Skills) និងឯកទេសស៊ីជម្រៅ (Deep Expertise)។ ដូចអ្វីដែលអ្នកបានចងចាំ កូនសោដើម្បីភាពជោគជ័យ គឺការអភិវឌ្ឍជំនាញមួយរបស់អ្នកដើម្បីឲ្យអាជីពការងាររបស់អ្នកឡើងកាន់តែខ្ពស់ថែមទៀត។ នេះជាក្បូនដែលអ្នកអ្នកជោគជ័យនៅលើពិភពលោកបានអនុវត្តអស់រយៈពេលជាច្រើនទសវត្សមកហើយ។
អនាគតពិភពលោកគ្រប់គ្រងដោយអ្នកដែលចេះជំនាញទូទៅ (Generalists)
យ៉ាងណាមិញ វាមិនគ្រប់គ្រាន់ទេដើម្បីក្លាយជាវេជ្ជបណ្ឌិតម្នាក់។ អ្នកត្រូវមានជំនាញបន្ថែមទៀតដែលនោះប្រហែលជាជំនាញផ្នែកបេះដូង។ ប៉ុន្តែក្រោយមកទៀត វាមិនគ្រប់គ្រាន់ទេដើម្បីធ្វើជាគ្រូពេទ្យឯកទេសផ្នែកជំងឺបេះដូងនោះ អ្នកត្រូវមានជំនាញបន្ថែមទៀតដូចជា គ្រូពេទ្យវះកាត់បេះដូងផងដែរ។ វាមិនមែនកើតមាននៅក្នុងវិស័យវេជ្ជសាស្ត្រមួយប៉ុណ្ណោះទេ អាជីពការងារដែលមាននៅក្នុងវិស័យផ្សេងៗទៀតក៏មានលក្ខណៈដូចៗគ្នានេះដែរ។
មានឧទាហរណ៍មួយទៀតគឺថា កម្មករសំណង់ម្នាក់ដែលមានតែញញួរ គឺវាអាចយកទៅប្រើតម្រូវក្បាលដែកគោលតែប៉ុណ្ណោះ។ ប៉ុន្តែសាកស្រមៃមើលប្រសិនបើកម្មករសំណង់នោះមានញញួរផង មានទួរណឺវិសផង និងមានម៉ាឡេត តើគាត់អាចធ្វើអ្វីបានខ្លះ? គាត់មិនខ្វល់ថា ផ្គុំជញ្ជាំងឈើមួយឲ្យជាប់គ្នាត្រូវប្រើដែកគោល ឬខ្ចៅមូលរឹតនោះទេ គឺគាត់មានជម្រើសច្រើនណាស់ដើម្បីប្រើបច្ចេកទេសធ្វើឲ្យជញ្ជាំងនោះជាប់គ្នា។
នេះមិនមែនមានន័យថា ភាពប៉ិនប្រសព្វ ឬចេះលើជំនាញមួយច្បាស់លាស់មកធ្វើជាអាជីពចិញ្ចឹមជីវិតវាគ្មានប្រយោជន៍នោះទេនៅពេលអនាគត ហើយការដែលកម្មករសំណង់ដែលមានតែញញួរមួយក៏មិនមានបញ្ហាអ្វីដែរ។ ក៏ប៉ុន្តែគ្រាន់តែថា ពិភពលោកនៅពេលបច្ចុប្បន្ននេះកំពុងប្រែប្រួលឥតឈប់ឈរ ហេតុដូច្នេះហើយកម្មករសំណង់ដែលមានសម្ភារៈសំណង់សំបូរបែបនៅក្នុងដៃ នឹងអាចដោះស្រាយបញ្ហាសាងសង់មួយបាន បានច្រើនរបៀប។ នេះមានន័យថា ដើម្បីអាចដើរទៅមុខបានវែងឆ្ងាយ ភាពរហ័សរហួន និងភាពបត់បែនគឺជារឿងសំខាន់ខ្លាំងណាស់។
តើអ្នកចេះជំនាញទូទៅ (Generalist)មានន័យដូចម្ដេច?
