ការពិត ៦​​​យ៉ាង​ដែល​អ្នក​ត្រូវ​​ដឹង ដើម្បី​​ពង្រឹង​ជំនាញ​របស់​អ្នក​​នៅ​​សតវត្ស​ទី ២១​នេះ​



ដូច​លោក Alvin Toffler អ្នកនិពន្ធ និង​អ្នក​ជំនួញ​ជើងចាស់​អាមេរិក​ធ្លាប់​បាន​លើកឡើង​​​ដូច្នេះ​ថា «អនក្ខរភាព (ភាព​មិន​ចេះ​អក្សរ​)​ នៃ​សតវត្ស​ទី​២១​នេះ មិន​មែន​អ្នក​មិន​ចេះ​អាន និង​មិន​ចេះ​សរសេរ​នោះ​ទេ។ ប៉ុន្តែ​វា​សំដៅ​ទៅ​លើ​អ្នក​ដែល​មិន​​អាច​រៀន​បាន អ្នក​ដែល​ខ្ជិល​រៀន​ និង​អ្នក​ដែល​មិន​ព្រម​រៀន​​ឡើង​វិញ» 

បើ​អញ្ចឹង​មែន​ តើ​អ្នក​គួរ​រៀន​ជំនាញ​​​ដែល​ត្រឹមត្រូវ​ដោយ​របៀបណា? តើ​​រៀន​ជំនាញ​នោះ​អាច​ឲ្យ​អ្នក​បាន​ផល​ចំណេញ​មក​វិញ​​ដែរ​ឬ​អត់? ៦​ ចំណុច​ខាងក្រោម​នេះ​​អាច​ជួយ​អ្នក​បកស្រាយ​ចម្ងល់​នេះ​បាន។

១.រក​ឲ្យ​ឃើញ​ចំណេះដឹង​ដែល​មាន​តម្លៃ​​នៅ​ក្នុង​ពេល​ដ៏​ត្រឹមត្រូវ​មួយ
គុណ​តម្លៃ​នៃ​ចំណេះដឹង​មិន​​ស្ថិត​នៅ​មួយ​កន្លែង​នោះ​ទេ។ វា​បាន​ផ្លាស់ប្ដូរ​មុខងារ​ដោយសារតែ​មនុស្ស​​ឲ្យ​តម្លៃ​វា​ដោយ​​របៀបណា និង​វា​កម្រ​ឬ​អត់។ ដោយសារតែ​ចូល​មក​ដល់​នៃ​​​​បច្ចេកវិទ្យា​ និង​​ការ​ផ្លាស់ប្ដូរ​​ក្នុង​វិស័យ​ផ្សេងៗ គឺ​វា​ពិត​ជាចាំបាច់​ណាស់​ដើម្បី​ត្រូវការ​ចេះ​ជំនាញ​​ថ្មីៗ​ទាំងនោះ​ដែល​ផ្ដល់​សក្ដានុពល​កាន់តែ​ខ្ពស់​សម្រាប់​ទទួល​បាន​ប្រាក់​ចំណូល។ ពីព្រោះ​តែ​ចង់​បាន​ប្រាក់​ចំណូល​ខ្ពស់​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​ផ្តើម​រៀន​ជំនាញ​ថ្មីៗ​ឲ្យ​បាន​កាន់តែ​រហ័ស​តាមដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ដែល​ការងារ​ដែល​បាន​ប្រាក់​ចំណូល​ទាប​កាន់តែ​ធ្លាក់​ចុះ​ទៅៗ។

២.រៀន និង​ពង្រឹង​ចំណេះដឹង​​នោះ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត
ច្រក​ផ្លូវ​ឈោង​ទៅ​ចាប់​​​យក​ឱកាស​​ល្អៗ​សម្រាប់​អ្នក គឺ​វា​មិនមែន​ចេះ​តែ​​កើត​មាន​​គ្រប់​ពេល​​នោះ​ទេ។ មនុស្ស​ម្នាក់ៗ ត្រូវ​រហ័ស​ស្រវា​ចាប់​វា​ឲ្យ​​បាន​លឿន​បំផុត​នៅ​ពេល​វា​ចូល​មកដល់។ នេះ​មានន័យ​ថា អ្នក​ត្រូវ​តែ​រៀន​ជំនាញ​ថ្មីៗ​ឲ្យ​បាន​លឿន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ ការ​យល់​ច្បាស់ និង​ការ​ប្រើប្រាស់​គំរូ​​ផ្លូវចិត្ត (Mental Models) គឺ​ជា​ជំនាញ​សាកល​ដ៏​សំខាន់​បំផុត​មួយ​ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​រៀន​សូត្រ។ វា​ផ្តល់​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​យក​ទៅ​អនុវត្ត​​លើ​គ្រប់​វិស័យ​ទាំងអស់។ ដូចនេះ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ចាប់​យក​ជំនាញ​ថ្មី ជំនាញ​ដែល​មាន​ស្រាប់​​នេះ​នឹង​ជួយ​ឲ្យ​អ្នក​អាច​រៀន​ជំនាញ​ថ្មី​បាន​ឆាប់​រហ័ស។

