សាកល្បងពិចារណា៖ គួរទៅធ្វើការនៅក្រៅប្រទេសជាពលករឬរៀនបន្ត?
រូបភាពប្រៀបធៀបដូចដែលខ្ញុំចែករំលែកបន្តនេះប្រហែលជាធ្វើឱ្យប្រិយមិត្តមួយចំនួនយល់ថាការរៀនបានជ្រៅជ្រះមិនជារឿងចាំបាច់ឡើយ។ អ្នកបង្វឹកផ្នែកធុរកិច្ចខ្លះលើកយកបុគ្គលដែលល្បីៗដូចជាបៀលហ្កេត ឬម៉ាកហ្ស៊ុកឺប៊ើក មិនបានរៀនចប់ឧត្តមសិក្សាឡើយ ម្តេចឡើយគេក្លាយជាមហាសេដ្ឋីពិភព លោក..។ ទំនងជាដោយសារផ្នត់គំនិតនេះហើយ ប្អូនស្រីខ្លះមិនទាន់រៀនចប់ំមធ្យមសិក្សាផងចង់ឈប់រៀនមក live តាមហ្វេសប៊ុកដើម្បីលក់ទំនិញ..។ តាមពិត ពួកគេទាំងពីរជាមនុស្សមានទេពកោសល្យនិងចំណូលចិត្តខ្ពស់ណាស់ (សូមអានសៀវភៅ កុំធ្វើអាជីវកម្មតាមអារម្មណ៍ទំព័រ៩១-៩២) ដែលមនុស្សសា មញ្ញលំបាកអនុវត្តតាម។ ណ្ហើយចុះ ការជ្រើសរើសរបស់ប្អូនៗ យុវជនយើងជាសេរីភាពនិងការយល់ឃើញផ្ទាល់ខ្លួនទេ!
ពាក់ព័ន្ធប្រធានបទខាងលើ បើពិនិត្យឱ្យជ្រៅ វាហាក់ដូចជាទំនាស់រវាងប្រាក់និងចំណេះវិជ្ជា ។ យើងគួរពិចារណាសាកល្បងប្រៀបធៀបគុណសម្បត្តិគុណវិបត្តិរវាងការទៅធ្វើការនៅបរទេស និងការបន្តរៀនបានវែងឆ្ងាយ។
ក/ការទៅធ្វើការនៅបរទេស៖ គប្បីបញ្ជាក់ជាមុនថា ក្នុងបណ្តាពលករទៅធ្វើការនៅខាងក្រៅ មានតែនៅជប៉ុននិងកូរ៉េខាងត្បូងទេ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់និងទទួលបានការការពារសិទ្ធិបានល្អជាងនៅថៃ ឬម៉ាឡេស៊ីជាដើម។ ម្យ៉ាងទៀត ការងារដែលបងប្អូនជនរួមជាតិទទួលបាន ភាគច្រើនគឺជាពលកម្មផ្លូវកាយ។
គុណសម្បត្តិមាន៖ ការទទួលបានប្រាក់ចំណូល បទពិសោធន៍ការងារថ្មី ឱកាសនៃការស្វែងយល់ពីរបៀបរស់នៅ ការយល់ពីសេរីភាពនិងអភិបាលកិច្ចរបស់សង្គមដទៃ។ ជាបន្ថែម ប្រាក់ចំណូលនិងការសន្សំអាចឱ្យគេមានជីវភាពធូរធារ ឬបញ្ជូនមកឱ្យឪពុកម្តាយ/បងប្អូនដោះបំណុល កសាងឬកែលម្អលំនៅដ្ឋាន កូនធំៗរបស់ពលករដែលនៅជាមួយសាច់ញាតិក្នុងស្រុកបានទៅ រៀន។ល។
គុណវិបត្តិ៖ ការនឹកស្រុក ការត្រូវសម្របជាមួយអាកាសធាតុត្រជាក់ ការរើសអើង ការប្រព្រឹត្តមិនបានល្អមកលើពីនិយោជកខ្លះ កូនៗមិនមានឱកាសទៅរៀន ឯកូនដែលផ្ញើសាច់ញាតិមិនទទួលបានការអប់រំនិងការពារបានល្អ ខ្វះភាពកក់ក្តៅ។ ជាងនេះទៅទៀតក៏អាចមានករណីការកេងប្រវ័ញ្ញពីមេខ្យល់ អ្នកបញ្ជូនពលករដែលមិនសុចរិត(ជាពិសេសទៅថៃនិងម៉ាឡេស៊ី) ហានិភ័យនៃការត្រូវបានគេបោកឬជួញដូរមនុស្ស ទទួលទារុណកម្មផ្លូវកាយឬចិត្ត ឬគ្មានឱកាសនៃការសន្សំប្រាក់ធំដុំឡើយដោយសារប្រាក់កម្រៃទាប។