តើមនុស្សម្នាក់អាចអភិវឌ្ឍខ្លួនជាមនុស្សដែលមានជំនាញទូទៅដោយរបៀបណា? ដើម្បីចាប់ផ្ដើម ការសម្លឹងមើលទៅពិភពខាងក្រៅគឺជារឿងសំខាន់ ហើយអ្នកត្រូវយកចិត្តទុកដាក់ទៅលើបរិបទដែលអ្នកធ្វើការសម្រេចចិត្ត។ អ្នកត្រូវអានអត្ថបទទាំងមូល មិនមែនត្រឹមចំណុចដែលទាក់ទងទៅនឹងការងាររបស់អ្នកនោះទេ។ តើព័ត៌មានប្រេងឆៅ និងឧស្ម័នជាចំណាប់អារម្មណ៍ដំបូងរបស់អ្នកដែលត្រូវអានព្រឹកនេះឬអត់? សូមសិក្សាឲ្យលម្អិតពីសក្ដានុពលដែលជះឥទ្ធិពលដល់វិស័យលក់រាយរបស់វា។ តើអ្នកជាអ្នកវិជ្ជាជីវៈខាងហិរញ្ញវត្ថុមែនទេ? ហេតុអ្វីអ្នកមិនអានសៀវភៅដែលនិយាយពីទីផ្សារ? សូមគិតឲ្យកាន់តែធំ និងសម្លឹងមើលឲ្យបានវែងឆ្ងាយជាងអ្វីដែលទំនៀមទម្លាប់ប្រពៃណីបង្រៀនអ្នកនៅពេលកន្លងមក។
យុទ្ធសាស្ត្រមួយទៀតគឺអ្នកត្រូវគិតអំពីរបៀបអភិវឌ្ឍដែលមិនទាក់ទងគ្នាអាចជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក ពោលគឺអ្វីមួយដែលអ្នកគិតជាប្រព័ន្ធ អនុវត្តតាមបែបធម្មជាតិ។ វាទាមទារឲ្យអ្នកសិក្សាស្វែងយល់ពីការទំនាក់ទំនងទៅវិញទៅមកនៃវិស័យនីមួយៗ ហើយសាកស្រមៃមើលថា តើការផ្លាស់ប្ដូរនៅក្នុងវិស័យមួយវាមានផលរំខានដល់វិស័យផ្សេងទៀតដែរឬអត់?
ដោយសារតែអ្នកមានជំនាញទូទៅ (Generalist) មានសំណុំឧបករណ៍ ឬធនធានមធ្យោបាយជាច្រើននៅក្នុងដៃ ពួកគេអាចសម្របខ្លួនបានគ្រប់ស្ថានភាព និងអាចឆ្លើយតបទៅនឹងការវិវត្តនានាបាន។ អ្នកគ្រាន់តែគិតមើលថា តើពិភពលោកបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងអ៊ីនធឺណិតដោយរបៀបណា? មហាសេដ្ឋី Jeff Bezos ប្រធានក្រុមហ៊ុន Amazonមិនមែនជាអ្នកជំនាញផុតលេខខាងវិស័យលក់រាយតាមរយៈការផ្ដួលគូប្រជែងឲ្យរាបដល់ដីនោះទេ។ លោកគឺជាអ្នកលក់រាយចំណូលថ្មី ប៉ុន្តែលោកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សដើម្បីចាប់យកឱកាសដ៏មហិមាអាចកសាងក្រុមហ៊ុនលំដាប់ពិភពលោកបាន។
អាជីពជោគជ័យសម្រាប់អ្នកមានជំនាញទូទៅ (Generalist)