៣.​ធ្វើ​ឲ្យ​​ជំនាញ​របស់​អ្នក​​ឲ្យ​មាន​តម្លៃ​ដល់​អ្នកដទៃ
ថ្វីត្បិត​តែ​មនុស្ស​​ពីរ​នាក់​មាន​ជំនាញ​ដូចគ្នា​​​ក៏​ពិតមែន ក៏ប៉ុន្តែ​ប្រាក់ខែ ឬ​ថ្លៃ​ឈ្នួល​​ដែល​ពួកគេ​រក​បាន​​ពី​​ការ​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​មិន​ដូចគ្នា​ទេ។ វា​តិច ឬ​ច្រើន​ស្ថិត​នៅ​ត្រង់​ថា បុគ្គល​​ទាំង​នោះ​អាច​​ធ្វើ​ឲ្យ​ជំនាញ​របស់​ខ្លួន​មាន​ឥទ្ធិពល ប្រសិទ្ធភាព និង​អាច​បញ្ចូល​អ្នកដទៃ​​ក្នុង​​កម្រិត​ណា។ សមត្ថភាព​​មួយ​នេះ​​គឺ​ត្រូវ​ធ្វើ​ឱ្យ​អ្នកដទៃ​ជឿជាក់​ថា​   ជំនាញ​ដែល​​មាន​តម្លៃ គឺ​ជា​“​​ពហុ​ជំនាញ” ។ មនុស្ស​ជាច្រើន​​បាន​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​​ដើម្បី​រៀន​ជំនាញ​បច្ចេកទេស​ ហើយ​ស្ទើរតែ​គ្មាន​ពេល​​រៀន​​ពហុ​ជំនាញ​នេះ​។

៤.ប្រើ​ចំណេះដឹង​ឲ្យ​ជា​លុយ និង​​ចេញ​ជា​​លទ្ធផល
មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដែល​អាច​ប្រែក្លាយ​ចំណេះដឹង​របស់​អ្នក​ដែល​​អ្នក​មាន​ឲ្យ​​មាន​តម្លៃ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ មាន​ឧទាហរណ៍​មួយ​ចំនួន​សម្រាប់​អ្នក​នៅ​ក្នុង​ករណី​នេះ​ដូច​ជា  ស្វែង​រក​ការងារ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​រក​ចំណូល​បាន​ច្រើន​ ធ្វើ​ឲ្យ​ខ្លួនឯង​ឡើង​តំណែង​កាន់តែ​ខ្ពស់ កសាង​អាជីវកម្ម​មួយ​ឲ្យ​ជោគជ័យ លក់​ចំណេះដឹង​​តាម​រយៈ​ការ​ប្រឹក្សា​យោបល់ ឬ​ក៏​កសាង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​តាមរយៈ​ការ​​​ពង្រឹង​ខ្លួនឯង​ឲ្យ​ក្លាយ​ទៅ​ជា​បុគ្គល​ល្បីល្បាញ និង​មាន​ចំណេះដឹង​ទូលំទូលាយ​ម្នាក់។

