ការប្រើប្រាស់បណ្ដាញសង្គមអ៊ីនធឺណិតទាំង៤របៀបដែលអាចបំផ្លាញអ្នកបាន
មនុស្សមួយចំនួននិយាយថា ការប្រើអ៊ីនធឺណិតអាចផ្ដល់ផលអាក្រក់ច្រើននិងប្រយោជន៍ក៏ច្រើនដូចគ្នា តែអ្នកគួរតែដឹងដែរថាតើបញ្ហាដែលកើតមានឡើងនោះថាបណ្ដាលមកពីមូលហេតុអ្វី? ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលផ្ដល់ផលអវិជ្ជមានដល់ជីវិតរបស់អ្នក៖
១) ចែករំលែកព័ត៌មានច្រើនពេក៖ ការចែករំលែកព័ត៌មានគឺជារឿងល្អ តែនៅពេលដែលអ្នកចែករំលែកច្រើនពេក អ្នកតែងតែនិយាយពីគំនិតខ្លួនជាជាងការនៅខាងកណ្ដាល ម៉្យាងទៀតវាក៏ធ្វើឲ្យអ្នកដទៃធុញ មិនតែប៉ុណ្ណោះទេ ពេលខ្លះវាអាចឲ្យមានបញ្ហានៅពេលដែលជួបអ្នកដែលមានគំនិតផ្ទុយពីអ្នកថែមទៀតផង។
២) ជក់លេង Facebook៖ មនុស្សជាច្រើនជក់លេង Facebook ដោយមិនដឹងខ្លួន ឬពេលខ្លះដឹងដែរតែពិបាកក្នុងការបញ្ឈប់ឬកាត់បន្ថយ ហើយការញៀននេះក៏ជាមូលហេតុចម្បងមួយដែលធ្វើឲ្យពូកគេពន្យារពេលធ្វើការងាររបស់ពួកគេ។
៣) គ្មានភាពឯកជន៖ ប្រសិនបើអ្នកមិនសូវប្រើប្រាស់វាទេ វាមិនសូវជាមានបញ្ហាអីធំដុំនោះទេ តែប្រសិនបើអ្នកចូលចិត្តបង្ហោះរូបនានា វានឹងធ្វើឲ្យនរណាៗក៏អាចស្គាល់ពីប្រវត្តិរូបរបស់អ្នកបានដែរ ដែលពេលខ្លះវាក៏គឺជារឿងមួយដែលយើងគួរតែមានការប្រុងប្រយ័ត្នផងដែរ។
៤) ធ្វើឲ្យសម្ពន្ធភាពមានភាពទន់ខ្សោយ៖ បើអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើន បានន័យថាជាទូទៅគឺអ្នកតែងតែកាន់ទូរស័ព្ទជាប់រហូត ហើយនៅពេលដែលអ្នកនៅជាមួយដៃគូឬមិត្តភ័ក្ដិរបស់អ្នក វាក៏អាចជាបញ្ហាផងដែរ ដោយសារតែអ្នកចាប់អារម្មណ៍តែលើទូរស័ព្ទរបស់អ្នកមិនផ្ដោតទៅលើកិច្ចសន្ទនា៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org