តែ ហេងលី យុវតីមួយរូបទទួលបានមេដាយមាសការប្រលងសិស្សពូកែអក្សរសិល្ប៍ខ្មែរថ្នាក់ទី១២ ឆ្នាំ២០១៩ ចែករំលែកគន្លឹះជោគជ័យក្នុងការសិក្សា​



តែ ហេងលី ជាអតីតសិស្សពូកែអក្សរសិល្ប៍ខ្មែរទទួលបានមេដាយមាសក្នុងឆ្នាំ ២០១៩ ជាសិស្សនិទ្ទេសAផង រួមទាំងទទួលបានអាហារូបករណ៍ នៅវិទ្យាស្ថានភាសាបរទេសទៀត។ នៅក្នុងកម្មវិធីសិស្សពូកែស្រុកខ្ញុំ ហេងលី បានចែករំលែកនួវបទពិសោធន៍ ក៏ដូចជាគន្លឹះមួយចំនួនដែលជាកត្តាជំរុញឲ្យហេងលី ក្លាយជាសិស្សពូកែ ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ។

១. អានឲ្យបានច្រើន

ការអាន ជាកត្តាសំខាន់មួយដែលអាចឲ្យយើងមានជាគំនិតផ្សេងៗដើម្បីលើកឡើងនៅក្នុងការតែងសេចក្ដី។ មនុស្សមួយចំនួនអាចនឹងមិនចូលចិត្តការអាន តែអ្នកគួរគិតថាការអានជាចំណង់ចំណូលចិត្តមួយ ដូច្នេះពេលដែលអ្នកអានទៅនឹងមិនធ្វើឲ្យអ្នកធុញទ្រាន់។ អ្នកត្រូវផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកចង់បាន ហើយបង្កើតជាទឹកចិត្តមួយដើម្បីជំរុញអ្នកឲ្យផ្ដោតសំខាន់ទៅលើវា។

២. ត្រូវចេះអក្សរសិល្ប៍ស្ទើរតែទាំងអស់ និងឲ្យបានលម្អិត

ការអានអក្សរសិល្ប៍មិនមែនអានត្រឹមតែមួយចប់ តែត្រូវសិក្សាវិភាគទៅលើលក្ខណៈ តួអង្គ ក៏ដូចជាសាច់រឿងដែលអ្នកនិពន្ធបានចងក្រង ឲ្យបានច្បាស់ដើម្បីងាយស្រួលនៅក្នុងការសរសេរលើកឧទាហរណ៍នៅក្នុងការតែងសេចក្ដី។

៣. តាមដានព័ត៌មានសង្គម

ក្រៅពីអានអក្សរសិល្ប៍ អ្នកគួរអានព័ត៌មានផ្សេងៗដូចជា បរិស្ថាន សង្គម និងប្រវត្តិសាស្រ្ត ជាដើម។ ដែលព័ត៌មានទាំងនោះ អាចបង្កើននូវចំនេះដឹងសម្រាប់ការសរសេរ ដោយសារតែនៅក្នុងការតែងសេចក្ដីនីមួយៗ ត្រូវការការលើកឧទាហរណ៍ទាំងពីក្នុងសង្គម ប្រវត្តិសាស្រ្ត និងអក្សរសិល្ប៍មកបញ្ជាក់។

៤. ហាត់សរសេរឲ្យបានច្រើនតាមដែលអាចធ្វើបាន

ក្រៅពីចំណាយពេល១ម៉ោងក្នុងមួយថ្ងៃ សម្រាប់មួយមុខវិជ្ជាហើយ ចំពោះការរៀនមុខវិជ្ជាភាសាខ្មែរ អ្នកគួរចំណាយពេលហាត់សរសេរបន្ថែមឲ្យបានច្រើន។ ការហ្វឹកហាត់កាន់តែច្រើនកាន់តែជួយដល់ដំណើរការសរសេរ ក៏ដូចជាល្បឿនក្នុងការតាក់តែងសេចក្ដីកាន់តែមានភាពប្រសើរឡើង។

ការសិក្សាពីទម្រង់តែងសេចក្តីនីមួយៗឲ្យបានច្បាស់ ជាពិសេសទៅលើតែងសេចក្តីបែបពន្យល់  តែងសេចក្តីបែបពិភាក្សា និង តែងសេចក្តីបែបប្រៀបធៀប។  ក្នុងនោះ យើងត្រូវដឹងថាតើទម្រង់តែងសេចក្តីនីមួយៗមានលក្ខណៈសម្គាល់អ្វីខ្លះ ហើយតើក្នុងការតម្រូវឲ្យយើងបកស្រាយយ៉ាងដូចម្តេច។ អ្នកទាំងអស់គ្នាអាចសិក្សាពីគម្រោងភ្ជាប់ជាមួយឧទាហរណ៍ក្នុង ឯកសារនានាបាន។ 

ការពង្រឹងទៅលើទម្រង់អក្សរនិងរចនាបថឲ្យបានស្អាត 

ការសរសេរទាមទារឲ្យយើងសរសេរអក្សរឲ្យបានស្អាតច្បាស់ល្អ ត្រង់ជួរ និងមានរបៀបត្រឹមត្រូវ។  បើសិនជាសរសេរអក្សរធំត្រូវធំស្មើ បើសិនជាសរសេរអក្សរតូចត្រូវតូចស្មើ។ បន្ថែមពីនេះ ក្នុងនោះយើងត្រូវសរសេរឲ្យមានរចនាបថស្អាត ចៀសវាងការលុប ការឈូត ខ្វែង ការសរសេររំលងជួរ ការចុះបន្ទាត់មិនស្មើជាដើម។

ក្រៅពីការចំណាយពេលវេលាខិតខំសិក្សារៀនសូត្រ អ្នកក៏គួរតែសម្រាក និងទទួលទានអារហារដែលមានជីវជាតិគ្រប់គ្រាន់ ព្រោះសុខភាពក៏ជាកត្តាមួយដែលនាំឲ្យអ្នកទទួលបានលទ្ធផលមួយដែលជោគជ័យដែរ។

មនុស្សម្នាក់ៗមិនមែនកើតមកឆ្លាតឬពូកែទាំងអស់គ្នានោះទេ គ្រប់យ៉ាងសុទ្ធតែកើតមកពីការខិតខំប្រឹងប្រែងយ៉ាងលំបាក។ ដូច្នេះបើអ្នកមិនទាន់ទទួលបានលទ្ធផលដែលខ្លួនឯងពេញចិត្ត សូមកុំអស់សង្ឃឹមហើយខំប្រឹងសិក្សាបន្ថែមទៀត ដើម្បីសម្រេចអ្វីដែលខ្លួនចង់បាន៕

ដោយ៖ សុធារ៉ា

 

X
5s