បើមើលក្នុងទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ចជាតិវិញ ពួកគេបានជួយដោះស្រាយបញ្ហាមួយផ្នែកដែរនៅពេលទីផ្សារការងារក្នុងស្រុកមិនមានលទ្ធភាពទទួលយក ពលកម្មបានច្រើននោះ ពួកគេផ្ញើប្រាក់មកក្នុងស្រុកសម្រាលជីវភាពឪពុកម្តាយចាស់ៗដែលបាត់បង់ឬថមថយសមត្ថភាពពលកម្ម ឬមិនអាចផ្គត់ផ្គង់ជីវភាពដោយសារការធ្វើស្រែតិចតួចនិងគ្មានទីផ្សារ ជួយសម្រាលដល់ជញ្ជីងទូទាត់នៅពេលដែលកម្ពុជាមានការនាំចូលទំនិញឬសេវាច្រើនជាងការនាំចេញ។ ក្រៅពីនេះ ពលករខ្លះអាចយកជំនាញឬបទពិសោធន៍ផលិតកម្មឬគ្រប់គ្រងមកប្រើនៅក្នុងការបើកធុរកិច្ចឬសហគ្រិនភាពរបស់ខ្លួនក្រោយធ្វើមាតុភូមិនិវត្ត។
ខ/ចំពោះការបន្តរៀននៅក្នុងស្រុកវិញ៖ ក៏ជាទិដ្ឋភាពវិជ្ជមានមួយចំនួនគួរពិចារណាដែរ។ ពួកគេមិនមានការលំបាកដូចអ្នករកការងារក្នុងប្រទេសដូចជាផ្នែកភាសា អាកាសធាតុ (ធៀបទៅពលករនៅកូរ៉េខាងត្បូង និងជប៉ុន) បញ្ហាផ្នែកមនោសញ្ចេតនាចំពោះញាតិនិងស្រុកទេស គេអាចបន្តរៀនបានជាប់រហូត អាចរៀនផងធ្វើការផងនិងរៀនបានខ្ពស់ក្នុងលក្ខណៈធៀបទៅនឹងពលករទៅក្រៅ (កុំភ្លេចថា ក្នុងបណ្តាពលករទៅថៃនិងកូរ៉េខាងត្បូងក៏មានអ្នកបញ្ចប់កម្រិតបរិញ្ញាបត្រព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ខ្លះដែរ)។
ចំពោះគុណវិបត្តិសម្រាប់បុគ្គលវិញ គឺការមិនបានស្គាល់ពីបទពិសោធន៍ របៀបរស់នៅ និងការធ្វើការក្រោមបរិបទថ្មីឡើយ ប្រាក់ចំណូលទាប..។ ចំពោះការបន្តរៀននៅក្នុងស្រុកនេះ យុវជនដែលមានភូមិកំណើតឯទីជនបទហើយដែលមានអាណាព្យាបាលក្រខ្សត់ផងក៏ប្រឈមការលំបាកមួយចំនួនដែរក្នុងការរស់នៅនិងរៀនសូត្រនៅភ្នំពេញដែរ។ នេះជាសម្ពាធមួយទៀតផ្នែកហិរញ្ញវត្ថុ។
តើគេគួរបន្តវិថីនេះទេនៅពេលដែលប្រាក់ចំណូលទាប ជីវភាពគ្រួសារលំបាក? តែការដែលពលរដ្ឋមានចំណេះជ្រៅជ្រះជាការចាំបាច់មិនអាចខ្វះបានទេចំពោះការអភិវឌ្ឍសង្គមរយៈពេលវែង។ ជប៉ុន សាំងហ្កាពួរ វៀតណាមនិងប្រទេសជាច្រើនទៀតសុទ្ធតែយកចិត្តទុកដាក់ដើរតាមមាគ៌ានេះ។ ជាទូទៅ ការរៀនបានវែងឆ្ងាយមិនមែនសុទ្ធតែធ្វើទៅបានចំពោះមនុស្សគ្រប់គ្នានោះទេដោយសារចំណូលចិត្ត ការព្យាយាម សមត្ថភាព គោលដៅនិងចំណូលចិត្តខុសគ្នា។ គប្បីយល់ថា អ្នកមានជោគជ័យផ្នែកសិក្សាពិតប្រាកដមិនមែនមានន័យថាសុទ្ធតែជោគជ័យផ្នែកទ្រព្យសម្បត្តិឬក្នុងជីវិតនោះទេ នេះជាការពិត!