ហេតុផលសំខាន់ៗ៤យ៉ាង ដែលនិស្សិតខ្មែរគួរតែតាមដានដំណឹងការងារតាមគេហទំព័រឲ្យបានច្រើនជាងមុន
បច្ចុប្បន្ននេះ បច្ចេកវិទ្យាទំនើបពិតជាផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងដល់មនុស្ស ជាពិសេសការប្រើប្រាស់អ៊ីនធឺណិត ដើម្បីស្រាវជ្រាវ និង ទទួលបាននូវព័ត៌មានសំខាន់ៗជាច្រើនមិនថា ក្នុងស្រុក ឬ ក្រៅស្រុកនោះឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានគេហទំព័រការងារជាច្រើនបានបង្កើតឡើង ដែលក្នុងមួយថ្ងៃៗ មានតំណែងការងារជាច្រើនត្រូវបានចេញផ្សាយដើម្បី ស្វែងរកបេក្ខជនដែលមានសមត្ថភាព។
ប៉ុន្តែខណៈពេលដែលដំណឹងការងារជាច្រើនត្រូវបានចេញផ្សាយនោះ បែរជាមនុស្សមួយចំនួនហាក់មិនបានតាមដាន ហើយតែងពោលថា រកការងារមិនបាន និង មិនដឹងគួររកនៅទីណា ដែលនេះជាចំណុចអសកម្មមួយ។ ខាងក្រោមនេះ ជាហេតុផលដែលអ្នកគួរតាមដានដំណឹងការងារតាមគេហទំព័រឲ្យបានច្រើន យ៉ាងហោចណាស់មួយថ្ងៃឲ្យបានម្ដង៖
១) ទទួលបានដំណឹងរហ័ស និង ងាយចាប់យកឱកាស៖
ដូចដែលបានដឹងហើយថា បច្ចុប្បន្នជាសម័យអ៊ីនធឺណិត ហើយគ្រប់គ្នាសុទ្ធតែមានទូរស័ព្ទដៃទំនើប ដូច្នេះហើយវាមិនមានការលំបាកក្នុងការទទួលដំណឹងការងារទាំងនោះឡើយ។ នៅពេលអ្នកអាចទទួលបានដំណឹងរហ័ស និង គ្រប់គ្រាន់នោះវាជួយឲ្យអ្នកអាច ត្រៀមខ្លួនក្នុងការរៀបចំប្រវត្តិរូបការងារ ដើម្បីដាក់ពាក្យឲ្យបានមុនបេក្ខជនដទៃទៀត ព្រោះកន្លែងខ្លះគឺត្រូវការប្រញាប់។
២) បណ្ដុះគំនិតក្នុងការស្វែងរកឱកាស៖
ត្រូវចាំថា រាល់ឱកាសល្អមិនដែលមកគោះទ្វារអ្នកនោះឡើយ ពោលគឺមានតែអ្នកប៉ុណ្ណោះដែលត្រូវស្វែងរកវាដោយខ្លួនឯង។ ការបង្កើតទម្លាប់ចូលអានគេហទំព័រការងារឲ្យបានច្រើននោះ អ្នកនឹងក្លាយជាមនុស្សមួយដ៏ស្វាហាប់ ក្នុងការចាប់យកការងារដែលខ្លួនពេញចិត្តជាក់ជាមិនខាន។ ត្រូវចាំថា បើអ្នកមិនព្យាយាមស្វែងរកដំណឹងការងារឲ្យបានច្រើនទេ នោះអ្នកនឹងមិនអាចទទួលបានការងារល្អទាន់ពេលនោះឡើយ។
៣) បញ្ចៀសការចំណាយពេលវេលាធ្វើរឿងអត់ប្រយោជន៍
បច្ចុប្បន្ននេះ មនុស្សភាគច្រើនគឺចូលចិត្តប្រើប្រាស់បណ្ដាញសង្គមFacebook ខ្លាំងណាស់ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកខ្លះមិនទាន់ចេះទាញយកប្រយោជន៍ពីការប្រើប្រាស់វានៅឡើយ ព្រោះចេះតែបង្ហោះពីអារម្មណ៍ និង សម្ភារៈបង្អួតគ្នាប៉ុណ្ណោះ។ បើកាលណាអ្នកចំណាយពេលវេលាច្រើនពេកធ្វើរឿងមិនសូវមានប្រយោជន៍បែបនេះ វានាំឲ្យពេលវេលាមួយថ្ងៃរបស់អ្នកកន្លងផុតទៅដោយអសារបង់។ ជម្រើសដ៏ល្អអ្នកគួរតែចុច«Like» នៅទំព័រការងារផ្សេងៗក្នុងប្រទេសកម្ពុជា ដូច្នេះនៅពេលមានដំណឹងថ្មីៗ នោះអ្នកនឹងទទួលបានវាមិនខាន។
៤) យល់ច្បាស់ពីទីផ្សារការងារកាន់តែខ្លាំង៖ នៅពេលអ្នកមើលដំណឹងការងារកាន់តែច្រើន នោះវាធ្វើឲ្យអ្នកកាន់តែទទួលបានចំណេះដឹងកាន់តែច្រើនអំពីទីផ្សាររបស់ការងារបច្ចុប្បន្ន ពោលគឺដឹងថា មួយណាកំពុងមានតម្រូវការខ្លាំង ហើយមួយណាផ្ដល់ប្រាក់ខែច្រើនជាងគេ។ ការយល់ច្បាស់បែបនេះ អាចជួយឲ្យអ្នកត្រៀមលក្ខណៈសម្បត្តិ និង ព្យាយាមបណ្ដុះជំនាញដែលមិនទាន់មានដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅពេលខាងមុខ៕
ដោយ៖ អ៊ុន ភក្តី