៥.រៀន​ពី​របៀប​ប្រើ​លុយ​វិនិយោគ​លើ​ចំណេះដឹង​ដើម្បី​ឲ្យ​ទទួល​បាន​ផល​ចំណេញ​ត្រឡប់​មក​វិញ​ខ្ពស់
នៅ​យុគសម័យ​ថ្មី​នេះ មនុស្ស​ម្នាក់ៗ ត្រូវតែ​​ស្វែង​រក​កម្មវិធី​បណ្ដុះបណ្ដាល​ ឬ​​មធ្យោបាយ​ផ្តល់​ចំណេះដឹង​ល្អៗ​ដែល​ស័ក្ដិសម​សម្រាប់​ពង្រីក​សមត្ថភាព​របស់​អ្នក​ដូច​ជា ការ​អាន​​សៀវភៅ រៀន​វគ្គ​ខ្លីៗ​តាម​អនឡាញ ឬ​ក៏​ចូលរួម​សិក្សា​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​របស់​សាលា​ផ្សេងៗ​ជាដើម​ដើម្បី​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​របស់​​ខ្លួន​។ ដើម្បី​​​សម្រេច​គោលដៅ​នេះ​បាន ការ​វិនិយោគ​លុយ​របស់​អ្នក​ទាំង​នេះ​ត្រូវ​​ផ្តោត​លើ​ចំណេះដឹង​ហិរញ្ញវត្ថុ​ជា​រឿង​សំខាន់ ដូច​ជា​​ផល​ចំណេញ​មក​វិញ​ពី​ការ​វិនិយោគ (ROI) ការ​គ្រប់គ្រង​ហានិភ័យ (Risk Management)  និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ (Financial management) ​ជាដើម​​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាន​គ្រឹះ​ក្នុង​​ចំណេះដឹង​​វិនិយោគ​នេះ។ 

៦.ពង្រឹង​ជំនាញ​ពី​របៀប​រៀនសូត្រ​
ធ្វើ​ដូច​នេះ វា​ជួយ​​បង្កើន​គុណ​តម្លៃ​​គ្រប់​ពេល​ដែល​អ្នក​លះបង់​ក្នុង​ការ​រៀន​សូត្រ (អត្រា​រៀន​សូត្រ​របស់​អ្នក​ចេះ​តែ​កើន​ឡើង)។ អត្រា​រៀន​សូត្រ​របស់​អ្នក​នឹង​​កំណត់​ថា​ តើ​សមត្ថភាព​​​នៃ​​​ចំណេះដឹង​របស់​អ្នក​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​កម្រិត​ណា​ទៅ​តាម​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ? អ្នក​អាច​សាក​ប្រៀបធៀប​អ្នក​ដែល​បាន​អាន​​សៀវភៅ​មួយ​ក្បាល​​ចប់​ក្នុង​មួយ​សប្ដាហ៍ និង​អ្នក​ដែល​បាន​អាន​​សៀវភៅ​មួយ​ក្បាល​ចប់​ដោយ​​ប្រើ​ពេល ១០​ថ្ងៃ។ នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ​អត្រា​​អ្នក​អាន​សៀវភៅ​​​ប្រើ​ពេល​មួយ​សប្ដាហ៍​​​លឿន​ជាង ៣០% នៃ​អ្នក​ប្រើ​ពេល​១០​ថ្ងៃ គឺ​​អាច​អាន​សៀវភៅ​បាន​រហូត​ដល់​ទៅ ៨៥​ក្បាល​ឯណោះ។ 

ដើម្បី​ងើប​ខ្លួន​ឲ្យ​ផុត​ពី​គំនិត​ងប់ងុល​នឹង​​លុយ​ទៅ​ជា​ការ​ស្វែងរក​ចំណេះដឹង​ដែល​​ពិតប្រាកដ​​មួយ អ្នក​ត្រូវ​ឈប់​គិត​ថា អ្នក​ត្រូវ​​ការ​រៀន​ត្រឹមតែ ៥ ទៅ ២២ ឆ្នាំ​ប៉ុណ្ណោះ ហើយ​​អាច​ស្វែងរក​ការងារ​ល្អ​មួយ​បាន​ធ្វើ និង​ដេក​សោយសុខ​ពេញ​មួយ​ជីវិត​នោះ។ ដើម្បី​​ឲ្យ​ជីវិត​របស់​អ្នក​ជោគជ័យ​នៅ​យុគសម័យ​ថ្មី​នេះ អ្នក​ត្រូវ​​តែ​រៀន​ជា​ប្រចាំ និង​​ត្រូវ​រៀន​ពេញ​មួយ​ជីវិត​របស់​អ្នក៕

អត្ថបទ​ទាក់ទង៖ 
សាស្ត្រាចារ្យ​សាលា​ Harvard និយាយថា ​ទៅពេលអនាគត​អ្នក​ចេះ​ជំនាញ​តែមួយ ​មិនជោគជ័យទេ
មេរៀន​ ៩​យ៉ាង​ដែល​និស្សិត​មហាវិទ្យាល័យ​ត្រូវ​ដឹង​

ដោយ៖ ខេវិន 
ប្រភព៖ medium

 

X
5s