។ ប៉ុន្តែសង្គមមិនអាចខ្វះពលរដ្ឋបែបនេះបានទេ។ ដោយឡែក សង្គមខ្លះរួមទាំងសង្គមយើងសព្វថ្ងៃដែរ មនុស្សតែងផ្តល់តម្លៃតែទៅលើវត្ថុណាដែលចែងចាំងពន្លឺដូចជាមាសឬប្រាក់តែប៉ុណ្ណោះ។
ការចេញទៅរកការងារឯបរទេស ដោយសារបញ្ហារកការងារក្នុងស្រុក៖
ប្រទេសកម្ពុជាបានឆ្លងកាត់ពីប្រទេសកសិកម្មទៅកាន់សេដ្ឋកិច្ចពិពិធកម្មមួយក្នុងរយៈកាល៣០ឆ្នាំនេះ។ បើតាមការសិក្សាស្រាវជ្រាវដោយក្រសួងកសិកម្មបង្ហាញថា កម្ពុជាមានពលរដ្ឋប្រកបរបរកសិកម្ម៨០% (ឆ្នាំ១៩៩៣) ហើយចុះ មកដល់៤០%នៅឆ្នាំ២០១៧។ ទិន្នន័យនេះមានលក្ខណៈស្របនឹងប្រទេសក្នុងតំបន់មួយចំនួនដែរដូចជានៅថៃ (ពី៧៧%ទៅ៣២%) ហ្វីលីពីន (ពី៥៦%ទៅ ២៩%) ដែលជាលទ្ធផលមកពីការវិវត្តទៅកាន់កសិកម្មបែបពាណិជ្ជកម្មខ្នាតធំ(Larger-scale commercial farming) ការប្រើឧបករណ៍ម៉ាស៊ីនជំនួសកម្លាំងមនុស្ស និងការបង្កើនពិពិធកម្មលើផ្នែកឧស្សាហកម្មនិងសេវា។ ប៉ុន្តែនៅកម្ពុ ជា ការថយចុះនៃចំនួនកសិករដោយសារមានបាតុភូតបន្ថែមមួយគឺការលក់ដីដោយសារជំងឺ ភាពក្រីក្រ និងការដោះបំណុល ហើយនិងការមិនអាចមានផលចំណេញដោយសារកំណើនថ្លៃធាតុចូលនិងសម្ពាធខ្លាំងមកលើថ្លៃលក់កសិផល។ ស្របគ្នានេះ វិស័យឧស្សាហកម្មដែលប្រើពលកម្មច្រើនពោលគឺកាត់ដេរនិងស្បែកជើងអាចបឺតស្រូបពលកម្មបានតែ៧.៣ភាគរយ ហើយវិស័យសំណង់ទទួលបានតែ ៦.៥%នៃទីផ្សារការងារ នេះបើតាមស្ថិតិឆ្នាំ២០១៥។
តើការចេញទៅរកការងារខាងក្រៅដោយសារតែពុំមានឱកាសរកការងារក្នុងប្រទេសឬ? មិនមែនត្រឹមត្រូវទាំងស្រុងទេ! មានកត្តានិងនិន្នាការជាច្រើនដូច ជាកង្វះជំនាញនិងគុណភាពដែលទីផ្សារត្រូវការ គុណភាពនៃការរៀនសូត្រ ការជ្រើសជំនាញតាមគ្នីគ្នានិងអ្វីដែលងាយ ការគ្របដណ្តប់នៃធុរកិច្ចនិយមហួស ហេតុមកលើវិស័យសិក្សា សហគ្រាសនៅកម្ពុជាច្រើនមានលក្ខណៈជាធុរកិច្ចជំ នួញនិងសេវាដែលជាធម្មតាប្រើពលកម្មតិចជាងផ្នែកកម្មន្តសាល កម្រិតប្រាក់ឈ្នួលទាបធៀបទៅតម្លៃទំនិញទីផ្សារ ឬទាបជាងប្រទេសដទៃ លទ្ធភាពនិងវប្បធម៌/ផ្នត់គំនិតរបស់ពលរដ្ឋយើងខ្លះក្នុងការរៀនសូត្រផងដែរ។ល។
