មានវិធីអ្វីខ្លះដើម្បីលើកទឹកចិត្តបុគ្គលិកឲ្យសប្បាយចិត្ត និង មិនចង់ចេញពីក្រុមហ៊ុន?
មានបុគ្គលិកជាច្រើនបានសម្រេចចិត្តលាឈប់ពីការងារ ដោយសារតែមិនអាចទ្រាំបាននឹងសម្ពាធការងារ ជាពិសេសនោះធ្វើការជាមួយនឹងថ្នាក់លើដែលមានជំនាញខាងបញ្ជា។ ក្នុងស្ថានភាពនេះ អ្នកគ្រប់គ្រងទាំងអស់ត្រូវតែមានសិល្បៈក្នុងការដឹកនាំ ដើម្បីធ្វើយ៉ាងណាឲ្យបុគ្គលិកក្រោមបង្គាប់ធ្វើការអស់ពីលទ្ធភាព និង មិនមានគំនិតចាក់ចេញ ព្រោះបើមិនដូច្នោះទេ គម្រោងដែលកំពុងដំណើរការក្នុងក្រុមហ៊ុនប្រាកដជាមិនងាយនឹងសម្រេចឡើយ បើបុគ្គលិកមានភាពរកាំរកូសក្នុងចិត្ត។
ដើម្បីជំរុញទឹកចិត្តឲ្យបុគ្គលិកធ្វើការអស់ពីសមត្ថភាព និង មិនមានគំនិតចាក់ចេញពីក្រុមហ៊ុននោះ ក្នុងនាមជាអ្នកគ្រប់គ្រង ត្រូវមានចំណុចសំខាន់ៗទាំងនេះ៖
១) ពន្យល់ច្បាស់ៗ៖ ថ្វីត្បិតតែ អ្នកគ្រប់គ្រងមានភាពមមាញឹកច្រើនលើការងារ ប៉ុន្តែក្នុងពេលប្រាប់ ឬ ណែនាំអំពីផែនការផ្សេងៗ ទៅកាន់បុគ្គលិកនោះ គឺត្រូវតែធ្វើឡើងយ៉ាងម៉ត់ចត់ និង ច្បាស់លាស់បំផុតដើម្បីធានាថា ពួកគេយល់ច្បាស់អំពីអ្វីដែលចង់ឲ្យពួកគេធ្វើ។ បុគ្គលិកខ្លះមិនហ៊ានសួរច្រើននោះទេ នៅពេលដែលពួកគេមិនយល់ ស្របពេលដែលថ្នាក់លើនិយាយ និង ពន្យល់ឲ្យតែរួចពីមាត់ទៀតនោះ ធ្វើឲ្យពួកគេមានអារម្មណ៍ថា ស្មុគស្មាញព្រោះមិនដឹងថា ត្រូវធ្វើអ្វីឲ្យប្រាកដ។ វាជាចំណុចអវិជ្ជមានមួយដែលធ្វើឲ្យបុគ្គលិក មានអារម្មណ៍ថា លែងចង់ធ្វើការព្រោះបើបន្តធ្វើក៏ធ្វើមិនបានល្អ។ ដូច្នេះហើយក្នុងនាមជាអ្នកគ្រប់គ្រងត្រូវមានសិល្បៈក្នុងការពន្យល់ឲ្យច្បាស់ៗ ដើម្បីឲ្យបុគ្គលិកក្រោមបង្គាប់ដឹងអំពីអ្វីដែលត្រូវធ្វើ។
២) សរសើរនៅពេលធ្វើល្អ និង ណែនាំត្រឹមត្រូវនៅពេលមានកំហុស៖ នៅពេលដែលបុគ្គលិកសាងស្នាដៃ អ្នកគ្រប់គ្រងគ្រប់រូបមិនគួរបង្អែបង្អង់យូរនោះទេ ពោលគឺត្រូវតែលើកទឹកចិត្តតាមរយៈកោតសរសើរ ឬ ផ្តល់ជារង្វាន់ជាដើម។ សម្រាប់បុគ្គលិកណាដែលបានសាងកំហុស អ្នកគ្រប់គ្រងមិនគួរស្តីបន្ទោសខ្លាំងនៅចំពោះមុខអ្នកដទៃនោះឡើយព្រោះការធ្វើបែបនេះមិនអាចកែប្រែអ្វីបាននោះទេ ប៉ុន្តែវាកាន់តែរុញឲ្យស្ថានភាពកាន់តែស្មុគស្មាញថែមទៀត។ ជម្រើសដ៏ល្អគឺគួរតែហៅបុគ្គលិកដែលធ្វើខុសនោះមកនិយាយគ្នាតទល់ ហើយព្យាយាមប្រាប់អំពីកំហុសដែលពួកគេបានសាង និង ប្រាប់អំពីវិធីដែលការពារកុំឲ្យដើរជាន់ផ្លូវចាស់ទៀត។
៣) ព្យាយាមបង្កើនភាពស្និទ្ធស្នាល៖ បើទោះបីជាអ្នកមានតំណែងខ្ពស់ និង ប្រាក់ខែច្រើនជាងបុគ្គលិកក្រោមបង្គាប់ក្តី ប៉ុន្តែមិនត្រូវបង្ហាញពីរនាំងវណ្ណៈខ្លាំងពេកនៅកន្លែងការងារនោះឡើយ ព្រោះវានាំឲ្យខ្វះភាពជិតស្និតជាមួយនឹងបុគ្គលិក។ ការបង្កើនភាពជិតស្និតជាមួយបុគ្គលិក គឺពិតជាសំខាន់ខ្លាំងណាស់ព្រោះការធ្វើបែបនេះអាចជួយឲ្យពួកគេយល់ឃើញថា អ្នកគឺជាថ្នាក់ដឹកនាំល្អ មិនប្រកាន់ខ្លួន និង ចេះរួមសុខទុក្ខជាមួយពួកគេ ដូច្នេះហើយបុគ្គលិកទាំងនោះនឹងមានអារម្មណ៍កក់ក្តៅ ហើយក៏ព្យាយាមធ្វើការអស់ពីសមត្ថភាពផងដែរ។
៤) ស្តាប់យោបល់បុគ្គលិក៖ ជាទូទៅមនុស្សម្នាក់ៗតែងតែមានគំនិតផ្សេងៗពីគ្នា។ បុគ្គលិកតូចតាច មិនមែនមានន័យថា គំនិតរបស់ពួកគេអន់នោះទេ គ្រាន់តែពេលខ្លះពួកគេមិនទាន់មានឱកាសដើម្បីបញ្ចេញតែប៉ុណ្ណោះ។ ដូច្នេះហើយ អ្នកគ្រប់គ្រងគួរតែព្យាយាមស្តាប់គំនិតថ្មីៗរបស់បុគ្គលិកទាំងនោះ ថាតើមានប្រយោជន៍សម្រាប់ក្រុមហ៊ុនឬទេ។ ការស្តាប់គំនិតនិង យោបល់របស់បុគ្គលិកនេះនឹងធ្វើឲ្យពួកគេ មានអារម្មណ៍ថា មានតម្លៃខ្លាំងក្នុងការចូលរួមធ្វើកិច្ចការផ្សេងៗក្នុងក្រុមហ៊ុន៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.inc.com & www.reliableplant.com