គន្លិះទាំង ៥ ក្នុងការរៀនរូបវិទ្យាពីអតីតសិស្សពូកែរូបវិទ្យាថ្នាក់ទី១២ ចំណាត់ថ្នាក់លេខ ០២ ឆ្នាំ២០១៩​



រូបវិទ្យា គឺជាមុខវិទ្យាសាស្រ្តមួយដែលសំខាន់ សម្រាប់សិស្សានុសិស្សដែលរៀននៅកម្រិត អនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ។ ដោយសារតែវាជាមុខវិជ្ជាដែលសំខាន់ វាក៏អាចជាមុខវិទ្យាមួយដែលលំបាកសម្រាប់សិស្សានុសិស្សមួយចំនួន ព្រោះមុខវិទ្យានេះទាមទារឲ្យមានការគិតស៊ីជម្រៅពីបាតុភូត ការចងចាំរូបមន្ត និងទ្រឹស្ដីបទសំខាន់ៗដើម្បីដោះស្រាយលំហាត់។ ចំពោះសិស្សានុសិស្សដែលចង់ប្រលងសិស្សពូកែរូបវិទ្យាកម្រិតថ្នាក់ទី ០៩ គួរតែពង្រឹងសមត្ថភាពរបស់ខ្លួនចាប់ពីថ្នាក់ទី ០៧មក រីឯសិស្សវិទ្យាល័យដែលចង់ប្រលងកម្រិតថ្នាក់ទី ១២ គួរតែពង្រឹងសមត្ថភាពរបស់ខ្លួនចាប់ពីថ្នាក់ទី ០៧ មកដែរ តែដែលជាពិសេសនោះគឺគ្រិះដែលនៅថ្នាក់ទី ១០ និងទី ១១។

ខាងក្រោមនេះគឺជាគន្លិះមួយចំនួនដែលអ្នកគួរដឹងដើម្បីត្រៀមខ្លួនទាំងក្នុងការប្រលងសិស្សពូកែរូបវិទ្យា និងការប្រលងរូបវិទ្យា ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានចែករំលែកដោយយុវជន ម៉ុក យ៉ុង ដែលជាអតីតសិស្សពូកែរូបវិទ្យា ចំណាត់ថ្នាក់លេខ ០២ ក្នុងការប្រលងសិស្សពូកែកម្រិតថ្នាក់ទី១២ ឆ្នាំ២០១៩។ យ៉ុងក៏ជាអតីតសិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបច្ចុប្បន្នជាសិស្សអារហាររូបករណ៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

១. ត្រូវមានមូលដ្ឋានគណិតវិទ្យា

ការគណនាលំហាត់រូបវិទ្យាចាំបាច់ឲ្យយើងមានមូលដ្ឋានគណិតវិទ្យាកម្រិតមធ្យម ព្រោះវាជាមុខវិទ្យាដែលធ្វើការវិភាគបាតុភូតផង និងការគណនាផង។ មូលដ្ឋានគណិតវិទ្យាដែលយើងត្រូវចេះមានដូចជា ការគណនាឬសការេ ស្វ័យគុណ ការពន្លាតកន្សោម ដោះស្រាយសមីការដឺក្រេទី១ ទី២ ការគណនាលីមីត ដេរីវេ អាំងតេក្រាល ប្រមាណវិធីវ៉ិចទ័រ ជាដើម។

២. ត្រូវមានឯកសាររៀនគ្រប់គ្រាន់

ក្រៅពីមេរៀនដែលបានរៀននៅក្នុងថ្នាក់រៀន យើងក៏ចាំបាច់ត្រូវស្វះស្វែងរកឯកសារសិក្សាបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែរឹងមាំ។ ឯកសារបន្ថែមទាំងនោះ យើងអាចរកបាននៅបណ្ណាល័យ តាមរយៈសិស្សច្បង លោកគ្រូអ្នកគ្រូ មិត្តភក្ដិ ឬអាចរកទិញនៅតាមកន្លែងលក់សៀវភៅឬបណ្ណាគារជាដើម។ ឯកសារទាំងនោះមានដូចជា លំហាត់ត្រៀមប្រលងសិស្សពូកែ វិញ្ញាសាប្រលងឆ្នាំចាស់ៗ និងសៀវភៅដែលគេរៀបរៀងលម្អិតទៅតាមមេរៀននិមួយៗ។