ការសិក្សាស្រាវជ្រាវជាច្រើនរួមទាំងទីភ្នាក់ងារជាតិ (National Employment Agency)នៅឆ្នាំ២០១៧ផងចង្អុលបង្ហាញថា និយោជក៧៧.៩%នៅក្នុងវិស័យបដិសណ្ឋារកិច្ច ៧៧.៩%នៅក្នុងវិស័យបដិសណ្ឋារកិច្ចជួបការលំបាកក្នុងការជ្រើសរើសធនធានមនុស្ស ។ ក្នុងបណ្តានិយោជក៦០៥នាក់ដែលបានសម្ភាសន៍ ពាក់កណ្តាលឱ្យដឹងថា គេមិនអាចរកបាននិយោជកដែលមានដែលមានគុណវុឌ្ឍិ។ ដូចនេះសមត្ថភាពនៃការយល់ដឹងនិងជំនាញជាចំណោទមួយដែរក្នុងការរកការងារក្នុងស្រុក។
សង្ខេបសេចក្តីមក ការចេញទៅរកការងារខាងក្រៅដ៏ច្រើននេះជាដំណោះស្រាយរយៈពេលខ្លី ឯការរៀនបានខ្ពស់ក៏ជាភាពចាំបាច់សម្រាប់បុគ្គលនិងសង្គមដែរជាពិសេសសម្រាប់កិច្ចអភិវឌ្ឍរយៈពេលវែង។ គេមិនអាចបដិសេធការរកការងារនៅក្រៅប្រទេសទេ។ ប្រទេសសាំងហ្កាពួរក៏មានការចេញទៅរកការងារនៅបរទេសដែរ ប៉ុន្តែគោលការណ៍នៃការទៅរកការងារនៅបរទេសរបស់ជនជាតិនេះ គឺការងារថ្នាក់ខ្ពស់ជាអ្នកគ្រប់គ្រងជាដើម។ ក្នុងការដោះស្រាយបញ្ហាការងារ វាមានកិច្ចការច្រើនត្រូវធ្វើទាំងខាងរដ្ឋាភិបាល ទាំងបុគ្គលជាមួយការគិតតាមរបៀបថ្មី។ ដើម្បីដោះស្រាយការងារក្នុងស្រុកត្រូវការគោលនយោបាយរយៈពេលវែងដោយចាប់ផ្តើមពីការកែសម្រួលខ្លះ ផ្តើមពីការសិក្សាដូចជាការពង្រីកមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេស (ក្រសួងអប់រំបានចាប់ផ្តើមហើយ) ការបង្កើនម៉ោងសិក្សានិងស្វ័យសិក្សា និងធ្វើការកំណត់ស្តង់ ដារប្រៀបផ្ទឹម (Benchmarking) ជាទូទៅជាមួយប្រទេសជិតខាងជាពិសេសប្រទេសជឿនលឿនក្នុងតំបន់ ។ គោលនយោបាយផ្នែកអភិវឌ្ឍមូលធនមនុស្សជាប្រការសំខាន់។ កម្ពុជាមិនទាន់ឆ្លើយតបបាននូវគុណភាពនៃធនធានមនុស្សដើម្បីប្រកួតប្រជែងនៅឡើយទេទាំងនៅក្នុងរង្វង់ប្រទេសអាស៊ានក៏ដូចជាកម្រិតសកល ហើយបើតាម The World Economic Forum’s Global Human Capital Report 2017 កម្ពុជាស្ថិតនៅលំដាប់ទី៩២ ក្នុងណ្តា១៣០ប្រ ទេស (ប្រភពhttps://opendevelopmentcambodia.net/topics/labor/)។ ក្រៅពីនេះចាំបាច់គួរកែលម្អបរិយាសវិនិយោគដោយបើកចំហ ការផ្លាស់ប្តូរផ្នត់គំនិតមនុស្ស ការចាប់ផ្តើមផ្តល់តម្លៃលើទ្រព្យអរូបដូចជាចំណេះដឹង សមត្ថភាពនិងបណ្តុះវប្បធម៌គុណូបធិបតេយ្យ(Meritocracy) ជាដើម ។
យិនឆេងស៊ន
អ្នកស្រាវជ្រាវ