ទម្លាប់ល្អៗ ៤យ៉ាងដែលអ្នកត្រូវធ្វើរៀងរាល់ព្រឹក ដើម្បីឲ្យជីវិតរបស់អ្នកល្អប្រសើរ!
ពេលព្រឹក គឺជាវេលាដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា ព្រោះជាទូទៅបើមានបញ្ហាអ្វីមួយកើតឡើងនៅ នោះ វានឹងមានឥទ្ធិពលមិនល្អសឹងតែមួយថ្ងៃក៏មាន។ ដូច្នេះហើយសម្រាប់អ្នកដែល មានទម្លាប់ល្អនៅពេលព្រឹក ពួកគេនឹងផ្តល់ប្រយោជន៍ជាច្រើន ទាំងសុខភាពផ្លូវចិត្ត រាងកាយ និង ការងារ។ អ្នកគួរបង្កើតទម្លាប់ល្អៗទាំងនេះនៅពេលព្រឹក៖
១) ក្រោកពីព្រលឹម៖ការក្រោកពីព្រឹកព្រលឹមគឺពិតជាចាំបាច់បំផុត ព្រោះវាជួយឲ្យអ្នកអាចមានពេលគ្រប់គ្រាន់ក្នុងការរៀបចំ ការងារដែលចាំបាច់សម្រាប់ធ្វើក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកគេងយូរ វានឹងធ្វើឲ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំខ្លួន សូម្បីតែបរិភោគអាហារពេលព្រឹក។ ដូច្នេះហើយគួរបណ្ដុះទម្លាប់ ក្រោកពីគេងឲ្យបានពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីឲ្យជីវិតកាន់តែប្រសើរ។
២) ហាត់ប្រាណ៖ការធ្វើលំហាត់ប្រាណ គឺពិតជាមិនអាចខ្វះបាននោះឡើយសម្រាប់មនុស្សគ្រប់រូប ព្រោះវាជួយឲ្យមានសុខភាពល្អ និង មានអារម្មណ៍ស្រស់ស្រាយ ដែលអាចបន្តធ្វើការងារ ឬ សិក្សាបានពេញមួយថ្ងៃ។ ដូច្នេះហើយអ្នកមិនគួរខ្ជិលហាត់ប្រាណនោះឡើយ ព្រោះវាជាទម្លាប់ល្អនៅពេលព្រឹកដែលមិនអាចខ្វះបាន។
៣) បរិភោគអាហារពេលព្រឹក៖ដោយសារតែក្រោកពីដំណេកយឺត មនុស្សមួយចំនួនមិនសូវយកចិត្តទុកដាក់លើការបរិភោគអាហារនៅពេលព្រឹក។ អាហារពេលព្រឹកគឺ ពិតជាសំខាន់សម្រាប់រាងកាយ និង ខួរក្បាលព្រោះអ្នកនឹងមិនអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការងារ ឬសិក្សាបានយ៉ាងល្អនោះឡើយប្រសិនបើគ្មានអាហារនៅក្នុងពោះ។ ដូច្នេះហើយ ទោះរវល់ប៉ុណ្ណាក៏ដោយមិនគួរមើលរំលងអាហារពេលព្រឹកឡើយ ទោះតិចក្តីច្រើនក្តីគឺត្រូវតែបរិភោគជាប្រចាំ។
៤) អាន ឬ ស្តាប់ព័ត៌មាន៖ជារៀងរាល់ព្រឹក មុនពេលចាប់ផ្តើមធ្វើការ អ្នកគួរតែឆ្លៀតពេលស្តាប់ឬ អានព័ត៌មានសំខាន់ៗជាមុនសិន ដើម្បីដឹងអំពីស្ថានការណ៍ជាក់ស្តែងក្នុងសង្គម។ ការអាន និងស្តាប់ព័ត៌មាននេះនឹងជួយឲ្យអ្នកក្លាយជាមនុស្សដែលដឹងនូវរឿងរ៉ាវជាច្រើនដែលបានកើតឡើង ហើយក៏មានប្រយោជន៍ក្នុងការប្រើប្រាស់ជាប្រយោជន៍ទាំងផ្នែកសិក្សា និង ការងារ។ ដូច្នេះហើយ អ្នកមិនគួរមើលរំលងទម្លាប់ដ៏ល្អមួយនេះឡើយ៕
ដោយ៖ អ៊ុន ភក្តី ប្រភព៖ www.forbes.com, www.lifehack.org & bembu.com