៣. ចងចាំរូបមន្ត និងយល់ពីបាតុភូត

ត្រូវចំណាយពេលមើលមេរៀនឲ្យបានច្រើន ព្យាយាមចងចាំនូវចំណុចសំខាន់ៗរបស់មេរៀន ចងចាំរូបមន្ត រួមទាំងយល់ពីបាតុភូតនីមួយៗនៅក្នុងមេរៀនឲ្យបានស៊ីជម្រៅ។ បាតុភូតខ្លះអាចមានលក្ខណៈស្រដៀងគ្នា ដូច្នេះបើអ្នកអាចយល់ពីបាតុភូតឲ្យបានច្បាស់លាស់នោះអ្នកនឹងមិនស្ទាក់ស្ទើរនៅក្នុងការដោះស្រាយលំហាត់។ ចំពោះតិចនិចក្នុងការចងចាំរូបមន្តអ្នកអាចធ្វើការទន្ទេញឬ សរសេរដដែលៗ និងអនុវត្តការធ្វើលំហាត់ឲ្យបានច្រើននោះអ្នកក៏អាចចងចាំរូបមន្តបានច្រើនជាងមុនផងដែរ។

៤. ការរៀនត្រៀមពីលោកគ្រូអ្នកគ្រូ និងរៀនជាក្រុម

ក្រៅពីការរៀនដោយខ្លួនឯង អ្នកគួរតែបង្កើតក្រុមតូចមួយ ដើម្បីបំប៉នជាមួយគ្រូ នូវមេរៀនសិស្សពូកែដើម្បីពង្រឹងសមត្ថភាពឈានទៅដល់ការដោះស្រាយលំហាត់ធំៗ។ នៅពេលធ្វើរួចហើយគួរតែធ្វើការផ្ទៀងផ្ទាត់ជាមួយនិងកំណែ ឬក៏អាចយកទៅឲ្យលោកគ្រូអ្នកគ្រូពិនិត្យ និងកែតម្រូវ។ ក្នុងករណីដែលអ្នកមិនយល់ពីបាតុភូតនៃលំហាត់ត្រូវត្រឡប់ទៅរកមើលមេរៀនដែលទាក់ទងនឹងលំហាត់នោះ ដើម្បីជាគ្រិះនិងគំនិតដោះស្រាយលំហាត់ក្រោយៗទៀត។

៥. មិនត្រូវមើលស្រាលសមត្ថភាពខ្លួនឯងនិងអ្នកដ៏ទៃ

អ្នកត្រូវរៀនដាក់ខ្លួន និងសម្របខ្លួន ស្វែងរករៀននូវមេរៀនថ្មីៗបន្ថែមពីសិស្សច្បងនិងលោកគ្រូអ្នកគ្រូ ទៀត។ កុំទាន់គិតថាខ្លួនឯងខ្លាំងជាងអ្នកដ៏ទៃ ឬអ្នកដ៏ទៃខ្លាំងជាងខ្លួន។ ព្យាយាមយល់គ្រប់មេរៀន ពីកម្រិតអនុវិទ្យាល័យនិងកម្រិតវិទ្យាល័យ ពេលខ្លះការប្រលងអាចចេញក្រៅកម្មវិធីសិក្សាក៏ថាបានដែរ ដូចនេះវាពិតជាល្អប្រសើរបើអ្នកបានត្រៀមខ្លួនរួចជាស្រេចមុនការប្រលងឈានមកដល់។

ក្រៅពីគន្លិះទាំងអស់ដែលបានរៀបរាប់ខាងលើនេះ អ្នកចាំបាច់ត្រូវថែរក្សាសុខភាព តាមរយៈការញ៉ាំអារហារដែលមានជីវជាតិគ្រប់គ្រាន់ ការញ៉ាំឲ្យបានទៀងពេលវេលា និងការគេងឲ្យបានគ្រប់គ្រាន់ផងដែរ៕

ដោយ៖ សុធារ៉ា

 

 

X
5s