ក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍ខ្លាំងសម្លឹងមើលនរណាដែលមានបទពិសោធន៍ និងជំនាញសំបូរបែបនៅពេលជួលបុគ្គលិក។ នេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុន ឬស្ថាប័នធំៗដូចជាក្រុមហ៊ុន Google ជាដើមដែលក្រុមហ៊ុននេះល្បីឈ្មោះថា មានបុគ្គលិកលោតផ្លោះពីមុខតំណែងមួយទៅមុខតំណែងមួយទៀត ពីតួនាទីមួយទៅកាន់តួនាទីមួយទៀត។
បើយោងតាមប្រសាសន៍របស់លោកស្រី Lisa Stern ទទួលបន្ទុកផ្នែកជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុមហ៊ុនលោកស្រីឲ្យតម្លៃលើបុគ្គលិកណាដែលពូកែដោះស្រាយបញ្ហា និងមានសមត្ថភាពផ្នែកចំណេះដឹងទូទៅដែលពាក់ព័ន្ធនឹងមុខតំណែងរបស់ខ្លួន។ លោកស្រីបន្តថា បើ Google ជ្រើសរើសបុគ្គលិកចេះតែជំនាញមួយ ខណៈដែលក្រុមហ៊ុនត្រូវការផ្លាស់ប្ដូរឥតឈប់ឈរ នោះក្នុងបរិបទនេះ ការជ្រើសរើសបុគ្គលិកមានជំនាញទូទៅដ៏ឆ្លាតម្នាក់គឺជារឿងចាំបាច់ជាង។
លោកស្រីបានផ្តល់ដំបូន្មានថា ប្រសិនបើអ្នកទើបប្រឡូកក្នុងវិស័យការងារជាលើកដំបូង អ្នកត្រូវគ្រប់គ្រងអាជីពការងាររបស់អ្នកឲ្យទទួលបានបទពិសោធន៍ផ្នែកភូមិសាស្ត្រផ្សេងៗគ្នា និងមុខតំណែងសំបូរបែប។ សមត្ថភាពក្នុងការវិភាគ (ឧ. ជំនាញវិភាគលើមូលដ្ឋានគ្រឹះស្ថិតិ និងការត្រិះរិះពិចារណា) គឺសុទ្ធតែជាជំនាញដែលអ្នកគូរអភិវឌ្ឍ ព្រោះវានឹងធ្វើឲ្យអ្នកយកឈ្នះអ្នកដែលផ្តោតលើជំនាញជាក់លាក់មួយ។
ភាពប្រាកដប្រជាមួយអំពីអនាគតរបស់អ្នក គឺថាវានឹងមិនប្រាកដប្រជាទេ។ ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាច្នៃប្រឌិត (Technology Innovation) បានបង្កើតឲ្យមានព័ត៌មានគ្រប់សព្វបែបយ៉ាង។ មនុស្សដែលប៉ិនប្រសព្វលើជំនាញតែមួយ កំពុងបាត់បង់តម្លៃបន្តិចម្តងៗ។ ជំនាញដ៏សំខាន់សម្រាប់ពេលអនាគតគឺមិនមែនពឹងលើជំនាញពិតប្រាកដមួយនោះទេ។ វាគឺស្ថិតនៅត្រង់ថា តើអ្នកមានវិធីសាស្ត្រ ទស្សនវិស័យនិងវិធីគិតដ៏ច្រើនសំបូរបែបកម្រិតណា? ហើយជាការសំខាន់ណាស់ដែរថា អ្នកត្រូវអនុវត្តវាឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន៕
អត្ថបទទាក់ទង៖
- សកលវិទ្យាល័យ Harvard ស្រាវជ្រាវថា ក្មេងៗជោគជ័យដោយសារមានឪពុកម្តាយ៨ប្រភេទនេះ
- សាកលវិទ្យាល័យ Harvard ថា ចង់ជោគជ័យដើរតាមគោលបំណង មិនមែនមហិច្ឆតាទេ
ដោយ៖ ខេវិន
ប្រភព៖ CNBC